ដោយៈអង្គរតូច/សៀមរាប ៖ បុរសជនជាតិវៀតណាមម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថ ចាប់ខ្លួនតាមអំណាចសាលដីការរបស់តុលាការ ក្នុងបទចោទ ប្រទូសកេរខ្មាស ក្រោយពីរងបណ្តឹងរយៈពេលជាងពីរឆ្នាំមកហើយ តែគ្មានចំណាត់ការ។
ការចាប់ខ្លួនបុរសរូបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី៦ខែមីនាឆ្នាំ២០២០ នៅក្រុងសៀមរាប។ ជន សង្ស័យមានឈ្មោះឡេ សឹងឡាំ ឆ្នាំកំណើត ១៩៦៨ កើតនៅប្រទេសវៀតណាម មុនចាប់ខ្លួនស្នាក់នៅភូមិខ្នារថ្មី សង្កាត់ជាវ ក្រុងសៀមរាប។
ដីកាបង្គាប់អោយនាំខ្លួនលេខ៩៥´ជ`/២០២០ចុះថ្ងៃទី០៣ខែមីនាឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយលោកថាន់ ឃុន ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តសៀមរាប បង្ហាញថា ជនខាងលើត្រូវចោទពីបទប្រទូស្តកេរខ្មាស ប្រព្រឹត្តនៅភូមិតាវៀនសង្កាត់សាលាកំរើក កាលអំឡុងខែឧសភា ឆ្នាំ២០១៧។ ដីកាបង្ហាញទៀតថា បង្គាប់អោយលោកប្រធានពន្ធនាគារខេត្តសៀមរាបទទួលឃុំខ្លួន ជនជាប់ចោទតាមដីកាបង្គាប់អោយនាំខ្លួននេះ។
ជុំវិញការចាប់ខ្លួន បុរសជនជាតិវៀតណាមខាងលើនេះ លោកហុក ប៊ុនធឿន ដែលជាស្វាមីរបស់ស្ត្រីរងគ្រោះ បានបរិយាយអំពីដំណើររឿងថា កាលពីថ្ងៃទី១២ខែឧសភាឆ្នាំ២០១៧ ជនសង្ស័យបាននាំខ្លួនទៅផឹកស៊ីរហូតដល់យប់ជ្រៅ ដោយផ្ញើម៉ូតូនៅផ្ទះរបស់ខ្លួន។លុះពេលត្រឡប់មកវិញ ដោយខ្លួនជាប់យកឡានទៅទុកផ្ទះបង ក៍អោយជនសង្ស័យទៅយកម៉ូតូពីប្រពន្ធ។ ក្នុងគ្រាដែលប្រពន្ធខ្លួន(ស្ត្រីរងគ្រោះ) ចេញបើកទ្វារដើម្បីអោយជននេះយកម៉ូតូ ជនសង្ស័យក៍ចាប់ប្រពន្ធរបស់ខ្លួនផ្តួលទៅលើគ្រែ អោបថើប ហើយធ្វើសកម្មភាពរំលោភ។ តែដោយនាងរើនិងស្រែកអោយគេជួយ ស្របពេលខ្លួនទៅជិតដល់ទើបជននេះលែងវិញ(មិនបានសម្រេច)។ ភ្លាមៗនោះនាងមិនហ៊ានប្រាប់ទេ ព្រោះខ្លាចផ្ទុះហឹង្សា។ លុះថ្ងៃទី១៤ ខែឧសភា ទើបនាងប្រាប់រឿង ហើយក៍ដាក់ពាក្យបណ្តឹងតែម្តង។
បុរសជាប្តីអោយដឹងទៀតថា ប្រពន្ធរបស់ខ្លួនមានឈ្មោះហេង ស្រីពៅ ឆ្នាំកំណើត១៩៨០ រស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ផ្ទះកើតហេតុ។ ក្រោយពេលដាក់ពាក្យប្តឹង សមត្ថកិច្ចក៍បានហៅទៅសម្រួល ដោយជនសង្ស័យសុំសងពីលានរៀល ហើយខាងលោកមិនព្រមដោយសុំអោយអនុវត្តតាមច្បាប់។តែដោយមានការអន្តរាគមន៍ ជនសង្ស័យមិនត្រូវបានទទួសទោសនោះឡើយ គឺពន្យាពេលរហូតមក។លុះអំឡុងឆ្នាំ២០១៩ រូបលោកបានប្តឹងទៅតុលាការ ហើយនៅព្រឹកថ្ងៃទី៦ខែមីនានេះ ទើបកម្លាំងប៉េអឹមចាប់ខ្លួនជនខាងលើ តាមអំណាចដីកាអោយនាំខ្លួនតែម្តង។
ហុក ប៊ុនធឿន បញ្ជាក់ថា ក្នុងដំណើររឿងនេះ រូបលោកសុំអោយស្ថាប័នតុលាការ អនុវត្តទៅតាមនិតិវិធី ត្បិតជនរូបនេះ មានការអន្តរាគមន៍ច្រើនណាស់៕/B