ដោយ៖ដេប៉ូ/ភ្នំពេញ៖ការបំផុសឱ្យសិស្សានុសិស្សយុវជននិងពលរដ្ឋចាប់ផ្តើមអានសៀវភៅគឺជាយន្តការដ៏សំខាន់មួយដែលកំពុងស្ថិតក្នុងការយកចិត្តទុកដាក់របស់ក្រសួងអប់រំនិងក៏ដូចជាស្ថាប័នពាក់ព័ន្ធក្នុងវិស័យអប់រំ។ទិវាជាតិអំណានលើកទី៥នាឆ្នាំ២០២០នេះបានចាប់ផ្តើមហើយកាលពីព្រឹកថ្ងៃទី៦ខែមីនាឆ្នាំ២០២០នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឫហៅថា សាលាតិចណូ។

សម្រាប់ទិវាជាតិអំណានឆ្នាំនេះដែររៀបចំឡើងក្រោមប្រធានបទ «ការអានបណ្ដុះបញ្ញា ការស្រាវជ្រាវ និងនវានុវត្ដន៍»ដោយមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ខែមីនាឆ្នាំ២០២០នេះ។ថ្លែងបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការទិវាជាតិអំណានលើកទី៥នេះដែរលោកហង់ជួនណារ៉ុនរដ្ឋមន្ដ្រីក្រសួងអប់រំយុវជននិងកីឡារំពឹងថានឹងមានយុវជនចូលរួមក្នុងចន្លោះពី៤ទៅ៥ម៉ឺននាក់។

លោករដ្ឋមន្ត្រីបានអះអាងថា“ក្នុងទិវាជាតិអំណាននាឆ្នាំនេះសង្ឃឹមថាមានយុវជនចន្លោះពី៤ទៅ៥ម៉ឺននាក់នឹងចូលរួមក្នុងពិព័រណ៍សៀវភៅនិងទិវាជាតិអំណាននេះ។យុវជនយើងមួយចំនួនបានចាប់អារម្មណ៍ការអានកាន់តែច្រើនឡើង”។ជាមួយគ្នានេះលោកហង់ជួនណារ៉ុនបានលើកឡើងថាទិវាជាតិអំណាននេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់សាធាណជននិងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមគាំទ្រដើម្បីបណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាន និងលើកកម្ពស់ការអាន និងតែងនិពន្ធនៅកម្ពុជា។

គួរបញ្ជាក់ថាក្នុងទីវាអំណានជាតិលើកទី៥ដែលនឹងត្រូវរៀបចំឡើងនាថ្ងៃទី១១ខែមីនាឆ្នាំ២០២០ខាងមុខនេះក៏នឹងមានរៀបចំពិធីប្រកួតប្រជែងនិងប្រកាសលទ្ធផលជ័យលាភីលើវិញ្ញាសារអានអត្ថបទ ការស្មូតកំណាព្យនិងការតែងនិពន្ធជាដើម។ក្រៅពីនេះក៏មានការសិក្ខាសាលាស្តីពី”អំណានដំបូង”និងសិក្ខាសាលារស្តីពីការគ្រប់គ្រងបណ្តាល័យនិងផ្សព្វផ្សាយបណ្តាល័យដោយមានការចូលរួមពីគណៈប្រតិភូរាជធានីខេត្តទាំង២៥ ស្ថាប័នពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍នានាថែមទៀត៕S/

ស្តង់សៀវភៅនិងយុវជនស្រឡាញ់ការអាននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
