ដោយ:សន សក្តា/កំពង់ឆ្នាំង ៖ មហាកុដិ១ខ្នងនិងអគារសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំង ស្ថិតក្នុងវត្តអារញ្ញការាម សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវបានកាត់ខ្សែបូសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ។

លោកយិន សាវ៉េនអភិបាលក្រុងកំពង់ឆ្នាំង បានបញ្ជាក់ឲដឹងថា សមិទ្ធផល ដែលបានធ្វើពិធីសម្ពោធ កាត់ខ្សែបូដាក់ឲ្យប្រេីប្រាស់ជាផ្លូវការណ៍នេះរួមមានមហាកុដិ១ខ្នង២ជាន់ ដែលមានបណ្តោយ២៤ម៉ែត្រនិងទទឹង១៤ម៉ែត្រ ចំណាយអស់ទឹកប្រាក់ចំនួន៦៧៨.២១១.
១២០រៀល ។ អគារសាកលវិទ្យាល័យពុទ្ធិកព្រះសីហនុរាជ មាន៣អគារ និង មានរោងដាក់ កង់ ម៉ូតូ រថយន្ត បង្គន់អនាម័យ ចំណាយអស់ទឹកប្រាក់ចំនួន១.៨២៩.៩២៨.០០០រៀល។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានកោតសរសើរ ដល់មន្ត្រីអាជ្ញាធរដែនដី សប្បរសជន និង អ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួបរួមគ្នាកសាងបាននូវសមិទ្ធផលជាច្រើន មានទាំងផ្នែកពុទ្ធចក្រ និងអាណា​ចក្រ ពិសេសមហាកុដិ១ខ្នង និង អគារសាខាពុទ្ធិសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំង ដែលត្រូវបានកាត់ខ្សែបូសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ៕/B