ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ សម្រាប់លើសង្វៀន Boostrong Fighter on Fire របស់អាស៊ីអាគ្នេយ៍ នាព្រឹកថ្ងៃទី៨ មីនា ខាងមុខនេះ អ្នកប្រដាល់ មកពីតំបន់ភ្នំដងរែក ឡុង ឡា ក្លិបអប់រំកាយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ប្រកួតជាមួយ អ្នកប្រដាល់ថៃ ផេត ឆា (Phat Cha) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦៣,៥០ គីឡូក្រាម។
ឡុង ឡា ទោះបីនៅលើសង្វៀននានា នៅភ្នំពេញ ការប្រកួតរបស់គេ មិនសូវបានទទួលជ័យជំនះ ក៏ពិតមែន តែគេជាអ្នកលេងជាយដែនដ៍ជោកជាំ មួយរូបដែរ ហើយគេក៏ជាអ្នកប្រយុទ្ធ ក្បាច់គុនចម្រុះ (Mixed Martial Art) មួយរូបដែរ ដែលជាញឹកញាប់ គេតែងតែចេញទៅប្រកួត នៅក្រៅប្រទេស ។

គេជាអ្នកប្រដាល់ចិត្តធំ តែស្នៀតវ៉ៃរបស់គេ មិនសូវជាអស្ចារ្យនោះទេ ។ អ្នកប្រដាល់កម្ពុជារូបនេះ ចូលចិត្តប្រើកែង និង ជង្គង់ ចំពោះកណ្ដាប់ដៃរបស់គេ មិនសូវជាល្អប៉ុន្មានឡើយ ។ ចំពោះ ផេត ឆា នេះជាលើកដំបូងហើយ ដែលគេឆ្លងដែន មកប្រកួតនៅស្រុកខ្មែរ មិនដឹងថា គេជាអ្នកប្រដាល់ជើងខ្លាំង ឬ ក៏ជើងខ្សោយនោះទេ ។
ឡុង ឡា មានប្រវត្តិប្រកួត ចំនួន៦៦ដង ឈ្នះ៥២ដង ចាញ់១១ដង និងស្មើពិន្ទុ៣ដង។ ចំពោះអ្នកប្រដាល់ថៃ ផេត ឆា វិញនោះ គេមានប្រវត្តិប្រកួត ចំនួន៥៥ដង ឈ្នះ៤៥ដង និងចាញ់១០ដង។ ដោយពុំធ្លាប់ប្រកួតគ្នា ពីមុនមកនោះ ជំនួបជាលើកដំបូងនេះ មិនដឹងថា នរណា មានសមត្ថភាព ដណ្ដើមជ័យជំនះឡើយ ។
ការប្រកួតរវាង អ្នកប្រដាល់រួមជាតិវិញនោះ ពុយ ក្រូច ក្លិបឃ្លាំងមឿងកីឡា ប្រកួតជាមួយ អ្នកប្រដាល់ ធន អៀងឡេង មកពីសមាគមប្រដាល់ ក្រសួងការពារជាតិ ។ នេះជាជំនួបក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម។
ពួកគេជា អ្នកប្រដាល់ជើងថ្មី ដូចគ្នា ដែលកំពុងតែអង្រួនសង្វៀនប្រដាល់ និងកំពុងតែធ្វើឱ្យអ្នកទស្សនា ចាប់អារម្មណ៍ជាខ្លាំង ។ មានអ្នកប្រដាល់ជើងចាស់ មិនតិចនាក់ទេ ដែលត្រូវអ្នកប្រដាល់ទាំង ២ រូបនេះ បំបាក់បាន ។ ចាំមើលជំនួប រវាងអ្នកប្រដាល់ វ័យក្មេងជើងថ្មី ទាំង ២ រូបនេះ នរណា ប្រជែងបានជ័យជំនះ?។

អេលីត វិចិត្រ ក្លិបប៉ែនកាក់គុនខ្មែរ ប្រកួតជាមួយ អ្នកប្រដាល់ជើងខ្លាំង ឡាញ់ ផល្លា ក្លិបអេភូថងកីឡា ដោយពួកគេ ប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម។ អេលីត វិចិត្រ ស្គាល់សង្វៀនប្រដាល់ ក្រោយ ឡាញ់ ផល្លាទេ តែការប្រកួតនេះ មិនទាន់ប្រាកដថា ផល្លា នឹងប្រជែងបាន ជ័យជំនះនោះឡើយ ។ ផល្លា វ៉ៃល្អ និងរហ័ស ក៏ពិតមែន តែរបៀបវ៉ៃរបស់វិចិត្រ ក៏មិនណយដែរ គេមានកែងរហ័ស ចិត្តធំ និងភាពអំណត់ខ្ពស់ ។ អ្នកលេងជើងថ្មី និងអ្នកលេងជើងចាស់ នរណាឈ្នះ ?។
សារឿន ទិត្យ ក្លិបជ្រៃសែនជ័យ ខេត្តកំពង់ស្ពឺ ត្រូវបានផ្គូរផ្គង ឲ្យប្រកួតជាមួយ អ្នកប្រដាល់ជើងចាស់ ឆាយ មាស ក្លិបសំរោងកោងកីឡា ខេត្តបាត់ដំបង ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ។ សារឿន ទិត្យ ស្គាល់សង្វៀនប្រដាល់ ក្រោយ ឆាយ មាសទេ តែនៅក្នុងអាជីពប្រដាល់ពួកគេ សុទ្ធតែធ្លាប់ចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ ដូចគ្នា តែគេពុំធ្លាប់ប្រជែង បានខ្សែក្រវាត់ដូចគ្នា ។ ឆាយ មាស អាចប្រកួតឈ្នះ សារឿន ទិត្យ ឬទេ ? រស្មី អើយ ក្លិបរស្មីកុមារកំព្រា ប្រកួតជាមួយ អ្នកប្រដាល់ ឡុង សុភ័ស្ស ក្លិបសាលវ័ន្ដកីឡា ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម ៕v