ភ្នំពេញៈរដ្ឋាភិបាល និងប្រជាពលរដ្ឋហ្កាណា ប្រារព្ធទិវាឯករាជ្យជាតិរបស់ខ្លួន នៅថ្ងៃទី៦ ខែមីនាដើម្បីរំឭកដល់ថ្ងៃដែលពួកគេ ប្រកាសបង្កើតរដ្ឋហ្កាណា កាលពីឆ្នាំ១៩៥៧ ហើយ ហ្កាណា បានក្លាយជារដ្ឋអាហ្វ្រិកទី១ ដែលបានប្រកាសឯករាជ្យភាព ពីអាណានិគមអឺរ៉ុប ក៏ជានិមិត្តរូបដល់ឯករាជ្យភាពនៃជនស្បែកខ្មៅនៅអាហ្វ្រិក និងនៅសហរដ្ឋអាមេរិកហើយ ហ្កាណា សម្បូរទៅដោយភោគសម្បត្តិធម្មជាតិ ដូចជា រ៉ែមាស ត្បូងពេជ្រ រ៉ែប្រេងកាត ដីសម្បូរជីជាតិ សត្វព្រៃសម្បូរបែប ស្ទឹង ទន្លេ ខ្វាត់ខ្វែង ។
ភូមិសាស្ត្រ-ប្រជាសាស្ត្រ
សាធារណរដ្ឋហ្កាណា មានផ្ទៃដី ២៣៨.៥៣៥ គីឡូម៉ែត្រក្រឡាស្ថិតនៅតាមបណ្តោយឈូង សមុទ្ទហ្គីណេ និងមហាសាគរ អាត្លង់ទិក នៅក្នុងអនុតំបន់អាហ្រិកខាងលិចមានព្រំដែនជាប់ ជាមួយប្រទេសគូដឺវ័រ, ប៊ួរគីណា ហ្វាសូ (Burkina Faso), តូហ្គោ និងឈូងសមុទ្ទហ្គីណេ។ ដើមឆ្នាំ២០២០ មានប្រជាពលរដ្ឋ ជាង ៣០ លាននាក់ ភាគច្រើន ជាអ្នកកាន់សាសនាគ្រិស្ត និងសាសនាអ៊ិស្លាម ជាប្រជាជនចម្រុះជាតិសាសន៍ និងចម្រុះពណ៌សម្បុរ គឺមានស្បែកខ្មៅ ស្បែកស និងស្បែកលឿង ប៉ុន្តែភាគច្រើនបំផុត ជាជនស្បែកខ្មៅ ភាសាផ្លូវការ គឺភាសា អង់គ្លេស ដែលបន្សល់ពីអាណានិគម រដ្ឋធានីគឺទីក្រុងអាក្រា ហើយនៅហ្កាណា មានរដូវ សំខាន់ៗពីរ គឺរដូវវស្សា និងរដូវប្រាំង ដូចជានៅប្រទេសកម្ពុជា ដែរ។
សាវតារ
ពាក្យថា ហ្កាណា មានដើមកំណើត មកពីភាសាម៉ាន់ដេ ដែលមានន័យថា “ ស្តេចចម្បាំង “ ។ ដោយសារប្រទេសនេះ មានព្រំដែនជាប់នឹងឈូងសមុទ្ទហ្គីណេ ទើបពួកអ្នកសិក្សាខ្លះ សន្និដ្ឋានថា ពាក្យថា ហ្កាណា ក៏ប្រហែលជាសំដៅដល់ពាក្យថា ហ្គីណេដែលជាឈ្មោះ សមុទ្ទដែរ។
ហ្កាណា គឺជារដ្ឋដែលមានការអភិវឌ្ឍបំផុតមួយ នៅអាហ្វ្រិក ដែលមានអភិបាលកិច្ច ស្ថេរភាព សន្តិភាព និងការអភិវឌ្ឍធនធានមនុស្ស តាមស្តង់ដាតំបន់ ។ សេដ្ឋកិច្ចរបស់ហ្កាណាធំលំ ដាប់លេខ៦ នៅក្នុងទ្វីបអាហ្វ្រិក ហើយត្រូវបានចាត់ជាប្រទេសដែលមានការអភិវឌ្ឍលឿន បំផុតមួយក្នុងលោក ។
ហ្កាណា គឺជាប្រទេសផលិតប្រេងឆៅ និងឩស្ម័នធម្មជាតិដ៏សំខាន់មួយដោយឋានៈជាប្រទេស ធំជាងគេលំដាប់ទី៥ ក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងផ្គត់ផ្គង់ឩស្ម័នធម្មជាតិធំជាងគេលំដាប់ទី៦ នៃទ្វីបអាហ្វ្រិក ។ ហ្កាណា គឺជាប្រទេសផលិតមាស និង ពេជ្រ ធំជាងគេបំផុតមួយ របស់ពិភពលោក ។
ការលូតលាស់រុងរឿង ផ្នែកសេដ្ឋកិច្ច និងប្រព័ន្ធនយោបាយ បែបប្រជាធិបតេតយ្យ បានធ្វើឱ្យ ហ្កាណា ក្លាយជាប្រទេសមានអំណាចមួយ នៅក្នុងតំបន់អាហ្វ្រិកខាងលិច និងក្នុងទ្វីប អាហ្វ្រិកផង ។ ហ្កាណា គឺជាសមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធជាសមាជិកនៃសហគមន៍ សេដ្ឋកិច្ច រដ្ឋអាហ្វ្រិកខាងលិច (ECOWAS) និងជាសមាជិកនៃក្រុមប្រទេស G ២៤ ផងដែរ ។
ប្រវត្តិសាស្ត្រ
ហ្កាណា ត្រូវបានរកឃើញ នៅក្នុងមជ្ឈិមសម័យ និងសម័យនៃការរុករក ដោយអាណាចក្រ អាកាន់ ស្ថិតនៅភាគខាងត្បូង និងភាគកណ្តាល ដែលក្នុងនោះរួមទាំង ចក្រភពអាហ្សានទិ អាក្វាមូ បូណូម៉ាន ដែនគីអ៊ីរ៉ា និងអាណាចក្រ ម៉ានកេស្ស៊ីម ផង។
ទឹកដីនៅតំបន់ប្រទេសហ្កាណា នាពេលបច្ចុប្បន្ននេះ រហូតដល់សតវត្សរ៍ទី១១ ពុំមានមនុស្ស រស់នៅឡើយ ដោយគ្រាន់តែធ្លាប់មានចលនារបស់ប្រជាពលរដ្ឋដែលក្នុងនោះប្រជាជាតិ អាកាន ធ្លាប់បានរស់នៅទីនោះ ក្នុងសត្តវត្សរ៍ទី៥ មុនគ្រិស្តសករាជ ។ នៅសតវត្សរ៍ទី១១ ប្រជាជនអាកាន ត្រូវបានលុបបំបាត់ចេញពីរដ្ឋអាកាន ដោយសារការផ្លាស់អ្នកដឹកនាំ ។
ចាប់ពីសតវត្សរ៍ទី១៣ មក ប្រជាជនអាកាន បានលេចឡើងសាជាថ្មី និងបានបង្កើតរដ្ឋអាកាន ជាច្រើន ដោយផ្អែកលើជំនួញមាសជាចម្បង ។ ប្រជាជនអាកាន អាហ្សានទិ បានបង្កើត ជំនួញសេដ្ឋកិច្ចជឿនលឿន ដោយបានផ្អែកលើជំនួញមាស បន្ទាប់មកបានធ្វើជំនួញ ជាមួយអាហ្វ្រិកផ្សេងៗ ។
ទំនាក់ទំនងជាមួយពួកអឺរ៉ុប
ជនជាតិព័រទុយហ្កាល់ បានធ្វើដំណើរទៅកាន់តំបន់រដ្ឋអាកាន នាសតវត្សរ៍ទី១៥ ដើម្បីធ្វើជំនួញ ហើយបានបង្កើតឆ្នេរមាសព័រទុយហ្កាល់ សំដៅដល់តម្លៃដ៏ធំធេងនៃមាស ។ ជនជាតិព័រទុយ ហ្កាល់ ជាដំបូងបានទៅចតនៅទីក្រុងខាងត្បូង ហើយបានឱ្យឈ្មោះទីនោះថា Elmina ថាជាទីក្រុងឆ្នេរមាសរបស់ជនជាតិព័រទុយហ្កាល់ ។ ជំនួញរបស់ប្រជាជនអាកានជាមួយ រដ្ឋអឺរ៉ុប បានចាប់ផ្តើម ។ ជនជាតិព័រទុយហ្កាល់ បានចាប់ចិត្តយ៉ាងខ្លាំងនឹងធនធានរ៉ែមាស នៅក្នុងតំបន់មួយ ហើយបានដាក់ឈ្មោះ ទីនោះថា ឆ្នេរមាស ។
នៅឆ្នាំ១៤៨១ ស្តេចចនទី២ របស់ព័រទុយហ្កាល់ បានបញ្ជូនបេសកជនឱ្យទៅសាងសង់បន្ទាយ ឈ្មោះ Elmina Castle ដែលបានសាងសង់រួច ក្នុងរយៈពេល បី ឆ្នាំ ។
លុះដល់ឆ្នាំ១៥៩៨ ជនជាតិហុល្លង់ បានទៅចួលរួមជាមួយជនជាតិព័រទុយហ្កាល់ ក្នុងពាណិជ្ជកម្មមាសនោះ ហើយក៏បានបង្កើតឆ្នេរមាសហុល្លង់ ។ នៅឆ្នាំ១៦១៧ ពួកហុល្លង់ បានដណ្តើមយកឆ្នេរ អូលនីនិពីពួកព័រទុយហ្កាល់ ហើយដណ្តើមយកទីក្រុងឆ្នេរ Axim ពីពួកព័រទុយហ្កាល់ ទៀត នៅឆ្នាំ ១៦៤២ ។
ឈ្មួញអឺរ៉ុបផ្សេងៗទៀត ក៏បានចូលរួមធ្វើពាណិជ្ជកម្មមាសនេះដែរនៅពាក់កណ្តាលសតវត្សរ៍ ទី១៧ ហើយក្នុងនោះ មានជនជាតិស៊ុយអែត បង្កើតឆ្នេរមាសស៊ុយអែត និងជនជាតិដាណឺម៉ាក បង្កើតឆ្នេរមាស ដាណឺម៉ាក ជាដើម។ បន្ទាយ និងប៉ម ជាង ៣០ ត្រូវបានសាងសង់ឡើង ដោយឈ្មួញជានជាតិ ព័រទុយហ្កាល់ ស៊ុយអែត ដាណឺម៉ាក ហុល្លង់ និង អាល្លឺម៉ង់ ។ លុះក្រោយមក ជនជាតិអាល្លឺម៉ង់ ក៏បានបង្កើតឆ្នេរមាស អាល្លឺម៉ង់ ដែរ។
វត្តមានអង់គ្លេស-បង្កើតរដ្ឋ ហ្កាណា
នៅឆ្នាំ១៨៧៤ មហាចក្រភពអង់គ្លេស ក៏បានទៅដល់តំបន់ឆ្នេរមាសហើយដោយសារ តែផលប្រយោជន៍ពាណិជ្ជកម្ម អង់គ្លេស បានបង្កើតការត្រួតត្រា នៅផ្នែកនានា នៃទឹកដីភាគខាងត្បូង គឺរដ្ឋអាកាន ( ដោយរួមទាំងអាណាចក្រអាហ្សានទិផង) ដោយចាត់ទុកតំបន់ទាំងនេះថា ជាភាពឩត្តមនៃឆ្នេរមាសអង់គ្លេស។ រដ្ឋអាកាន ដែលជារដ្ឋដ៏មានឥទ្ធិពលបំផុតមួយបានក្លាយ ជារដ្ឋមុនដំបូងគេបំផុត នៅអាហ្វ្រិក ដែលស្ថិតក្រោមអាណានិគមអង់គ្លេស។ សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ រដ្ឋ ឬប្រទេសមួយ ដែលមានឈ្មោះ ហ្កាណា គឺប្រទេសហ្កាណា បច្ចុប្បន្ននេះ មិនទាន់ត្រូវបានបង្កើតនៅឡើយ ។
ចលនាកម្លាំងយោធាជាច្រើន បានកើតឡើង រវាងអាណានិគមអង់គ្លេស និងរដ្ឋអាកាននានា និង អាហ្សានទិ ដែលបានយកជ័យជម្នះ លើអង់គ្លេសជាច្រើនដងនៅក្នុងសង្គ្រាមប្រឆាំង ចក្រភពអង់គ្លេស ដែលមានរយៈពេល ១០០ ឆ្នាំ ។ ប៉ុន្តែទីបំផុត ពួកគេបានចាញ់សង្គ្រាម ដែលមានឈ្មោះថា “ សង្គ្រាមកៅអីមាស “ នៅក្នុងទសវត្សរ៍១៩០០។
នៅឆ្នាំ១៩៤៧ សន្និបាតឆ្នេរមាសរួបរួម (United Gold Coast Convention=UGCC)ដែលទើប ត្រូវបានបង្កើតថ្មីៗ បានអំពាវនាវឱ្យមានរដ្ឋាភិបាលស្វយ័តមួយ បន្ទាប់ពីការបោះឆ្នោត នីតិបញ្ញត្តិឆ្នេរមាសនៅឆ្នាំ១៩៤៦ មក ។ ពេលនោះ លោកបណ្ឌិត Kwame Nkrumah គឺជានាយករដ្ឋមន្ត្រី លើកដំបូង និងជាប្រធានាធិបតី នៃរដ្ឋាភិបាលស្វយ័តនោះ ហើយបាន បង្កើតគណបក្សសន្និបាតប្រជាជន (Convention People’s Party =CPP) ។
នាយករដ្ឋមន្ត្រី និងប្រធានាធិបតី រដ្ឋាភិបាលស្វយ័ត លោក Osagyefo Kwame Nkrumah បានឈ្នះឆ្នោតភាគច្រើន នៅក្នុងការបោះឆ្នោតនីតិបញ្ញត្តិ ឆ្នេរមាស ឆ្នាំ១៩៥១ សម្រាប់ សភានីតិបញ្ញត្តិឆ្នេរមាស ឆ្នាំ ១៩៥២ លោក Nkrumah ត្រូវបានតែងតាំង ជាមេដឹកនាំ រដ្ឋាភិបាលពាណិជ្ជកម្មឆ្នេរមាស។
ប្រមាណជាជា ៣ ខែ បន្ទាប់ពីបានឈ្នះឆ្នោតមក ពោលគឺនៅថ្ងៃទី៦ ខែមីនា ឆ្នាំ១៩៥៧ វេលាម៉ោង ១២ ថ្ងៃត្រង់ លោក Kwame Nkrumah បានប្រកាសរដ្ឋស្វយ័តហ្កាណា ជារដ្ឋឯករាជ្យ ពីចក្រភពអង់គ្លេស ហើយរដ្ឋហ្កាណា ក៏បានចាប់ផ្តើមមានវត្តមានប្រាកដក្នុង លោក ចាប់ពីពេលនោះ រហូតមកដល់សព្វថ្ងៃ ។
ប្រមាណជា ២ ឆ្នាំ ក្រោយមក ពោលគឺនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៦០បន្ទាប់ពីការបោះឆ្នោត ប្រជាមតិ និងការបោះឆ្នោតប្រធានាធិបតីមក លោក Nkrumah បានប្រកាសថា ហ្កាណា គឺជាសាធារណរដ្ឋ ហើយគាត់ គឺជាប្រធានាធិបតីដំបូងរបស់ហ្កាណា ហើយរូបសំណាក របស់លោក Nkrumah ត្រូវបានស្ថាបនាឡើងជាតំណាងឯករាជ្យភាពជាតិ។
ប្រការនេះ បានញ៉ាំងឱ្យប្រទេសហ្កាណា បានក្លាយជានិមិត្តរូប នៃភាពជោគជ័យរបស់ ជនស្បែកខ្មៅ និងជាការជំរុញទឹកចិត្ត ឱ្យមានចលនាឯករាជ្យភាពនៃរដ្ឋនានា នៅអាហ្វ្រិក ។ មិនតែប៉ុណ្ណោះ ជោគជ័យនៃការទទួលបានឯករាជ្យភាព របស់ហ្កាណា ក៏ថែមទាំងបាន ជះឥទ្ធិពល យ៉ាងសំខាន់ដល់ ចលនាជនស្បែកខ្មៅ នៅសហរដ្ឋអាមេរិកផងទៀត។
ទោះយ៉ាងណា រដ្ឋាភិបាលអាហ្វ្រិកមួយនេះ បានជួបប្រទះនូវភាពប្រទាំងប្រទើសរហូត ដល់មានការធ្វើរដ្ឋប្រហារ ផ្លាស់ប្តូររបបមួយចំនួន ទម្រាំបានសាន្តត្រាណ ដូចសព្វថ្ងៃ បន្ទាប់ពីលោក John Dramani Mahama ជាអគ្គមេបញ្ជាការជាន់ខ្ពស់ ត្រូវបានលើកជា ប្រធានាធិបតី នៃសាធារណរដ្ឋទី៤ និងជាប្រធានាធិបតី ទី១២ នៃប្រទេសហ្កាណា ហើយបានជ្រោងមុខមាត់ ហ្កាណា ថាជារដ្ឋប្រជាធិបតេយ្យ ។
តាំងពីបានឯករាជ្យ ពីអាណានិគមអង់គ្លេសមក ប្រទេសហ្កាណា បានប្តេជ្ញាធ្វើជាប្រទេស មិនចូលបក្សសម្ព័ន្ធ ថែមទាំងបានបង្កើតចលនាមិនចូលបក្សសម្ព័ន្ធទៀតផង ។
ហ្កាណា សកម្មក្នុងការសហការនយោបាយ និងសេដ្ឋកិច្ចក្នុងកម្រិតតំបន់ និងអន្តរជាតិ ដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ។ ហ្កាណា ក៏ជាសមាជិកសកម្ម នៃសហភាព អាហ្វ្រិក (AU) និងជាសមាជិកសកម្ម នៃអង្គការសហប្រជាជាតិ (UN) ហើយពិភពលោក ពិតជាមិនភ្លេចទេ នូវជនជាតិហ្កាណាម្នាក់ គឺលោក កូហ្វ៊ី អាណាន់ (Kofi Annan) ដែលបាន កាន់តំណែងដ៏កំពូល គឺអគ្គលេខាធិការ អង្គការសហ ប្រជាជាតិ ចាប់ពីខែមករា ឆ្នាំ១៩៩៧ ដល់ខែធ្នូ ឆ្នាំ២០០៦ ៕ ស្រាវជ្រាវប្រែសម្រួលៈ មេសា



