មហាចិនដីគោក កាលពីថ្ងៃសុក្រទី០៦មីនាបានរាយការណ៍ការឆ្លងកូរ៉ូណាវីរុសថ្មីចំនួនតែ១៤៣ករណី និងស្លាប់តែ៣០នាក់បន្ថែមប៉ុណ្ណោះសម្រាប់ថ្ងៃព្រហស្បតិ៍។
តួលេខានេះនាំឲ្យនៅចិនតាំងពីចុងឆ្នាំមុនមក មានអ្នកឆ្លងសរុប៨០.៥៥២នាក់និង៣.០៤២នាក់ស្លាប់គិតត្រឹមចុងថ្ងៃ០៥មីនា។

អ្នកដំណើរចិនពាក់ម៉ាស់មុខធ្វើដំណើរនៅក្នុងផ្លូវក្រោមដីនៅក្រុង ឆាងសា ខេត្តហ៊ូណានកាលពីថ្ងៃ០៥មីនា
នៅក្នុងខេត្តហ្កានស៊ូភាគពាយព្យរបស់ចិន មានសេចក្តីរាយការណ៍អំពីការរកឃើញអ្នកឆ្លងកូរ៉ូណាវីរុសថ្មីហៅCovid-19ចំនួន១១ករណី តែពួកគេសុទ្ធតែអ្នកដំណើរមកពីអ៊ីរ៉ង់ ហើយក្រុងប៉េកាំងមានការឆ្លងថ្មី៤ករណីកាលពីថ្ងៃ៥មីនា ដោយពួកគេទាំងអស់មកពីអ៊ីតាលី។ឥឡូវ អ្នកដំណើរមកពីអ៊ីរ៉ង់សរុប៣១១នាក់ត្រូវចិនដាក់នៅដាច់ពីគេនៅក្នុងក្រុងឡានចូវ។
ក្នុងពេលជាមួយគ្នា ក្រុងវូហាន ដែលជាស្នូលនៃការផ្ទុះជំងឺឆ្លងនេះនៅចិន ទំនងជានឹងលែងមានអ្នកឆ្លងថ្មី នៅយ៉ាងយូរត្រឹមចុងខែមីនានេះ នេះបើតាមការអះអាងរបស់ជំនាញការចិនខាងប្រយុទ្ធប្រឆាំងជំងឺCovid-19។
លោកចាង បូលី បាននិយាយប្រាប់កាសែតPeople’s Dailyថា ស្ទើរគ្រប់តំបន់នៅក្រៅខេត្តហ៊ូប៉ី ដែលមានវូហានជាទីរួមខេត្ត ជិតបញ្ឈប់បានការឆ្លងវីរុសនេះត្រឹមចុងខែមុននេះ ហើយបណ្តាទីក្រុងក្នុងខេត្តហ៊ូប៉ីក្រៅពីវូហាន នឹងសម្រេចគោលដៅបង្ក្រាបទប់ស្កាត់រីរុសCovid-19នៅត្រឹមពាក់កណ្តាលខែមីនា។
សូមបញ្ជាក់ថា ចិនបានដាក់ចេញវិធានការបង្ក្រាបនិងទប់ស្កាត់កូរ៉ូណាវីរុសគួរឲ្យសរសើរ ដោយបានដាក់ការរឹតត្បិតជាទូទៅ រួមមានការផ្អាកគមនាគមន៍ការបិទទីក្រុង និងពន្យារពេលឈប់សម្រាកនៅទូទាំងប្រទេស៕ប្រែសម្រួល៖វាសនា/Ha
ប្រជាជនក្រុងវូហាន ដើរក្នុងសង្កាត់មួយដែលនៅរឹតត្បិតការធ្វើដំណើរនៅឡើយ