ដោយ​:​ពៅ​និមល​/​ភ្នំពេញ​:​នៅ​ទីស្តីការក្រសួង​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែមីនា​ឆ្នាំ​២០២០​នេះ​នាយកដ្ឋាន​នីតិកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម​បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឬ​អ៊ី​ខម​មើ​ស​(ECommerce)​។​ជូន​ដល់​វិស័យ​ឯកជន​ដោយមាន​ការចូលរួម​ពី​តំណាង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ សហគ្រាស​ធុន​តូច​និង​មធ្យម​(SME)​ពាណិជ្ជករ​អាជីវករ​និង​ក្រុមហ៊ុន​ឯកជន​នានា​ជិត ១០០​នាក់​។

​ក្នុង​សិក្ខាសាលា​នេះ​លោក​សុខ​សុភ័ក្ត្រ​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​និង​ជា​ប្រធាន​អនុគណៈកម្មការ​រៀបចំ​បទ​ប្បញ្ញត្តិ​សម្រាប់​អនុវត្ត​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក បាន​លើកឡើងថា ៖​រៀបចំឡើង​ក្នុង​គោលបំណង​បញ្ជ្រាប​នូវ​ការយល់ដឹង​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឱ្យបាន​ទូលំទូលាយ​ដល់​វិស័យ​ឯកជន​។ ជាពិសេស​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ អេឡិចត្រូនិក​ដូចជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អ៊ិន​ធឺ​ណិ​ត​គ្រឹះស្ថាន​ធនាគារ​និង​ក្រុមហ៊ុន​ផ្តល់​សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក្រុមហ៊ុន​ដឹកជញ្ជូន និង​បុគ្គល​ពាក់ព័ន្ធ​សំខាន់ៗ​ផ្សេងទៀត​។

​លោក​បានឱ្យដឹង​ទៀតថា​ក្រៅ​អំពី​ការផ្សព្វផ្សាយ​ខ្លឹមសារ​ទូទៅ​នៃ​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​សិក្ខាសាលា​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​វាគ្មិន​តំណាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ស្តីពី​កំណត់ត្រា​អេឡិចត្រូនិក​។​ហត្ថលេខា​អេឡិចត្រូនិក តំណាង​ធនាគារជាតិ​នៃ​កម្ពុជា ស្តីពី​ការទូទាត់​/​ការផ្ទេរ​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​និង​តំណាង​អគ្គនាយក​ដ្ឋា​ពន្ធដារ​ស្តីពី​កាតព្វកិច្ច​ពន្ធ និង​ការលើកទឹកចិត្ត​សម្រាប់ SME​។​

​លោក​រដ្ឋលេខាធិការ​បា​ន​បញ្ជាក់ថា​ដើម្បី​អនុវត្ត​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ក្រសួងពាណិជ្ជកម្ម​បាន​នឹង​កំពុង​រៀបចំ​នូវ​អនុក្រឹត្យ​ស្តីពី​ការអនុវត្ត​ច្បាប់​នេះ​ដែល​នឹង​កំណត់​អំពី​ការលើកលែង​ការកំណត់​ប្រភេទ​អាជ្ញា​បណ្ណ​បែបបទ​។​នីតិវិធី​នៃ​ការផ្តល់​ការអនុញ្ញាត​ឬ​អាជ្ញា​បណ្ណ​និង​ប្រកាស​រួមជាមួយ​នឹង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ស្តីពី​ក្រមសីលធម៌​វិជ្ជាជីវៈ​សម្រាប់​អន្តរការី និង​បុគ្គល​ផ្តល់​សេវា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។

​លោក​មានជំនឿថា​សិក្ខាសាលា​ខាងលើ​នឹង​ជម្រុញ​នូវ​ការយល់ដឹង​អំពី​សិទ្ធិ​កាតព្វកិច្ច​និង​ការទទួលខុសត្រូវ​រប​ស់​គ្រឹះស្ថាន​ក្រុមហ៊ុន​និង​សហគ្រាស​ក្នុងការ​ចូលរួម​អនុវត្ត​ច្បាប់​និង​បទ​ប្ប​ញ្ញ​តិ​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នៅពេលដែល​ច្បាប់​នេះ​ចូល​ជា​ធរមាន​។​

​សូមបញ្ជាក់ថា​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​(ECommerce)​នៅពេល​ដាក់ឱ្យអនុវត្ត​ម​ជា​ផ្លូវការ​គឺជា​រឿង​ល្អ​បំផុត​សម្រាប់​អ្នកធ្វើអាជីវកម្ម​នានា​។​ជាពិសេស​អ្នក​អាជីវកម្ម​ដែលមាន​ក្រុមហ៊ុន​ត្រឹមត្រូវ​និង​ច្បាស់លាស់​គឺអាច​ប្រើប្រាស់​បាន​ទាំង​ការលក់​និង​ការទិញ​ដោយ​ភាព​ទំនួល​ខុសត្រូវ​។​ព្រោះថា​ប្រជាពលរដ្ឋ​មួយចំនួន​មិនបាន​យល់ដឹង​ច្រើន​ឡើយ​ទៅលើ​ផលិតផល​មិនមាន​ការចុះបញ្ជី​ការ​តាមផ្លូវ​ច្បាប់​ឬ​អត់​។​
​ប៉ុន្តែ​ក្រោយ​ច្បាប់​ខាងលើ​គ្រោង​នឹង​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​គ្រប់​ផលិតផល​ទាំងអស់នោះ​នឹងមាន​ការចុះបញ្ជី​យ៉ាង​ត្រឹមត្រូវ​ជាក់​ជាមិនខាន​៕S/