ដោយៈ មេសា​/​ភ្នំពេញៈ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ព្រះអង្គ ភិក្ខុ ព្រះ​មុនី​កោសល បណ្ឌិត យ៉​ន សេង យៀ​ត បានសរសេរថា “ ខ្ញុំ​បានធ្វើ​បទ​បង្ហាញ​ចុងក្រោយ ដើម្បី បញ្ចប់​ការសិក្សា​ថា្នក់ ក្រោយ​បណ្ឌិត Post-Doctoral Research Fellowship ឬ ហៅ​កាត់​ថា Postdoc នៅ​សាកលវិទ្យាល័យ Harvard បាន​ជាប់​ជា​ស្ថាពរ​ហើយ ក្រោយពី​សិក្សា​អស់​រយ​:​ពេល​ជាង ៣​ឆ្នាំ ។ ការសិក្សា​នេះ ប្រព្រឹត្តិទៅបាន​ប្រកបដោយ​ជោគជ័យ គឺ​អាស្រ័យ​ដោយ​មានការ​ឧបត្ថម្ភក៍​របស់ ឯ​.​ឧ​. ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ នៃ កម្ពុជា និង លោកជំទាវ ខៀវ ស៊ីណា ព្រមទាំង​ព្រះសង្ឃ និង ពុ​ទ្ឋ​បរិស័ទ​ទាំង​ក្នុង​និង​ក្រៅប្រទេស ។ សូម​ថ្លែង​អរគុណ​ចំពោះ ឯកឧត្តម និង លោកជំទាវ ព្រមទាំង​អ្នកមាន​គុណូបការៈ​ទាំងអស់​ដោយ​ជ្រះថ្លា​បំផុត ។ អរគុណ​សាកលវិទ្យាល័យ Harvard ដែល​បានផ្ដល់​អាហារូបករណ៍​ដល់​រូបខ្ញុំ “ ។​

ភិក្ខុ ព្រះ​មុនី​កោសល បណ្ឌិត យ៉​ន សេង យៀ​ត ការពារ​និក្ខេបបទ​ថ្នាក់​ក្រោយ​បណ្ឌិត នៅ​សកល​វិទ្យាល័យ Harvard ( រូប់ ព្រើ​ន​សុ​វង្ស )


​បន្ទាប់មក លោក ព្រើ​ន សុ​វង្ស ព្រឹទ្ធបុរស​រង​ទទួលបន្ទុក ដេ​ប៉ា​តឺ​ម៉​ង់ ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន នៃ ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ បានសរសេរថា “ ខ្ញុំព្រះករុណា ព្រើ​ន សុ​វង្ស សូម​អបអរសាទរ​យ៉ាង​ក្រៃលែង​ចំពោះ ព្រះ​មុនី​កោសល បណ្ឌិត យ៉​ន សេង យៀ​ត ព្រះ​សាកលវិទ្យាធិការរង នៃ ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ ដែល​បាន​បញ្ជ​ប់​ការសិក្សា​ថា្នក់​ក្រោយ​បណ្ឌិត Post-Doctoral Research Fellowship នៅ​សាកលវិទ្យាល័យ Harvard “ ។​


​តាមរយៈ​សារ​ទាំង ២ នេះ គឺជា​ដំណឹង​មោទនភាព​សម្រាប់​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា ក៏ដូចជា​ប្រទេស​ខ្មែរ​ទាំងមូល ដោយហេតុថា សម្រាប់​ព្រះពុទ្ធសាសនា​និកាយ​ថេរវាទ ព្រះ​មុនី​កោសល បណ្ឌិត យ៉​ន សេង យៀ​ត គឺជា​ព្រះសង្ឃ​ខ្មែរ​ទី ១ ដែល​សាកលវិទ្យាល័យ Harvard ផ្តល់​អាហារូបករណ៍ សិក្សា និង បានបញ្ចប់​កម្រិត​ថ្នាក់​ក្រោយ​បណ្ឌិត ឬ Post Doctoral Research Fellowship លើ​ឯកទេស​ទស្សនវិជ្ជា​ព្រះពុទ្ធសាសនា ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ចាប់តាំងពី​សាកលវិទ្យាល័យ​នោះបាន​បង្កើត​ក្នុង​ឆ្នាំ ១៦១៣ ។​


​អំពី​ភិក្ខុ ព្រះ​មុនី​កោសល បណ្ឌិត យ៉​ន សេង យៀ​ត


​ព្រះ​មុនី​កោសល បណ្ឌិត យ៉​ន សេង យៀ​ត ប្រសូត្រ​ក្នុង​ត្រកូល​គ្រួសារ​កសិករ នៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ជា​កូន​ទី​ពីរ នៃ គ្រួសារ​ដែលមាន​បងប្អូន ៥ នាក់ ។ ព្រះអង្គ​បាន​បួស និង សិក្សា​ក្នុង​ជំរំ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ ចាប់ពី​ឆ្នាំ ១៩៩១ ជាទី​ដែល​ព្រះអង្គ​មានឱកាស​សិក្សា​ទាំង ព្រះធម៌ ភាសាបាលី និង ភាសា​អង់គ្លេស ហើយ​ព្រះអង្គ​ធ្លាប់មាន​ព្រះ​ថេរ​ដីកា​ថា “ កាលណោះ អាត្មាភាព តែងតែ​ឮ​អ្នក​នៅក្នុង​ជំរំ​និយាយ​ពី​ប្រទេស​អភិវឌ្ឍ​ថា ដូច​ឋាន​ទេវតា ! ដូច្នេះ​អាត្មា​តែង​ស្រមៃ​រហូតដល់​មានឱកាស​ទៅ​បន្ត​ការសិក្សា នៅ​ស្រីលង្កា “ ។
​ក្រោយ​ព្រះអង្គ​បានបញ្ចប់​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម និង ក្រោយ

​ឧ​ត្ត​មសិ​ក្សា​ជាង ៦ ឆ្នាំ​នៅ​ស្រីលង្កា រួច​និមន្ត​ត្រឡប់មក​មាតុភូមិ​កំណើត​វិញ ព្រះអង្គ​ពុំបាន​បញ្ឈប់​ការសិក្សា​ត្រឹម​កម្រិត​នេះឡើយ ។ អំឡុងពេល​សិក្សា​ក្នុង​ឆ្នាំ ២០០៣ ដល់ ២០០៦ ព្រះអង្គ ក៏​ជា​ប្រធាន​ពុទ្ធិ​សមាគម​សមណ​និស្សិត​ខ្មែរ ស្រីលង្កា​ផងដែរ ។ ដោយបាន​បួស​ក្នុង​ព្រះ​ពុទ្ធចក្រ​ជាង ២០ ឆ្នាំ​មកនេះ ព្រះអង្គ​បាន​លះបង់​ទាំង​កម្លាំងកាយ និង កម្លាំងចិត្ត រួមចំណែក​លើកកម្ពស់​ព្រះពុទ្ធសាសនា នៅ​កម្ពុជា​។​


​ឆ្នាំ ២០០៨ ព្រះអង្គ​គឺជា គ្រូ​ពុទ្ធិក​ឧ​ត្ត​ម​សិក្សា​ទស្សនវិជ្ជា នៃ ក្រសួង​ធម្មការ និង​សាសនា ហើយ​ក្នុង ២០១០ ព្រះអង្គ​ស្វះស្វែង​រហូត​ទទួល​សញ្ញាបត្រ​កម្រិត​ឧ​ត្ត​ម នៅ​សាលា​ភូមិន្ទ​រដ្ឋបាល និង បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ នៅ​រាជបណ្ឌិត្យសភាកម្ពុជា ក្នុង​ឆ្នាំ ២០១៤​។​


​ការព្យាយាម​សិក្សា​ស្រាវជ្រាវ​ទាំង​ថ្ងៃ​យប់​ក្នុង​វិស័យ​ពុទ្ធចក្រ​តាំងពី​កុមារភាព​រហូតមក នាំ​ឲ្យ​ព្រះ​ភិក្ខុ​បណ្ឌិត យ៉​ន សេង​យៀ​ត មានចំណេះ​ជំនាញ និង​សមត្ថភាព​កាន់​កិច្ចការ​សិក្សាអប់រំ​ព្រះសង្ឃ​កម្រិត​ឧ​ត្ត​មសិ​ក្សា ក្នុង​ក្រសួង​ធម្មការ និង​សាសនា ។


​ក្នុង​ឆ្នាំ ២០០៦ ដល់ បច្ចុប្បន្ន ព្រះ​អង្គជា សាកលវិទ្យាធិការរង​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ ។ ពី​ឆ្នាំ ២០១៣ ដល់​បច្ចុប្បន្ន ព្រះអង្គ គឺជា​ព្រឹទ្ធបុរស​រង​ភាសា​អង់គ្លេស នៅ សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​ថែមទៀត​។​


​ក្រៅពី​តួនាទី​ក្នុង​វិស័យ​អប់រំ​នេះ ព្រះអង្គ​មាន​តួនាទី​ជា អគ្គលេខា​ក្រុមប្រឹក្សា​អន្តរ​សាសនា​សមាជិក​ប្រតិបត្តិ នៃ ក្រុមប្រឹក្សា​សាសនា​ពិភពលោក ដើម្បី សន្តិភាព ទទួលបន្ទុក បរិស្ថាន បុរី​ញ៉ូ​យ៉​ក សហរដ្ឋអាមេរិក លេខា​ផ្ទាល់ និង​ជា​អ្នកបកប្រែ​ភាសា​ថ្វាយ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ និង​ប្រធាន​ពុទ្ធិ​សមាគម​កម្ពុជរដ្ឋ​។​


​ព្រះអង្គ​មាន​ដីកា​ពី​មូលហេតុ​នាំ​ឲ្យ​ព្រះអង្គ​មាន​ឆន្ទៈ​ស្វះស្វែង​សិក្សា​រហូតមក ព្រោះ​ព្រះអង្គ​ចង់​រួមចំណែក​លើកកម្ពស់​ពុទ្ធ​សាសនា និង​អប់រំ​ពុទ្ធបរិស័ទ​ទាំង​ក្នុង និង​ក្រៅប្រទេស​ថា “ យើង​ឃើញ​មនុស្ស​លង់ទឹក យើង​មិនចេះ​ហែល​ទឹក តើ​យើង​ចុះទៅ​ជួយ​មនុស្ស​ម្ត៉េ​ច​កើត ? ព្រះពុទ្ធ​ចង់​ឲ្យ​អ្នកបួស​ក្នុង​ពុទ្ធសាសនា គឺ​ព្រះសង្ឃ​ចេះដឹង ក្លាយជា​វិញ្ញូ​ជន​។ ព្រះសង្ឃ​ត្រូវ​អភិវឌ្ឍ​ខ្លួន​ឲ្យ​ចេះដឹង ជា​មនុស្ស​មាន​បញ្ញា ដើម្បី ចូលរួម​ជួយ អភិវឌ្ឍន៍​សង្គម ដើម្បី បង្រៀន​ព្រះសង្ឃ​ក្មេង បង្រៀន​ពុទ្ធបរិស័ទ អាត្មា ខ្លួនឯង​ត្រូវតែ​ចេះ ! ប៉ុន្តែ​ព្រះពុទ្ធ​មិន​បង្រៀន​ព្រះសង្ឃ ឲ្យ​ទៅជា​មនុស្ស​សម្បូរ​សប្បាយ ខាង​ទ្រព្យសម្បត្តិ​ទេ ! “ ។​


វា​ពុំមែន​ជាការ​ចៃដន្យ​ឡើយ​ដែល​ព្រះសង្ឃ​ខ្មែរ​អង្គ​នេះ​មានឱកាស ទៅ​បន្ត​ការសិក្សា​ក្រោយ​ថ្នាក់បណ្ឌិត​នៅ​គ្រឹះស្ថានសិក្សា​ល្បីល្បាញ​មួយ​នៅលើ​ពិភពលោក ។ ព្រះអង្គ​មាន​ដីកា​ពី​ដំណើរ​ស្នើ​អាហារូបករណ៍​នេះ​ថា ព្រះអង្គ​បាន​សរសេរ​គម្រោង​សិក្សា​ស្រាវជ្រាវ​ជាង ៣០​ទំព័រ អំពី​តួនាទី​ព្រះសង្ឃ​ក្នុងការ​រក្សា​សន្តិភាព​នៅ​កម្ពុជា មុនពេល​ព្រះអង្គ​ដាក់​ឯកសារ​ទាំងនោះ ស្នើ​សាកលវិទ្យាល័យ តាម Online ចំនួន ២​លើក “ អ្វីៗ​ទាំងអស់ វា​មិន​ទៀង​។ ទ្រឹស្តី មិន​ទៀង នេះ ជួយ​អាត្មា​ច្រើនណាស់ កាលណា​យើង​ស្ថិតក្នុង​ការងារ​កាន់តែ​ធំ ទ្រឹស្តី​នេះ ជួយ​យើង​កាន់តែខ្លាំង មានន័យថា យើង​រស់​នៅតាម​ដំណាក់កាល​។ យើង​ត្រូវ​ប្រកាន់​គោលការណ៍​របស់​យើង កាលណា​យើង​ចង់​គិតពី​អ្វី វា​ត្រូវមាន​មូលដ្ឋាន​នៃ​ការគិត “ ។​


​ព្រះអង្គ​ពន្យល់ថា ការងារ​សង្គម រួម ទាំង​ចំណេះ​ជំនាញ និង​បទពិសោធន៍​ការងារ​ជាង​២០​ឆ្នាំ ជួយ​ព្រះអង្គ​ឲ្យ​ទទួលបាន​អាហា​រូបកណ៍​នេះ “ មតិយោបល់​អាត្មា សម្រាប់​អ្នកសិក្សា​ដែល​ប្រាថ្នា​ចង់ទៅ​កាន់​សាលា​ធំ​លើ​ពិភពលោក​គួរ ណាស់​តែ​រក្សា​កំណត់ត្រា​ប្រចាំថ្ងៃ ហើយ​ប្រឡូក​ឲ្យ​មែនទែន​ក្នុង​កិច្ចការ​សង្គម ជួយ​សង្គម តាម​រូបភាព​ណាក៏ដោយ ទោះ​តិចក្តី ច្រើនក្តី ។ កិច្ចការ​សង្គម​ជា​ចំណែក​មួយ ជួយ​អាត្មា​ឲ្យ​ទទួល​អាហារូបករណ៍ ។ សាលា​ធំៗ គេ​ឲ្យ​តម្លៃ​លើ​ការងារ​ទាំងនេះ ព្រោះ​គេច​ង់​បណ្តុះ​មនុស្ស​ឲ្យ​មានចំណេះដឹង​ហើយ មានគុណ​ធម៌​ទៀត ។ គេ​សួរថា ពេល​រៀន​ចប់​តើ​យើង​មាន​អ្វី​ជួយ​សង្គមជាតិ​វិញ ? “ ។​


​ជា​បេក្ខជន​ខ្មែរ​តែមួយ​អង្គ​គត់​ដែល​ទទួលបាន​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​ស្រាវជ្រាវ ថ្នាក់​ក្រោយ​បណ្ឌិត (Postdoctoral research) ព្រះ​ភិក្ខុ​រូបនេះ បាន​និមន្ត​ចាក​ចេញពី​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក នៅ​ដើមខែ​តុលា ឆ្នាំ​២០១៦ ដើម្បី បន្ត​ការសិក្សា​ស្រាវជ្រាវ​ថ្នាក់​ក្រោយ​បណ្ឌិត រយៈពេល​មួយឆ្នាំ នៅ​សាកលវិទ្យាល័យ Harvard ។ ព្រះអង្គ បាន​ស្រាវជ្រាវ​ពី​ទស្សនវិជ្ជា​ព្រះពុទ្ធ រយៈពេល​មួយឆ្នាំ ក្នុង​សហរដ្ឋអាមេរិក ដោយ​ផ្តោតលើ​តួនាទី​ព្រះសង្ឃ​ក្នុង​ការរក្សា​សន្តិភាព នៅ​កម្ពុជា​ចាប់​ឆ្នាំ​១៩៩២ មកដល់​សព្វថ្ងៃ​។​


​ក្រៅពី​ការងារ​សាសនា ពេលព្រឹក ព្រះអង្គ​តែង​សិក្សា​ស្រាវជ្រាវ​ពេល​រសៀល ជាពិសេស​ពេលយប់​អធ្រាត្រ “ សម្រាប់​អាត្មា ការសិក្សា​រៀនសូត្រ គឺ​យើង​អនុវត្តតាម​ដំបូន្មាន របស់​គ្រូ​។ គ្រូ​ប្រាប់ថា ក្នុង​ពុទ្ធសាសនា ពេលវេលា​នេះ វា​ទំពា​ស៊ីម​នុស្ស មានន័យថា ពេលវេលា​គ្រប់​វិនាទី​ទាំងអស់ មានតម្លៃ ។ បើ​យើង​ប្រើពេល​វេលា​គ្រប់​វិនាទី​ទាំងអស់​ឲ្យ​មាន​ប្រយោជន៍ វា​នឹង​ឲ្យ​ផល ! “ ។​

​និក្ខេបបទ​ថ្នាក់​ក្រោយ​បណ្ឌិត​របស់ ភិក្ខុ ព្រះ​មុនី​កោសល បណ្ឌិត យ៉​ន សេង យៀ​ត នៅ​សកល​វិទ្យាល័យ Harvard ( រូបៈ ព្រើ​ន​សុ​វង្ស )


​មុនពេល​ព្រះអង្គ​បន្ត​ការសិក្សា​ស្រាវជ្រាវ​ពី​ទស្សនវិជ្ជា​ព្រះពុទ្ធ​ថ្នាក់​ក្រោយ​បណ្ឌិត​តាមរយៈ​អាហារូបករណ៍​សាកលវិទ្យាល័យ Harvard នៅ សហរដ្ឋ អាមេរិក ព្រះអង្គ​បាន​សិក្សា​ស្រាវជ្រាវ និង ចូលរួម​សន្និសីទ​សាសនា​អន្តរជាតិ ជាង​៥០​ប្រទេស​ទូទាំង​ពិភពលោក ដើម្បី​ផ្សព្វផ្សាយ​លើកតម្កើង​សាសនាព្រះពុទ្ធ​នៅ​កម្ពុជា​។​


​ព្រះ​មុនី​កោសល បណ្ឌិត យ៉​ន សេង យៀ​ត ជា​លេខា​ផ្ទាល់ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ទស្សនវិជ្ជា ពី​សាកលវិទ្យាល័យ​ពុទ្ធសាសនា និង​បាលី​ភាសា និង​អនុបណ្ឌិត​ទស្សនវិជ្ជា​ពី​សាកលវិទ្យាល័យ​កល្យាណី​យ៍ (Kelaniya) និង​សញ្ញាបត្រ​ទំនាក់ទំនង​អន្តរជាតិ ពី​មជ្ឈមណ្ឌល Badaranaike Center for International Studies (BCIS), Colombo ប្រទេស​ស្រីលង្កា​ព្រមទាំង​ថ្នាក់បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ទៀតផង​។​


​ប្រធាន ពុទ្ធិ​សមាគម​កម្ពុជរដ្ឋ​មាន​ព្រះ​ជន្មាយុ ៤១ ព្រះវស្សា​អង្គ​នេះ ពុំ​ភ្លេចគុណ​ញោមប្រុស​ស្រី និង ពុទ្ធបរិស័ទ​ដែល​ជួយ​ជ្រោមជ្រែង​ឧបត្ថម្ភ​ព្រះអង្គ​ឲ្យ​បាន​បួស​សិក្សា​រៀនសូត្រ​បាន​ជ្រៅជ្រះ មកទល់​បច្ចុប្បន្ន​ឡើយ ៕ Kh

ភិក្ខុ ព្រះ​មុនី​កោសល បណ្ឌិត យ៉​ន សេង យៀ​ត គឺជា​ព្រះសង្ឃ​ខ្មែរ​លើកដំបូង ដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់​ក្រោយ​បណ្ឌិត នៅ​សកល​វិទ្យាល័យ Harvard សហរដ្ឋអាមេរិក ( រូបៈ ព្រើ​ន​សុ​វង្ស )