ដោយ​៖ គ​ន្ធា​
​មណ្ឌលគិរី​៖
​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ពូ​ទ្រូ ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី (​ភូមិ​ជនជាតិដើម ភាគតិច​ពូ​ណង ”​ព្នង​”) ប្រមាណ​ជា ៦០ គ្រួសារ កំពុងមាន​វិវាទ​ដីធ្លី ជាមួយ​លោក សាន សូត្រ នោះ បានបញ្ជាក់​ប្រាប់ថា អ្នកភូមិ​ពូ​ទ្រូ បាន​ប្តឹង​ទៅគ្រប់​ស្ថាប័ន នៅ​ខេត្តមណ្ឌលគិរី និង​គណៈកម្មាធិការ សិ​ទិ្ធ​មនុស្ស​កម្ពុជា ឱ្យជួយ​អន្តរាគមន៍ ផ្តល់​យុត្តិធម៌ ឱ្យ​ប្រជាពលរដ្ឋ និង​ចាប់​ជនល្មើស ផ្ដន្ទាទោស​តាមច្បាប់ ក៏ប៉ុន្តែ​មិន​ត្រឹមតែ​ដោះស្រាយ មិនទាន់បាន​នោះទេ បែរជា​កាន់តែ​ស្មុ​គ្រ​ស្មាញ​ទៅវិញ​។

​ប្រជាពលរដ្ឋ​មួយរូប ឈ្មោះ ធី មាន​ប្រពន្ធ ជា​អនុ​ប្រធានភូមិ​ពូ​ទ្រូ ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី (​ភូមិ​ជនជាតិដើម ភាគតិច​ពូ​ណង ”​ព្នង​”) និង​ជា​ប្រជាពលរដ្ឋ​ម្នាក់ ក្នុងចំណោម ប្រជាពលរដ្ឋ ប្រមាណ​ជា ៦០ គ្រួសារ កំពុងមាន​វិវាទ​ដីធ្លី ជាមួយ​លោក សាន សូត្រ ហៅ ប្លោក ដោយ​លោក​បញ្ជាក់ថា លោក​សាន សូត្រ បាន​ទិញ​ដី​ពី​បងប្អូន ជនជាតិដើម​ភាគតិច មិន​ដល់ ១០ គ្រួសារ​ផង ហើយ​ក្នុងចំណោម អ្នក​ទាំងនោះ ក្នុង​មួយ​គ្រួសារ មិនមាន​ដី ២០ ហិកតា ឬ ៦០ ហិកតា នោះទេ​។ ចំណែក​ប្រជាពលរដ្ឋ ជាច្រើន​ផ្សេងទៀត មិនបាន​លក់ ឬ​មិនមាន​ដី​លក់​ឱ្យ លោក សាន សូត្រ នោះទេ តែ​បែរ​មានឈ្មោះ ជា​អ្នកលក់​ដី​ឱ្យ​។​

​លោក​បាន​បញ្ជាក់ថាៈ ” គេ​ទិញ​ដី​មាន​ក្បាល ប្រវែង ១០០ ឬ ៩០ ម៉ែត្រ និង​បណ្តោយ​តែ ១០០ ឬ ៣០០ ម៉ែត្រ តែ​ក្នុង​ឯកសារ បែរជា​ទំហំ ១០០ ឬ ៩០ ម៉ែត្រ គុណ​នឹង ២.០០០ ម៉ែត្រ (១៨ ទៅ ២០ ហិកតា​) ទាំងអស់​ស្មើៗ​គ្នា​តែម្តង ” ។ លោក​បាន​បន្តថាៈ ” ក្នុង​ដីកា​តុលាការ ហាមឃាត់​ដី​ទំហំ ១៧០ ហិកតា ប៉ុន្តែ​ជាក់ស្តែង ក្រុម​លោក សាន សូត្រ រំលោភ​យក​ដីចំការ ដី​កប់​សព និង​ភ្នំ​សែនព្រេន ស្ទើ​អស់​មួយ​ភូមិ​ទៅហើយ ប្រហែលជា ១.០០០ ហិកតា ផង​មិនដឹង​”​។​

​ចំណែក​អ្នកគ្រូ ភិន ស្រី​ពៅ ជា​គ្រូបង្រៀន នៅ​សាលាបឋមសិក្សា​ស្រែ​អ៊ី ក្នុង​ឃុំ​សែន​មនោ​រម្យ អ្នកគ្រូ ក៏ត្រូវ​បាន​លោក សាន សូត្រ យក​ដី​របស់គាត់​ផងដែរ ដោយ​ក្រុមគ្រួសារ អ្នកគ្រូ មិនបាន​លក់​ដី​ឱ្យ​លោក សាន សូត្រ នោះទេ ប៉ុន្តែ​ដី​របស់គាត់ បែរជា​ត្រូវ​លោក សាន សូត្រ ទន្ទ្រាន​យក​ដែរ​”​។​

​អ្នកគ្រូ បាន​បន្តទៀតថា កាលពី ៤ ខែ​មុន (​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩) ក្រុម​លោក សាន សូត្រ បាន​នាំ​កម្មករ​ឯកជន មកពី​ខេត្តព្រះវិហារ និង​ខេត្តសៀមរាប ជាង ១០០ នាក់ មក​លួច​បំផ្លាញ បង្គោលរបង ផលដំណាំ និង​ផ្ទះ​ចាំចំការ ប្រជាពលរដ្ឋ (​លួច​ធ្វើ​ស្ងាត់ៗ តាំងពីព្រឹក​ព្រលឹម​ស្រាងៗ​) ដោយ​មិនមាន​មន្ត្រី អាជ្ញាធរ​រដ្ឋ ចូលរួម​ជាមួយ​នោះឡើយ​។

លើសពីនេះ​ទៀត សាលាស្រុក​អូររាំង លោកស្រី មេឃុំ​សែន​មនោ​រម្យ មេ​ប៉េអឹម​ស្រុក ក៏បាន​ហាមឃាត់ (​ក្រោយ​បំផ្លាញ​ជិត​រួចរាល់​) តែ​មិន​ស្តាប់​តាម និង​ក៏បាន​សួរនាំ អំពី​ច្បាប់​អនុញ្ញាត ក្នុង​ការនាំ​កម្លាំង​ឯកជន មក​លួច​ដក​របង ប្រជាពលរដ្ឋ ប៉ុន្តែ​គ្មាន​ការបង្ហាញ ឯកសារ​ច្បាប់ ជាក់លាក់​ឡើយ ដោយ​គ្រាន់តែ​ថា មាន​ព្រះរាជអាជ្ញា និង​ធ្វើតាម​ដីកា​តុលាការ ខេត្តមណ្ឌលគិរី​។ ហេតុ​នោះ​ហើយ ទើប​ប្រជាពលរដ្ឋ បាន​ប្តឹង​ទៅគ្រប់​ស្ថាប័ន នៅ​ខេត្តមណ្ឌលគិរី និង​ខាង​សិ​ទិ្ធ​មនុស្ស របស់​សម្តេច​តេ​ជោ “​គណៈកម្មាធិការ​សិ​ទិ្ធ​មនុស្ស​កម្ពុជា​” ឱ្យជួយ​អន្តរាគមន៍ ផ្តល់​យុត្តិធម៌​ឱ្យ​ប្រជាពលរដ្ឋ និង​ចាប់​ជនល្មើស ដាក់គុក​តាមច្បាប់​។​

​អ្នកគ្រូ បាន​បន្តទៀតថា បច្ចុប្បន្ន បើ​ទោះ​មិនទាន់ មានការ​ដោះស្រាយ ក៏​ប្រជាពលរដ្ឋ បាន​ចូលទៅ ដណ្តើម​កាន់កាប់ និង​អាស្រ័យ​ផល​ឡើងវិញ លើដី​ដែល​លោក សាន សូត្រ រំលោភ​យក​នោះ​មកវិញ បាន​ហើយ​។​

​ទាក់ទង​បញ្ហា​នេះ លោកស្រី ថ្វា​ន់ ត្រែ​ល មេឃុំ​សែន​មនោ​រម្យ បាន​ថ្លែងប្រាប់​គណៈប្រតិភូ នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ថា “​ចំពោះ​ករណី​ទំនាស់​ដីធ្លី រវាង​បងប្អូន​ប្រជាពលរដ្ឋ ជនជាតិដើម​ភាគតិច (​ព្នង​) ជាមួយ​លោក សាន សូត្រ លោកស្រី មិនបាន​ដឹងឮ អំពី​ឯកសារ​របស់ លោក​សាន សូត្រ នោះទេ ពីព្រោះ​ឯកសារ​ទាំងនោះ បាន​កើតមាន​តាំងពី​មេឃុំ អាណត្តិ​មុន​ម្ល៉េះ និង​មិនមាន​តម្កល់ទុក នៅក្នុង​សាលាឃុំ​ឡើយ ហើយ​លោកស្រី ទើបតែ​ឡើងជា​មេឃុំ នៅក្នុង​ឆ្នាំ​២០១៧ ប៉ុណ្ណោះ​។​

​ចំណែក​លោក សៀក មុន្នី អភិបាលស្រុក​អូររាំង បាន​ថ្លែងប្រាប់ អ្នកសារព័ត៌មាន នៅ​សាលាឃុំ កាលពី​រសៀល ថ្ងៃទី​៤ ខែមីនា ដែរ​ថា ឯកសារ​ដីធ្លី​ទាំងនោះ មាន​យូរណាស់​ហើយ មុនពេល​លោក មកកាន់​តំណែង​ទៅទៀត​។ ទោះជា​យ៉ាងណាក្តី រដ្ឋបាល​ស្រុក បាន​ព្យាយាម​ដោះស្រាយ​ជា ច្រើនលើក​មកហើយ តែ​មិនទាន់មាន​លទ្ធផល​អ្វី​ទេ ព្រោះ​ពេល​រដ្ឋបាល​ស្រុក អញ្ជើញ​ភាគី​ទំនាស់ លោក សាន សូត្រ ឱ្យមក​ដោះស្រាយ តែ​គាត់​មិន​ចូលខ្លួន មក​ដោះស្រាយ ជាមួយ​ភាគី​ប្រជាពលរដ្ឋ តាម​ការអញ្ជើញ​នោះទេ​។ ភាគី​លោក សាន សូត ក៏​មិនបាន​បញ្ជាក់ ពី​មូលហេតុ​ដែរ ។ ដូច្នេះ​សាលាស្រុក បានធ្វើ​របាយការណ៍ ដាក់ជូន​សាលាខេត្ត ដើម្បី​ពិនិត្យ​ហើយ​ដែរ​។​

​លោក​បាន​បន្តថា ដើម្បី​ការពារ​សិ​ទិ្ធ និង​ផលប្រយោជន៍ របស់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​របស់លោក និង​ផ្អែក​តាម​ការចង្អុលបង្ហាញ របស់លោក​អភិបាលខេត្ត សាលាស្រុក នឹង​ទុកពេល​អោយ​ភាគី លោក​សាន សូត្រ រយៈពេល ១៥ ថ្ងៃ ដើម្បី​ចូលមក​បំភ្លឺ និង​ដោះស្រាយ​ជាមួយ​ប្រជាជន ដែល​រង​ផលប៉ះពាល់ ក្នុងករណី​មិន​ចូលខ្លួន មក​ដោះស្រាយ​ទេ សាលាស្រុក នឹង​សម្រេច​តាម ឯកសារ​ភស្តុតាង និង​ការអះអាង ប្រជាពលរដ្ឋ រួមទាំង​លទ្ធផល​អ​ង្គេ​ត កន្លងមក របស់​សាលាស្រុក ក៏ដូចជា​យោបល់​របស់ ក្រុមប្រឹក្សាឃុំ​សែន​មនោ​រម្យ ដោយ​អនុញ្ញាតអោយ​ប្រជាពលរដ្ឋ ចូលកាន់​កាប់ និង​អាស្រ័យ​ផល លើដី​របស់​ពួកគេ ជាធម្មតា​ដូចដើម​វិញ ហើយ​ចំពោះ​ដី​ណា ដែល​លោក សាន សូត្រ បាន​ទិញ​ពិតប្រាកដ ពី​ប្រជាពលរដ្ឋ ផ្អែក​តាម​ការអះអាង របស់​ប្រជាពលរដ្ឋ ដែល​បាន​លក់​ឱ្យ លោក សាន សូត្រ កន្លងមក សាលាស្រុក នឹង​ទុក​ជូន​លោក​ដដែល ដោយ​មិនមាន​អ្នកណា អាច​បំពាន​យកបាន​ឡើយ​។​

​ចំពោះ​ករណីនេះ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី មិនទាន់​អាច​សុំ​ការបញ្ជាក់​បានទេ ប៉ុន្តែ​កន្លងមក បញ្ហា​ដូចគ្នានេះ និង​ករណី​បោះបង្គោល មិន​ប្រក្រតី​មួយចំនួន រដ្ឋបាលខេត្ត បាន​ដកហូត និង​រឹបអូស​មក​រក្សាទុក រាប់ពាន់​ហិកតា មកហើយ​៕v