ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​វ័យ​ចំណាស់​ម្នាក់​ស្រវឹងស្រា​បាន​បើករថយន្ត ហាយ​ឡែ​ន​ឌ័​រ យ៉ាង​លឿន​ទៅបុក​បង្កាន់ដៃស្ពាន​អាកាស​ផ្សារ​ដី​ហុយ រង​ការខូចខាត​យ៉ាងដំណំ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែមីនា ឆ្នាំ​២០២០ ត្រង់ចំណុច​មុខ​ហាង​លក់​រថយន្ត BMW ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។​

​អ្នកបើករថយន្ត​បង្ក មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ ដោយ​ជិះ​រថយន្ត​ម៉ាក ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ផ្លាក​លេខ​ភ្នំពេញ 2AS 5509 បើកបរ​តែម្នាក់ឯង​។​

​តាម​សម្តី​អ្នកបើករថយន្ត​បង្ក​បាន​ប្រាប់​ឲ្យ​ដឹងថា ដំបូង​ឡើយ​រូបគាត់​ចេញពី​កម្មវិធី​គេ​នៅ​កោះ​ពេជ្រ ក្នុង​គោលបំណង​ទៅផ្ទះ​នៅ​ខណ្ឌ​សែន​សុខ ដោយ​ជិះ​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ទិសដៅ​ពី​កើត ទៅ​លិច តែ​ដោយ​ភាពស្រវឹង​ស្រា​ផង​នោះ ក៏​បើករថយន្ត​ហួស​ផ្លូវ ហើយក៏​បត់​មកវិញ ខណ​: មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន​អាកាស​ផ្សារ​ដី​ហុយ រង​ការខូចខាត​បង្កាន់ដៃស្ពាន និង​រថយន្ត​ហូរ​ប្រេងម៉ាស៊ីន​ពេញ​ផ្លូវ តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​ន​រណា​ម្នាក់​រងរបួស​នោះទេ​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ចុះមក​វាស់វែង ស្ទូច​យក​រថយន្ត​បង្កព្រមទាំង​អ្នកបើកបរ​ទៅ​រក្សាទុករង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ ល​/Ha