អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក ស៊ីលវីយ៉ូ បឺលូស្កូនី ដែលល្បីខាងធ្វើពិធីជប់លៀងខ្ជះខ្ជាយនោះ បានចែកផ្លូវគ្នាជាមួយសង្សារចាស់របស់គាត់ដើម្បីណាត់ទាក់ទងជាមួយស្រីក្មេងម្នាក់ទៀត ដែលមានអាយុប្អូនគាត់ដល់ទៅ ៥៤ ឆ្នាំ។
នៅគ្រាកំពុងផ្ទុះវីរុសកូរ៉ូណាខ្លាំងក្លា ដែលបានសម្លាប់មនុស្ស១០៧នាក់នៅអ៊ីតាលីនិងធ្វើឱ្យថវិកាជាតិស្ថិតក្នុងតំបន់ក្រហមនោះ ការភ្ញាក់ផ្អើលអំពីស្នេហាចាស់ស្ទាវនេះបាននាំមកនូវការស្វាគមន៍ខ្លះដែរដល់ជនជាតិអ៊ីតាលី ដើម្បីកុំឱ្យបារម្ភពេកអំពីវីរុសកូរ៉ូណា។
គណបក្ស Forza របស់លោកបឺលូស្កូនីបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា មហាសេដ្ឋីអាយុ ៨៣ ឆ្នាំរូបនេះបានចាកចេញពីមិត្តស្រីអាយុ៣៤ឆ្នាំឈ្មោះហ្វ្រង់សេស្កា ប៉ាស្កែល ក្រោយទាក់ទងគ្នា១២ឆ្នាំ ប៉ុន្តែអ្នកទាំងពីរនៅតែជាមិត្តល្អនឹងគ្នា។
យោងតាមកាសែតប្រចាំថ្ងៃ Repubblica បានឱ្យដឹងថា នាងប៉ាស្កែល ដែលធ្លាប់និយាយថានាងសុំបឺលូស្កូនីរៀបការរាល់ថ្ងៃនោះ ហាក់មានការភ្ញាក់ផ្អើល ដោយនិយាយថា នាង “ស្រឡាំងកាំង” ចំពោះសេចក្តីថ្លែងការណ៍នេះ។
នារីសក់ទង់ដែង ដែលទាក់ភ្នែកលោកបឺលូស្កូនីដំបូងនៅពេលនាងបង្កើតក្លិបអ្នកគាំទ្រមួយសម្រាប់គាត់នោះ បាននិយាយថា “ខ្ញុំនឹងស្រឡាញ់គាត់ជារៀងរហូត។ ខ្ញុំជូនពរគាត់ឱ្យជួបតែសុភមង្គលនៅក្នុងពិភពលោក និងសង្ឃឹមថាគាត់រកបានមនុស្សដែលចេះមើលថែគាត់ដូចដែលខ្ញុំបានមើលថែគាត់”។
សមាជិកសភាម្នាក់មកពីគណបក្សរបស់លោកបឺលូស្កូនីនិយាយថាមហាសេដ្ឋីព័ត៌មានដែលធ្លាប់លែងប្រពន្ធពីរដងរូបនេះតាមដឹងបានទាត់សង្សារចាស់ចោលដើម្បីទាក់ទងសង្សារថ្មីជាតារាបង្ហាញម៉ូតអាយុ ៣០ ឆ្នាំ ឈ្មោះ ម៉ាតា ហ្វាស៊ីណា។
ប្រសិនបើជាការពិតមែននោះ នាងហ្វាស៊ីណាបានឆក់យកបេះដូងបុរសម្នាក់ ដែលមានរហស្សនាម “មនុស្សអមតៈ” ក្រោយគ្របដណ្តប់លើនយោបាយអ៊ីតាលីជាង ២ ទសវត្សរ៍ ត្បិតមានរឿងអាស្រូវផ្លូវភេទ អំពើពុករលួយជាប្រព័ន្ធ និង បញ្ហាច្បាប់ច្រើនរាប់មិនអស់៕ ដោយ៖ កញ្ញាដាលីស