ប្រធានាធិបតីអាម៉េរិក លោកដូណាល់ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៥ ខែមីនាថាសេដ្ឋកិច្ចអាម៉េរិកអាចនឹងរងផលប៉ះពាល់ពីការផ្ទុះឡើងនៃវីរុសCOVID-19 នេះប៉ុន្តែលោកបានព្យាករណ៍ថាបញ្ហាប្រឈមនេះនឹងកន្លងផុតទៅនៅទីបំផុតនោះនិងបានថ្លែងការពារការដោះស្រាយរបស់លោកចំពោះវិបត្តិនេះ។
លោក ដូណាល់ ត្រាំបានបង្ហាញខ្លួននៅក្នុងការជួបជុំមួយក្នុងអំឡុងឃោសនាបោះឆ្នោតឆ្នាំ២០២០ ដែលជាព្រឹត្តិការណ៍មួយដែលផ្សព្វផ្សាយដោយសារព័ត៌មានFox News Channel នៅចំពោះមុនពេលហ្វូងមនុស្សច្រើននៅ ទីក្រុងស្គែនថុន ក្នុងរដ្ឋផេនស៊ីលវ៉ានៀ ។
ក្នុងអំឡុងពេលនៃកម្មវិធីនោះ លោក ដូណាល់ត្រាំមានការព្រួយបារម្ភខ្លាំងទៅលើការប្រកួតប្រជែងជាមួយបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតនៅថ្ងៃទី០៣ខែវិច្ឆិកានិងបានច្រានចោលការលើកឡើងដែលថា របៀបដឹកនាំប្រឆាំងគំនិតផ្ទុយខ្លួននោះ ធ្វើឱ្យមានការបែកបាក់ខ្លាំងឡើងក្នុងសង្គមនយោយបាយរបស់អាម៉េរិក។
ការឆ្លងរីករាលដាលនៃវីរុសនេះបាននាំឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទីផ្សារភាគហ៊ុននិងធ្វើឱ្យមានការព្រួយបារម្ភចំពោះការធ្លាក់ចុះនៃសេដ្ឋកិច្ចខណៈដែលប្រធានាធិបតីមកពីគណបក្ស សាធារណរដ្ឋនេះបានស្នើឱ្យប្រជាជនអាម៉េរិកផ្តល់ការគាំទ្រសម្រាប់អាណត្តិទី២។
នៅពេលត្រូវបានសួរថាតើការផ្ទុះឡើងនៃវីរុសនេះប៉ះពាល់ដល់សេដ្ឋកិច្ចឬអត់នោះលោកដូណាល់ត្រាំបាននិយាយថា”វាប្រាកដជាមានផលប៉ះពាល់។ នៅពេលជាមួយគ្នានេះខ្ញុំត្រូវនិយាយថាឥឡូវនេះប្រជាជនកំពុងស្ថិតនៅសហរដ្ឋអាម៉េរិកដោយចំណាយប្រាក់របស់ពួកគេនៅសហរដ្ឋអាម៉េរិកហើយខ្ញុំចូលចិត្តបែបនោះ”។ លោកបាននិយាយថា ” អ្វីទាំងអស់ នឹងដំណើរការ។ មនុស្សគ្រប់គ្នាត្រូវតែស្ងប់ចិត្ត។ យើងមានផែនការសម្រាប់គ្រប់លទ្ធភាពទាំងអស់ហើយខ្ញុំគិតថានោះជាអ្វីដែលយើងត្រូវធ្វើ។ យើងសង្ឃឹមថា វានឹងមិនមានរយៈពេលយូរទេ”។
លោក ដូណាល់ ត្រាំបានបញ្ជាក់ជាថ្មីនូវការអះអាងរបស់លោកថាការរឹតត្បិតការធ្វើដំណើរដែលលោកបានដាក់លើប្រទេសចិនកាលពីពេលមុនដោយសារវិបត្តិនេះ បានជួយបន្ថយកម្រិតនៃការផ្ទុះឡើងនៃវីរុសនេះនៅសហរដ្ឋអាម៉េរិក។
ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិកដោយសារវីរុសនេះបានកើនឡើងដល់១២ នាក់កាលពីថ្ងៃព្រហស្បតិ៍ ហើយករណីឆ្លងថ្មីចំនួន ៥៣បានផ្ទុះឡើងនៅទូទាំងប្រទេសនេះ៕ប្រែសម្រួល៖សុខា/sn

លោក ដូណាល់ ត្រាំ ថ្លែងនៅការជួបជុំមួយ នៅទីក្រុងស្គែនថុនកាលពីថ្ងៃព្រហស្បតិ៍