ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកបានថ្លែងបញ្ជាក់ថាការងារគ្រប់គ្រងកម្លាំងក៏ជាការងារដែលត្រូវយកចិត្តទុកដាក់ជាពិសេសការគ្រប់គ្រងកម្លាំងដែលមានស្រាប់។កម្លាំងតិចប៉ុន្តែត្រូវផ្តោតលើគុណភាពនៃការបែងចែកកម្លាំង។ ពិតណាស់ បរិមាណ និងគុណភាព គឺជាកត្តាមួយ ប៉ុន្តែអ្វីដែលសំខាន់ផងដែរ គឺ “គុណភាពនៃបរិមាណ”។បរិមាណគឺចំនួននៅលើឯកសារ។គុណភាពគឺផ្អែកលើសមត្ថភាពរបស់យោធិនម្នាក់ៗ។

លោកបន្តថាដោយឡែក“គុណភាពនៃបរិមាណ”គឺមិនសំដៅត្រឹមតែទៅលើសមត្ថភាពរបស់យោធិនម្នាក់ៗនោះទេ។ប៉ុន្តែវាទាក់ទងជាចម្បងលើការចាត់តាំងគឺការចាត់តាំងឱ្យត្រូវហ្វឹកហ្វឺនឱ្យត្រូវដើម្បីធានាបាននូវ“គុណភាពនៃបរិមាណ”មួយដែលត្រឹមត្រូវ។ក្នុងនោះត្រូវមានការចាត់តាំងនាយទាហានដែលមានជំនាញឱ្យត្រូវគោលដៅហើយចំពោះនាយទាហានដែលកំពុងបម្រើការក៏ត្រូវបំប៉នពង្រឹងឱ្យចំគោលដៅផងដែរ។

ការថ្លែងបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងពិធីបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាសន្តិសុខឆ្នាំ២០២០របស់កងពលតូចអន្តរាគមន៍លេខ១ ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០។មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា ការងារហ្វឹកហ្វឺនគឺជាការអាទិភាពចាំបាច់ក្នុងនោះកម្លាំងដែលមានស្រាប់និងកម្លាំងបំពេញបន្ថែមត្រូវទទួលបាននូវការហ្វឹកហ្វឺនពង្រឹងសមត្ថភាពជាប់ជាប្រចាំ។ ម្យ៉ាងវិញទៀត បញ្ហាប្រឈមទៅអនាគត គឺបញ្ហាសមត្ថភាពនាយទាហានរបស់យើង ដែលមិនធ្លាប់ឆ្លងកាត់បទពិសោធន៍លើសមរភូមិ។

ដូច្នេះការហ្វឹកហ្វឺនព្រមទាំងការផ្ទេរបទពិសោធន៍ជាក់ស្តែងនិងចំណេះជំនាញពីនាយទាហានជំនាន់មុនក៏ជាកត្តាកំណត់មួយផងដែរដើម្បីធ្វើឱ្យនាយទាហានយើងខ្លាំងកងទ័ពយើងខ្លាំង។ចំពោះកងពលតូចអន្តរាគមន៍អាទិភាពការងារត្រូវផ្តោតជាសំខាន់លើការកសាងពង្រឹងក្នុងអង្គភាព, រៀបចំសាលាហ្វឹកហ្វឺន, ពង្រឹងទីកន្លែងហ្វឹកហ្វឺន,ជំរុំជម្រកស្នាក់នៅនិងហេដ្ឋារចនាសម្ព័ន្ធនានាក៏ដូចជាគ្រឿងបំពាក់និងមធ្យោបាយដឹកជញ្ជូនដែលចាំបាច់បម្រើឱ្យការងារហ្វឹកហ្វឺន។

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតក៏បានកោតសរសើរចំពោះស្នាដៃនិងសមិទ្ធផលការងាររបស់នាយទាហាននាយទាហានរងនិងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ១ដែលសម្រេចបាននៅក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី,ការថែរក្សាសន្តិភាពសុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ។ក៏ដូចជាការដឹកនាំគ្រប់គ្រងកម្លាំងប្រមូលផ្តុំមានរបៀបរៀបរយធានាបាននូវប្រសិទ្ធភាពនៃការងារហ្វឹកហ្វឺននិងការត្រៀមអន្តរាគមន៍តាមបទបញ្ជាជាពិសេសការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យដោយមានការចូលរួមខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងយោធិនទូទាំងកងពល។
ទាំងនេះបានបង្ហាញឱ្យឃើញច្បាស់អំពីស្មារតីម្ចាស់ការរឹងមាំរបស់អង្គភាពទន្ទឹមនឹងការចូលរួមជួយឧបត្ថម្ភគាំទ្រមួយផ្នែករបស់អង្គភាពសម្ព័ន្ធមេត្រីភាព។សូមអរគុណអង្គភាពសម្ព័ន្ធមេត្រីភាពដែលតែងបានជួយឧបត្ថម្ភគាំទ្រដល់កងពលតូចអន្តរាគមន៍លេខ១រហូតអង្គភាពមានការរីកចម្រើនជាលំដាប់ ។ដោះស្រាយបាននូវបញ្ហាលំបាកនិងតម្រូវការជាក់ស្តែងចំពោះមុខមួយចំនួនដែលនេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការពង្រឹងកងយោធពលខេមរភូមិន្ទដែលជាកម្លាំងស្នូលនៃខឿនការពារជាតិ៕S/
