ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ក្រុមអាជីវករ​ក្នុង​ផ្សារ​កំពង់​ប្រណាក​ដែល​ពួកគាត់​ភាគច្រើន​ជា​ម្ចាស់​តូប​បាន​ទិញ​ផ្តាច់មុខ​ក្នុងតម្លៃ​តូប​នីមួយៗ​ដោយ​ចាប់ពី​៣.០០០​ដុល្លារ​ដល់​១០.០០០​ដុល្លារ​។​តែ​តម្លៃ​នេះ​ពួកគាត់​មិន​ចោទថា​ថ្លៃ​នោះឡើយ​។​តែ​ចំណុច​សំខាន់​មាន​កត្តា​២​យ៉ាង​ដែល​នឹង​ប្រឈម​នៅមុខ​របរ​បស់​ពួកគាត់​នោះ​។​

​កត្តា​ទី​១.នៅពេលដែល​ពួកគាត់​ទិញ​តូប​ក្នុង​ផ្សារ​នេះហើយ​ពួកគាត់​មិនបាន​លក់​ក្នុង​តូប​ទេ​ដោយ​ពួកគាត់​លើកឡើងថា​មាន​ក្រុមអាជីវករ​មួយ​ចំនួន​បាន​ចេញមក​លក់ដូរ​នៅ​ខាងក្រៅ​នៅលើ​ចិញ្ចើមផ្លូវ​។​កត្តា​ទាំងនេះហើយ​ដែល​ធ្វើឱ្យ​អតិថិជន​ឬក៏​ម៉ូយ​របស់​ពួកគាត់​ឈប់​ចូលទៅ​ទិញ​ទំនិញ​ដែល​លក់​នៅ​ខាងក្នុង​ផ្សារ​នោះ​។​ធ្វើឱ្យ​ពួកគាត់​លក់​មិន​ដាច់​ខាត់​បង់​ដើមទុន​របស់​ពួកគាត់​​។​

​កត្តា​ទី​២.នៅពេលដែល​ពួកគាត់​ចេញមក​លក់​នៅ​ខាងក្រៅ​ផ្សារ​វិញ​នោះ​បែ​ជា​ម្ចាស់ផ្ទះ​ដែលមាន​ដី​នៅជាប់​ចិញ្ចើមផ្លូវ​ក្បែរៗ​ផ្សារ​ខាងលើនេះ​ដាក់​តម្លៃ​យក​ខ្ពស់កប់ពពក​ពី​ពួកគាត់​ដោយ​គិត​ក្នុង​មួយម៉ែត្រ​ដើរ​ក្នុង​មួយខែ​ចាប់ពី​៥០​ដុល្លារ​ទៅ​១០០​ដុល្លារ​។​តម្លៃ​ទាំងនេះហើយ​ដែល​ធ្វើឱ្យ​ពួកគាត់​រត់​មិន​រួច​នឹង​ភាស៊ី​និង​ថ្លៃ​ឈ្នួល​ដី​។

ចំណុច​មួយទៀត​ក្រុមអាជីវករ​មួយចំនួនក៏​​មានការ​យល់ឃើញ​ផងដែរ​ថា​ក្នុងកា​លក់ដូរ​នៅលើ​ចិញ្ចើមផ្លូវ​ដូច​សព្វថ្ងៃនេះ​វា​មិន​សមរម្យ​ឡើយ​។​ដោយ​​ខ្វះ​អនាម័យ​,​ភាពអនាធិបតេយ្យ​ប៉ះពាល់​ដល់​អ្នកធ្វើដំណើ​រ​ឆ្លងកាត់​ទៀតផង​។​

​ពាក់ព័ន្ធ​ការលើកឡើង​របស់​ក្រុមអាជីវករ​លោក​ប៉ុក​ងួន​ប្រធាន​គណៈកម្មការ​ផ្សារ​និង​ជា​អភិបាលរង​ស្ដីទី​ក្រុង​ព្រះវិហារ​បាន​ប្រាប់​អ្នក​សា​ព័ត៌មាន​នៅ​ល្ងាច​ថ្ងៃទី​៦​ខែមីនា​ឆ្នាំ​២០២០​ថា​លោក​នឹងមាន​គោលការណ៍​ហើយ​តែ​មិនទាន់បាន​អនុវត្តន៍​។​ពីព្រោះលោក​មិនទាន់បាន​ជូនដំណឹង​ដល់​ពួកគាត់​ជាមុន​។​

ម្យ៉ាងវិញទៀត​ដោយសារ​កម្លាំង​សមត្ថកិច្ច​មិនទាន់បាន​មូលគ្នា​លោក​ថា​លោក​នឹងមិន​ទុកឱ្យ​អាជីវករ​ទាំងនោះ​យក​ចិញ្ចើមផ្លូវ​សាធារណៈ​មក​ធ្វើ​អាជីវកម្ម​នោះឡើយ​។​យ៉ាងយូរ​ពាក់​កណ្តាលខែ​មីនា​នេះ​លោក​នឹង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ហើយ​៕S/​សរន