ដោយៈសរិទ្ធ/ភ្នំពេញ ៖ ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់បានត្រូវសមត្ថកិច្ចនគរបាលការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដោះលែងឲ្យមានសេរីភាពវិញកាលពីរសៀលថ្ងៃទី៥ខែមីនាឆ្នាំ២០២០។ប្រភពមួយបានបញ្ជាក់ថាមូលហេតុនៃការដោះលែងនេះដោយសារក្រុមគ្រួសារជនរងគ្រោះបានទទួលសំណងចំនួន២៥០០០ដុល្លារនិងបានដកពាក្យបណ្តឹង។

អ្នកបើករថយន្តបង្កឈ្មោះ ឈន វឿន ភេទប្រុស អាយុ៥៣ឆ្នាំ មានតួនាទីជាប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ មានអាសយដ្ឋានផ្ទះលេខ៤៨ ផ្លូវលេខ៣៦៨ សង្កាត់ទួលស្វាយព្រៃទី១ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះឈ្មោះ ណេត ចាន់រំដួល ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ បើក ហាងកែសម្ផស្ស ស្នាក់នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខរាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថាលពីវេលាម៉ោង១២៖៤០នាទីថ្ងៃត្រង់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១៤៣ កែងផ្លូវលេខ៣០០ ក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងគេឃើញស្ត្រីរងគ្រោះជិះម៉ូតូម៉ាកនិចពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DA-1264 តាមបណ្ដោយផ្លូវ១៤៣ ក្នុងទិសដៅពីជើងទៅត្បួង។ ស្រាប់តែមកដល់ចំណុចកើតហេតុ ស្ត្រីរូបនោះជិះម៉ូតូប៉ះជាមួយអ្វី ឬក៏បុកជាមួយអ្វីនោះទេ បណ្ដាលឲ្យដួល ។ស្របពេលនោះ ក៏មានបុរសម្នាក់ បើករថយន្តម៉ាកហ្វតរ៉េងជើពណ៌ស ពាក់ស្លាកលេខ រដ្ឋ 10-2-0735 មកពីក្រោយក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកចំក្បាលស្រ្តីរូបនោះ និងអូសម៉ូតូចម្ងាយប្រហែលជា២០ម៉ែត្រ។ ពេលនោះប្រជាពលរដ្ឋបានឃាត់អ្នកបើកបររថយន្តប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលអូឡាំពិក។ចំណែកស្ត្រីរងគ្រោះ ត្រូវរថយន្តរបស់មន្ទីរពេទ្យឯកជន ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈតែពេលមកដល់មន្ទីរពេទ្យក៍បានស្លាប់បាត់បង់ជីវិត។

សមត្ថកិច្ចបានអះអាងថាអ្នកបើកបរបានប្រើប្រាស់ប័ណ្ណបើកបរ ផុតកំណត់សុពលភាពតាំងពីឆ្នាំ២០១៦មកម្លេះ បានន័យថា ប្រើប័ណ្ណបើកបរផុតសុពលភាព៕/B