ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ ទីតាំងបុរាណដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រភ្នំដា ស្ថិតក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ត្រូវបានក្រសួងទេសចរណ៍ជ្រើសរើសដើម្បីប្រារព្ធពិធីអបអរសាទរ ខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ ” មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ”។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រីញុឹក សុីមថោង ខុន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងទេសចរណ៍ និងលោកលោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការ និងជាប្រធានសមាគមនារីក្រសួងទេសចរណ៍ព្រមទាំងមានការចូលរួមពីមន្ត្រីនារីរបស់ក្រសួងទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អាជ្ញាធរ កងកម្លាំង តាជី យាយជី សរុបជាង៣០០នាក់។
ថ្លែងក្នុងពិធីសំណេះសំណាល លោកស្រីរដ្ឋលេខាធិការ ហ៊ុន ដានី បានលើកឡើងថា មូហេតុដែលក្រសួងបានជ្រើសរើសទីរមណីយ
ដ្ឋាននេះដើម្បីប្រារព្ធពិធី៖
ទី១- គឺដើម្បី “អរគុណដល់សន្តិភាព” និងរំលេចពីតម្លៃនៃសន្តិភាព ដែលបានប្រែក្លាយប្រទេសកម្ពុជាពីគំនរផេះផង់ បែកបាក់ជាតិ ជាប្រទេសដែលមានសន្តិភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងកំពុងអភិវឌ្ឍដ៏ខ្លាំងក្លាលើគ្រប់វិស័យ ព្រមទាំងចូលរួមដោយសេរីភាព និងស្មើសិទិ្ធជាមួយបណ្តាប្រទេសនានាទាំងក្នុងតំបន់ និងសកលលោក ជាពិសេស សមភាពយេនឌ័រត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ប្រកបដោយលទ្ធផលវិជ្ជមានគួរឱ្យកត់សម្គាល់។
ទី២- យកឱកាសនេះផងដើម្បីធ្វើទស្សនកិច្ចសិក្សា (Study Tour) ស្វែងយល់ពីតំបន់ប្រវត្តិសាស្ត្រ
-វប្បធម៌ ដែលជាដើមកំណើតដំបូង
បង្អស់នៃអរិយធម៌ខ្មែរនាសម័យនគរភ្នំ។ ត្រង់នេះលោកស្រីបានគូសបញ្ជាក់ថាអាណាចក្រភ្នំ ជាសង្គម ”មេនិយម” ដែលចាត់ទុកស្ត្រីជាធំទាំងក្នុងគ្រួសារ និងក្នុងសង្គមជាតិ។ ដូច្នេះទិវានៃនារី យើងក៏ចង់ផ្សារភ្ជាប់ និងរំលឹកដល់វីរភាពរបស់បឋមក្សត្រីខ្មែរព្រះនាង លីវ យី ឬព្រះនាងនាគផងដែរ ។
ទី៣- ដើម្បីផ្សព្វផ្សាយ និងជំរុញទេសចរណ៍ក្នុងស្រុកឲ្យសកម្មផុលផុសឡើង ជាការរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ស្របតាមឆន្ទ: និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ដែលចង់ឲ្យប្រជាពលរដ្ឋខ្មែរបង្វែរទិសដៅដើរលេងកម្សាន្តក្នុងប្រទេស ជាជាងការចេញទៅទេសចរណ៍នៅក្រៅប្រទេស។
ទី៤- ចូលរួមបង្កើតឱកាសការងារ និងរកប្រាក់ចំណូលដល់ប្រជាពលរដ្ឋមូលដ្ឋាន។
ទី៥- បង្កើនការរិតចំណងសាមគ្គីភាព មិត្តភាព និងភាតរភាព រវាងមន្ត្រីនារីគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ក្រសួង រាជធានី-ខេត្ត ឲ្យកាន់តែជិតស្និទ្ធ សំដៅចេះជួយគ្នា និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។
លោកស្រីបានបន្ថែមទៀតថា បើទោះបីថ្ងៃនេះយើងរំលឹកដល់សិទ្ធិរបស់នារី តែយើងក៏ស្វាគមន៍ផងដែរការចូលរួមរបស់បុរស។ សមភាពយេនឌ័រ គឺជាកត្តាចម្បងក្នុងការធានានូវចីរភាពនៃសន្តិភាព និងកិច្ចអភិវឌ្ឍន៍។
ស្រីគឺជាតួអង្គរួមចំណែកដ៏សំខាន់ និងចាំបាច់ក្នុងការធានាបាននូវប្រសិទ្ធភាព បរិយាប័ន្ន និងនិរន្តភាពយូរអង្វែងនៃសន្តិភាព។ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី គឺជារបៀបវារៈដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តោតការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំងក្លា ដើម្បីជំរុញឱ្យពួកគេក្លាយជាកម្លាំងចលករចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍ និងក្លាយជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិ។
យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០៣០ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា បានដាក់ចេញនូវការងារលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្រ្តី និងក្មេងស្រ្តី ជាការងារអាទិភាពមួយ។
សារសំខាន់ចុងក្រោយរបស់លោកជំទាវ គឺ ” យើងខ្ញុំមន្ត្រីនារីក្រសួងទេសចរណ៍ សូមអរគុណសន្តិភាព “៕/B