ដោយ:គង់ហេង/កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នឹងស្នើឳ្យតុលាការសាលាដំបូងចេញដីកានាំខ្លួនម្ចាស់សង្វៀនជល់មាន់នៅស្រុកកងមាសចំនួន ពីរ នាក់មានងារជាឧកញ៉ាដែលមានទីលំនៅរាជធានីភ្នំពេញ។ ចំណែកមន្រ្តីជាប់ពាក់ព័ន្ធក្នុងការពឹងពាក់លើរឿងនេះ សូមបញ្ឈប់សកម្មភាព និងដកខ្លួនចេញ។

នេះជាការប្រកាសចាត់វិធានការទប់ស្កាត់ លុបបំបាត់ និងបង្រ្កាបល្បែងស៊ីសងរបស់លោកអភិបាលខេត្តកំពង់ចាម នៅក្នុងឳកាសសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តនេះ និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាននាថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២០។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា សូមកោតសរសើរដល់អាជ្ញាធរ និងសមត្ថកិច្ច តាមបណ្តាស្រុកក្រុងទាំង ១០ ស្នងការនគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត ដែលបានខិតខំរួមសហការបង្រ្កាប និងទប់ស្កាត់ បទល្មើសល្បែងស៊ីសងបានច្រើន មួយរយ:ពេលចុងក្រោយនេះ។

លោកអភិបាលខេត្តកំពង់ចាមបានប្រសាន៍ទៀតថា ប៉ុន្តែយើងនៅតែទទួលព័ត៌មានបានថា ល្បែងស៊ីសងជល់មាន់ និងបង្កប់អាប៉ោង មួយកន្លែង បន្តប្រព្រឹត្តលួចលាក់នៅទីតាំងដដែល គឺក្នុងភូមិគោហេ ឃុំព្រែកកុយ ស្រុកកងមាស ជាប់ព្រំប្រទល់ខេត្តកណ្តាល ទន្ទឹមនឹងស្ពានលេខ ២៣ ផ្លូវជាតិលេខ ៦។ ដោយយើងធ្លាប់ដឹកនាំមន្រ្តីសមត្ថកិច្ចចុះ ដល់ទីតាំងកន្លែងប្រព្រឹត្តល្បែងស៊ីសងរួចម្តងហើយ។

លោកបានលើកឡើងបន្ថែមថា ដើម្បីលុបបំបាត់ និងដោះស្រាយករណីនេះឳ្យបានច្បាស់លាស់ គឺដាក់ចេញនូវវិធានការ ដំបូងប្រកាសដល់អ្នកពាក់ព័ន្ធដែលសង្ស័យជាមន្រ្តី ដែលបានទទួលការពឹងពាក់ពីម្ចាស់បនល្បែងជាសង្វៀនមាន់ គឺត្រូវបជ្ឈប់សកម្មភាព និងដកខ្លួនចេញ។ បន្ទាប់មកយើងដាក់កម្លាំងសមត្ថកិច្ចប្រចាំការនៅទីនោះ( ភូមិគោហេ) ដែលនឹងដឹងនាំដោយលោក កៅ សុខអាន ជាអភិបាលរងខេត្តកំពង់ចាម។

លោកបានលើកឡើងថា វិធានការបន្ត គឺយើងនឹងបញ្ជួនសំណុំរឿងល្បែងស៊ីសងមួយនេះ ទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម ហើយនឹងស្នើសុំចៅក្រមចេញដីកានាំខ្លួនជនសង្ស័យជាម្ចាស់បនល្បែងសង្វៀនជល់មាន់ខាងលើចំនួន ពីរ នាក់ដែលមានងារជាឧកញ៉ា និងមានទីលំនៅរាជធានីភ្នំពេញ៕/B