ដោយ​: អង្គរតូច / សៀមរាប​: អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បើក​សារមន្ទីរ​ចំនួន​បី គឺ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី និង​សារមន្ទីរ​ឡ​តានី ឱ្យ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ចូល​ទស្សនា​ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី​៩ ខែមីនា ដល់​បំណាច់​ឆ្នាំ​២០២០​។​

​ការបើក​អោយ​ភ្ញៀវ​ចូល​ទស្សនា ដោយ​ឥតគិតថ្លៃ​នូវ​សារមន្ទីរ​ទាំងបី​នេះ​គឺ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​២៥​ឆ្នាំ នៃ​ការបង្កើត​អាជ្ញាធរ​ជាតិ​អប្សរា​។

​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ការបើក​អោយ​ភ្ញៀវ​ចូល​ទស្សនា​នេះ​ទី​១ គឺ​ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ​នៅក្នុង​ខេត្តសៀមរាប​។ ទី​២ បង្កើន​ចំណេះដឹង​តាមរយៈ​ការស្វែងយល់​ពី​វប្បធម៌​ប្រវត្តិសាស្ត្រ​ខ្មែរ ឱ្យបាន​ទូលំទូលាយ ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ សាធារណជន ពិសេស​សិស្ស និស្សិត​នៅតាម​គ្រឹះស្ថាន​សិក្សាអប់រំ​នានា និង​ទី​៣ គឹ​បង្កើន​មោទនភាព​ជាតិ​អំពី​ប្រវត្តិសាស្ត្រ អតីតកាល​របស់ខ្លួន​កាន់តែខ្លាំង​ដល់​យុវជន​ជំនាន់​ក្រោយ​។

​ចំពោះ​សមុច្ច័យ​សំខាន់ៗ​ដែល​បាន​តាំង​បង្ហាញ​នៅក្នុង​សារមន្ទីរ​នីមួយៗ លោក​ឡុង កុសល បញ្ជាក់ថា នៅ​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី គឺ​បាន​សហការ​ជាមួយ​ឥណ្ឌា តាំង​បង្ហាញ​នូវ​ផលិតផល​ប្រពៃណី មាន​សម្លៀកបំពាក់​ធ្វើ​ពី​សូត្រ​នៅតាម​បណ្តា​ប្រទេស​ទាំង​៦​នៅ​ជុំវិញ​ដង​ទ​ន្ល​មេគង្គ​ដូចជា ថៃ ឡាវ ភូមា កម្ពុជា វៀតណាម និង​ឥណ្ឌា​។ រីឯ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ ជា​សារមន្ទីរ​តាំង​បង្ហាញ​នូវ​បដិមា​ដែល​កំណាយ​បាន​ពី​ប្រាសាទបន្ទាយក្តី បដិមា​នៅ​សម័យអង្គរ ពិសេស​សមុច្ច័យ​ដែល​បាន​ពី​កំណាយ​នៅ​បារាយណ៍​ខាងលិច គោក​ប៉ា​ទ្រី និង​កន្លែង​ផ្សេងៗ​ទាក់ទង​នឹង​ការរស់នៅ​របស់​មនុស្ស​សម័យបុរាណ ការ​កប់​សព សម្ភារៈប្រើប្រាស់​ផ្សេងៗ ដែល​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​។ ទី​៣ សារមន្ទីរ​ឡ​តានី ស្ថិតនៅ​ភូមិ​តានី ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី គឺជា​កន្លែង​ផលិត​កុលាលភាជន៍ ត្រូវបាន​រកឃើញ​ដោយ​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​នា​ទស្សវត្សរ៍​ឆ្នាំ​១៩៩០​។ សារមន្ទីរ​នេះ បានផ្តល់​នូវ​ព័ត៌មាន​ដ៏​សំខាន់​ពី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ខ្មែរ​បុរាណ​តាមរយៈ​ការប្រើប្រាស់​ភាជន៍ ការរស់នៅ​ប្រចាំថ្ងៃ​របស់​បុព្វបុរស និង​ដឹងថា​ពួកគាត់​បានផ្តល់​តម្លៃ​អ្វីខ្លះ​ក្នុង​ទិដ្ឋិ​ភាព​សង្គម​នាពេលនោះ​។ ទាំងនេះ​ជាការ​ណ៍​សំខាន់​ណាស់ ដើម្បីឱ្យ​សាធារណជន​បាន​សិក្សា​ស្រាវជ្រាវ បណ្តុះ​ស្មារតី​ស្រឡាញ់ និង​ចូលរួម​ថែរក្សា​សម្បត្តិ​វប្បធម៌​ជាតិ​ទាំងអស់គ្នា​។​

​ក្នុងនាម​ជា​អ្នកនាំពាក្យ លោក ឡុង កុសល ក៏បាន​អំពាវនាវ​ដល់​សាធារណជន សិស្ស និស្សិត ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ពិសេស​បណ្តា​គ្រឹះស្ថាន​សិក្សាអប់រំ​នានា សូម​អញ្ជើញ​ដឹកនាំ​សិស្សានុសិស្ស​មក​ចូលរួម​ទស្សនា​ឱ្យបាន​ច្រើន ហើយ​ការ​មក​ទស្សនា ស្វែងយល់​ផ្ទាល់ ជា​ផ្នែក​មួយ​នៃ​ការអប់រំ​ដ៏​សំខាន់ ដែល​សិស្សានុសិស្ស​អាចនឹងទទួល​បាន​ចំណេះដឹង​ថ្មី​ដែល​មិន​ធ្លាប់​ដឹង​កន្លងមក​៕