ដោយ​: សាវ​រក្ស / ភ្នំពេញ​: បុរស​ម្នាក់​បើករថយន្ត​ឡិច​ស៊ី​ស RX400h ងោក​មួយភាំង​បាន​រេ​ចង្កូត​ទៅខាង​ស្ដាំ​ដៃ បុក​រះ​របង​របស់​អគ្គិសនី​កម្ពុជា បណ្ដាល​ឲ្យ​បាក់​រាយប៉ាយ​ពេញ​ផ្លូវ រីឯ​រថយន្ត​បង្ក​ដាច់​កាឡេ​កង់​ខាងមុខ ផ្ទុះ​ពោង​ ទៅមុខ​លែងរួច រង​ការខូចខាត​យ៉ាងដំណំ​។ ហេតុការណ៍​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​សុក្រ ទី​៦ ខែមីនា ឆ្នាំ​២០២០ នៅតាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

​រថយន្ត​បង្ក​ម៉ាក ឡិច​ស៊ី​ស RX400h ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2BF.1772​។​

​តាម​ប្រភព​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់ និង​អ្នករួមដំណើរ​ម្នាក់ទៀត បាន​បើករថយន្ត​ម៉ាក ឡិច​ស៊ី​ស RX400h ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុងទិសដៅ​ពី​ត្បូង​ជើង​ក្នុង​ល្បឿន​លឿន ខ​ណះ​មកដល់​ចំណុចកើតហេតុ ខាងលើ​ក៏​ងោក​មួយភាំង​បាន​រេ​ចង្កូត​ទៅខាង​ស្ដាំ​ដៃ បុក​រះ​របង​របស់​អគ្គិសនី​កម្ពុជា បណ្ដាល​ឲ្យ​បាក់​រាយប៉ាយ​ពេញ​ផ្លូវ ចំណែក​រថយន្ត​ដាច់​កាឡេ​កង់​មុខ ផ្ទុះ​ពោង ​ទៅមុខ​លែងរួច រង​ការខូចខាត​យ៉ាងដំណំ​។ តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​ន​រណាម្នាក់​រងរបួស​នោះទេ​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​មក​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ ល​/Ha