កីឡាករ ខឺទីស ចូន (Curtis Jones) បានហៅការរិះគន់សំដៅមកលើក្រុម លីវឺភូល(Liverpool) បន្ទាប់ពីធ្វើមិនបានល្អប៉ុន្មានប្រកួតចុងក្រោយថា “ឆ្កួត”។
ខ្សែបម្រើរូបនេះបានលើកឡើង បន្ទាប់ពីក្រុមហង្សក្រហមត្រូវបានទម្លាក់ ចេញពីការប្រកួតដណ្តើមពាន FA Cup កាលពីយប់ថ្ងៃអង្គារ៍ដោយសារក្រុមឆេលស៊ី ដែលធ្វើឲ្យស្ថិតិចាញ់ ក្រុមរបស់លោក យើហ្គេន ក្លប់ (Jurgen Klopp) ឡើងដល់៤ប្រកួត។
បន្ទាប់ពីចាញ់ ២-០ នៅពហុកីឡដ្ឋាន Stamford Bridge កីឡាករវ័យ១៩ឆ្នាំរូបនេះបាននិយាយ ថា “វាគឺជារឿងឆ្កួតលីលា ក្នុងការវាយតម្លៃភ្លាមៗ បន្ទាប់ពីក្រុមទើបចាញ់១ឬ២ប្រកួត។ គ្រប់គ្នា ចាប់ផ្តើមនិយាយថា មានរឿងមិនប្រក្រតីឬថា កីឡាករលេងមិនបានល្អ”។
ចូន បានបន្តថា “ខ្ញុំនិយាយថា ក្រុមល្អទាំងអស់គេចមិនផុតពីការភ្លាត់ ស្នៀតទេ។ ខ្ញុំគ្មានការសង្ស័យទេថា កីឡាករនឹងស្តាទម្រង់លេងឡើងវិញហើយនឹងធ្វើបានល្អក្នុង២ឬ៣ប្រកួតបន្ទាប់”។
ក្រុម Liverpool ធ្វើបានល្អខ្លាំងមែនទែននៅរដូវកាលនេះ ហើយរក្សាស្ថិតិមិនដែលចាញ់បាន យូរ ទើបតែនៅចុងសប្តាហ៍មុន នៅពេលក្រុម Watford យកឈ្នះពួកគេ ៣-០ ។
មុននេះ ក្រុម Liverpool ចាញ់ក្រុម Atletico Madrid ១-០ នៅក្របខណ្ឌឆេម ពានលីកនៅប្រទេសអេស្ប៉ាញ ហើយបន្តចាញ់ក្រុមឆេលស៊ីនៅក្របខណ្ឌ FA Cup ទៀត៕ ប្រែសម្រួល: ពិសិដ្ឋ