ប្រមុខកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ទី០៥មីនាបានធ្វើការអះអាងថា ការផ្ទុះកូរ៉ូណាវីរុសនាពេលបច្ចុប្បន្ន អាចជាការវាយប្រហារអាវុធជីវសាស្ត្រមួយដោយសហរដ្ឋអាម៉េរិកប្រឆាំងចិននិងអ៊ីរ៉ង់។
ហូសសេន សាឡាមី បានប្រាប់ហ្វូងមនុស្សនៅក្រុងកឺម៉ាន់ថា ការផ្ទុះវីរុសឆ្លងបច្ចុប្បន្ន ដែលបង្កភយន្តរាយនៅអ៊ីរ៉ង់ អាចជាផលនៃការឈ្លានពានរបស់អាម៉េរិកលើចិននិងអ៊ីរ៉ង់។
លោកបានប្រកាសថា «យើងនឹងឈ្នះនៅក្នុងសង្គ្រាមប្រឆាំងនឹងវីរុសដែលបានផ្ទុះឡើងដំបូងនៅចិន និងបន្ទាប់មកនៅអ៊ីរ៉ង់ ព្រមទាំងផ្នែកផ្សេងទៀតនៃពិភពលោក»។
ទោះជាយ៉ាងណា មិនមានភស្តុតាងដើម្បីគាំទ្រទ្រឹស្តីរបស់លោកអំពីវីរុស ដែលពួកអ្នកវិទ្យាសាស្ត្រជឿថាបានឆ្លងពីសត្វមកមនុស្សនៅចិនកាលពីចុងឆ្នាំមុន។
ទោះជាយ៉ាងដូច្នេះក្តី ពួកអ្នកវិទ្យាសាស្ត្រក៏នៅមិនទាន់កំណត់ប្រភពដើមនៃកូរ៉ូណាវីរុសថ្មីហៅCovid-19នេះអោយបានពិតប្រាកដនៅឡើយទេ ទោះជាមនុស្សជាច្រើន ចង្អុលទៅកាន់ផ្សារលក់សត្វព្រៃមួយនៅក្រុងវូហាន ក្នុងខេត្តហ៊ូប៉ី របស់ចិន។
ប្រមុខការពារស៊ីវិលអ៊ីរ៉ង់លោកហ្គោឡាម រេហ្សា ចាឡាលី ក៏បានលើកឡើងស្រដៀងគ្នា កាលពីថ្ងៃអង្គារ ដោយលោកនិយាយថា ការផ្ទុះជម្ងឺឆ្លងនេះជាការវាយប្រហារដោយអាវុធជីវសាស្ត្រប្រឆាំងចិននិងអ៊ីរ៉ង់ ក្នុងបំណងបង្កើនការភ័យខ្លាចនិងជ្រួលច្របល់ក្នុងចំណោមប្រជាជន និងបំផ្លាញសេដ្ឋកិច្ច។
ការចោទប្រកាន់អាម៉េរិកនេះបានកើតឡើងមួយថ្ងៃក្រោយពីទីប្រឹក្សារដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ម្នាក់ស្លាប់ដោយCovid-19។សមាជិកសភាអ៊ីរ៉ង់ម្នាក់ក៏បាននិយាយថា សមាជិកសភាអ៊ីរ៉ង់ដល់ទៅ២៣នាក់បានឆ្លងកូរ៉ូណាវីរុស។
អ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសមនុស្សស្លាប់ដោយវីរុសនេះចំនួន១៥នាក់ទៀត ដែលនាំអោយចំនួនមនុស្សស្លាប់សរុបកើនដល់១០៧នាក់ ជាចំនួនស្លាប់ច្រើនបំផុទី៣ បន្ទាប់ពីចិននិងអ៊ីតាលី៕ប្រែសម្រួល៖វាសនា

ហូសសេន សាឡាមី ប្រធានកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ អះអាងថាការផ្ទុះជម្ងឺឆ្លងសព្វថ្ងៃជាការវាយប្រហាររបស់អាម៉េរិក