អតីតតារាបាល់ទាត់រ៉ូណាល់ឌីញ៉ូត្រូវបានប៉ូលិសប៉ារ៉ាហ្គាយឃាត់ខ្លួនពីបទចូលប្រទេសដោយកាន់លិខិតឆ្លងដែនក្លែងក្លាយ។

ប៉ូលិសបានឆ្មក់ចូលបន្ទប់សណ្ឋាគាររបស់តារាបាល់ទាត់ប្រេស៊ីលរូបនេះកាលពីយប់ថ្ងៃពុធទី៤មីនា ហើយរដ្ឋអាជ្ញានិយាយថា ពួកគេបានរកឃើញលិខិតឆ្លងដែនប៉ារ៉ាហ្គាយ ដែលត្រូវបានក្លែងបន្លំជាមួយទិន្នន័យរបស់រ៉ូណាល់ឌីញ៉ូនិងបងប្រុសរបស់គាត់។

រដ្ឋអាជ្ញាលោក ហ្វេដេរីកា ឌែលហ្វីណូ បាននិយាយថា​បងប្អូនទាំងពីរនាក់នេះបានចាកចេញពីប្រទេសប្រេស៊ីលដោយប្រើលិខិតឆ្លងដែនប្រេស៊ីល ប៉ុន្តែបានចូលប្រទេសប៉ារ៉ាហ្គាយនៅព្រឹកថ្ងៃពុធ ដោយប្រើឯកសារប៉ារ៉ាហ្គាយ។

លោកឌែលហ្វីណូនិយាយថា “ទាំងនោះគឺជាលិខិតឆ្លងដែនដើម ប៉ុន្តែមានទិន្នន័យប្រឌិត”។

លោកបានបន្ថែមថារ៉ូណាល់ឌីញ៉ូបានប្រាប់អ្នកស៊ើបអង្កេតថា មនុស្ស ដែលនាំគាត់មកទីនេះ បានប្រគល់ឯកសារទាំងនេះឱ្យគាត់។ រ៉ូណាល់ឌីញ៉ូបាននៅប៉ារ៉ាហ្គាយដើម្បីជួយយុទ្ធនាការមូលដ្ឋានមួយសម្រាប់សុខភាពកុមារ។

កីឡាកររូបនេះបានផ្តល់សក្ខីកម្មនៅចំពោះមុខអង្គភាពប្រឆាំងឧក្រិដ្ឋកម្មចាត់តាំងរបស់ប៉ារ៉ាហ្គាយកាលពីថ្ងៃព្រហស្បតិ៍។

លោកឌែលហ្វីណូនិយាយថារដ្ឋអាជ្ញាមានពេលរហូតដល់យប់ថ្ងៃព្រហស្បតិ៍ដើម្បីសម្រេចចិត្តថាតើត្រូវចោទប្រកាន់លើអ្នកទាំងពីរឬអត់៕ ដោយ៖ កញ្ញាដាលីស

រ៉ូណាល់ឌីញ៉ូត្រូវបានឃាត់ខ្លួននៅប៉ារ៉ាហ្គាយពីបទប្រើលិខិតឆ្លងដែលផ្ទុកទិន្នន័យក្លែងក្លាយ