ដោយៈ​សុផល​/​ភ្នំពេញ​៖​ធនាគារ​ជីបម៉ុង​បានទទួល​បណ្ណ​សរសើរ​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​ពី​ប្រ​សួង​បរិស្ថាន​កាលពី​ល្ងាច​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២០​។​ពិធី​ប្រគល់​ទទួល​នេះ មានការ​អញ្ជើញ​ចូលរួម​ពី លោក នេត្រ​ភក្ត្រា​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​និង​លោក​ជួប​ប៉ារីស៍​អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​។​

​ធនាគារ​ជីបម៉ុង​គឺជា​ធនាគារពាណិជ្ជ​ទីមួយ​ដែល​បាន​ប្រតិបត្តិ​មេត្រីភាព​បរិស្ថាន​ល្អប្រសើរ​តាមរយៈ​ការកាត់បន្ថយ​ការប្រើប្រាស់​ក្រដាស​ការបង្កើត​ប្រព័ន្ធ​ឌីជីថល​សម្រួល​ប្រតិបត្តិការ​សេវាកម្ម​ធនាគារ​ជូន​អតិថិជន​ការរៀបចំ​ការិយាល័យ​ប្រកបដោយ​ផាសុកភាព​និង​មាន​អនាម័យ​ខ្ពស់​សម្រាប់​បុគ្គលិក​ព្រមទាំង​ការចូលរួម​អនុវត្ត​គោលការណ៍​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​។​

​លោក​ឧកញ៉ា​លាង​ម៉េង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​ជីបម៉ុង​បាន​មានប្រសាសន៍ថា​ការទទួលបាន​ប​ណ្ណសរ​សើរ​មេត្រីភាព​បរិស្ថាន​នេះ​ពិតជា​ធ្វើ​ឲ្យ​លោក​និង​សហការី​ធនាគារ​ជីបម៉ុង​ទាំងអស់​មាន​សេចក្តីរំភើប និង​សប្បាយរីករាយ ដែល​ធនាគារ​នេះ ទទួលបាន​ការកោតសរសើ​រ​ពី​ក្រសួងបរិស្ថាន ។​

​លោក​បាន​លើកឡើងថា​៖​សមិទ្ធផល​មួយ​នេះ​បាន​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ និង​សហការី ទាំង អស់​គ្នា​។ ធនាគារ ជីប ម៉ុង បាន​ប្រើប្រាស់ បច្ចេកវិទ្យា​ចុងក្រោយ​បែប​ឌីជីថល តាម​ឧស្សាហកម្ម ៤.០ ដែល​ធ្វើការ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច សន្សំសម្ចៃ​ការប្រើប្រាស់​ក្រដាស​ដែល​ចូលរួម​ការពារ​បរិស្ថាន កាត់បន្ថយ​ការកាប់​ព្រៃឈើ​និង​កាត់បន្ថយ​ការ​រំភាយ​ឧស្ម័ន​កាបូនឌីអុកស៊ីត​(CO2)​។​

​ក្នុង​ក្របខណ្ឌ​នៃ​ការផ្តល់​បណ្ណ​សរសើរ​មេត្រីភាព​បរិស្ថាន​នេះ​ផងដែរ​លោក​នេត្រ​ភក្ត្រា​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បានលើកឡើង​ពី​ការចូលរួម​យ៉ាងសកម្ម​និង​ធំធេង​របស់​ក្រុមហ៊ុន​ជីបម៉ុង​ក្នុង​កិច្ច​គាំពារ​បរិស្ថាន​។​ការរស់នៅ​ដោយ​ចីរភាព​តាមរយៈ​ការអនុវត្ត​មេត្រីភាព​បរិស្ថាន​ការដាក់​ពង្រាយ​ធុងសំរាម​នៅតាម​ទីសាធារណៈ​ការផ្តល់​ម៉ូតូ​ដឹក​សំរាម​ដល់​ក្រសួងបរិស្ថាន​សម្រាប់​ចែកជូន​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​នានា​។​

ប្រើប្រាស់​ប្រមូល​សំរាម ការ​បោសសម្អាត​ផ្លូវ​សាធារណៈ​ដោយ​ប្រើ​រថយន្ត​បូម​ធូលី​តាម​ដងផ្លូវ ។​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ដុត​សំណល់​សំរាម​ដើម្បី​បង្កើតជា​ចរន្តអគ្គិសនី​ប្រើប្រាស់​នៅ​រោងចក្រ​ផលិត​ស៊ីម៉ង់​ដែល​ក្នុង​មួយឆ្នាំ​ដុត​សំរាម​បាន​ជាង ៧ ម៉ឺន​តោន​។

​ដោយ​មើលឃើញ​ពី​សារៈសំខាន់​ក្នុងនាម​ជា​ដៃគូ​របស់​វិស័យ​ឯកជន​ក្នុង​កិច្ច​គាំពារ​បរិស្ថាន​លោក​រដ្ឋលេខាធិការ​ក្រសួង​បរិ​ស្ដា​ន​បា​លើកទឹកចិត្ត​ក្រុមហ៊ុន​ឯកជន​ទាំងអស់​និង​ប្រជាពលរដ្ឋ​ធ្វើយ៉ាងណា​រួមសហការ​គ្នា ចូលរួមចំណែក​ក្នុងការ​គាំពារ​បរិស្ថាន​ជាមួយ​សកលលោក​។​គិតគូរ​ប​ញ្ហ​អនាម័យ​បរិស្ថាន​ជា​ចំបង ពិសេស​ដើម្បីឱ្យ​កម្ពុជា​ស្អាត គុណភាព​បរិស្ថាន​ត្រូវបាន​ធានា​និរន្តរភាព​បរិស្ថាន​មាន​អនាម័យ​បរិស្ថាន​ល្អ គ្មាន​ការបំពុល​ដោយ​សំណល់​ប្លា​ស្ទិ​ក​៕S/

​ចំណងជើង​រូបថត​៖ ក្រសួងបរិស្ថាន​បានប្រគល់​បណ្ណ​សរសើរ​មេត្រីភាព​បរិស្ថាន​ជូន​ដល់​ធនាគារ ជីបម៉ុង​