ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​៧​ខ្នង និង​សាលារៀន​១​ខ្នង នៅ​ភូមិ​ចំនួន​២ ក្នុង​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​នោះ ត្រូវ​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​៨៩១, នគរបាល​អធិការដ្ឋាន​នៅ​ក្រុង​ប៉ោយប៉ែត និង​កងទ័ព​កងពល​តូច​ថ្មើរជើង​លេខ​៥១ ជួយ​ជួសជុល​ឡើងវិញ ។​

​គ្រោះធម្មជាតិ​ភ្លៀង​កក់ខែ​លាយឡំ​ខ្យល់​កន្ត្រាក់​នោះ​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី ៤​ខែមីនា​ឆ្នាំ​២០២០ បង្ក​អោយ​ខូចខាត​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​រស្មី​សេរីភាព​ចំនួន​៤​ខ្នង និង​សាលារៀន​ចំនួន​១​ខ្នង របើក​ដំបូល​ស័ង្កសី​ចំនួន​៣១​សន្លឹក និង​នៅ​ភូមិ​សុខសាន្ត​ចំនួន​៣​ខ្នង របើក​ដំបូល​ខូចខាត​ស័ង្កសី​ចំនួន​៣​សន្លឹក​។​

​ឆ្លើយតប​និង​សង្គ្រោះ​គ្រោះធម្មជាតិ​នេះ នៅវេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៥​ខែមីនា ក៏​ត្រូវបាន​កម្លាំង​និង​មន្ត្រី ក្រុមការងារ​ចម្រុះ​ជាង​១០០​នាក់​ចេញទៅ​ជួយ​ជួយ​ជួសជុល​។​

​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹងថា ៖ ការអន្តរាគមន៍​ជួយ​នោះ​មាន​កម្លាំង​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក ៨៩១ ចំនួន​៥០​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការ​។ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ចំនួន​៥០​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ធិ​ន ស៊ិន​ដេ​ត អធិការ​។ កម្លាំង​វរៈ​សេនា​តូច​ថ្មើរជើង​៥១៣ នៃ​កងពល​លេខ​៥១ ចំនួន​៦៥ នាក់ ផ្តល់​ស័ង្កសី​២៦ សន្លឹក ដឹកនាំ​ដោយ​លោក វរសេនីយ៍ ប្លង់​ហឿ​ប មេបញ្ជាការ​វរៈ​ព្រមទាំង​មន្ត្រី​អាជ្ញាធរ​ក្រុង សង្កាត់ និង​ភូមិ​។ ចំណែក​លោក​គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត​បាន​ឧបត្ថម្ភ​ឈើ​និង​ស័ង្កសី​។

​ទោះយ៉ាងណា គ្រោះថ្នាក់​ខ្យល់​កន្ត្រាក់​លើកដំបូង​នា​រដូវប្រាំង​ឆ្នាំ​២០២០ នេះ​នៅ​ខេត្តបន្ទាយមានជ័យ មិន​បង្កអោយមាន​មនុស្ស​រងរបួស​ឬ​ស្លាប់​ដែរ​៕