កិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣
ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះ នៃគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ និងនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាព សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ កាលពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកាចុងឆ្នាំនេះ នៅរាជធានីភ្នំពេញ ក្រោមមូលបទ “ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា”។
កិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ គោលបំណងចម្បង គឺដើម្បីផ្សព្វផ្សាយត្រួតពិនិត្យការងារធ្វើយ៉ាងណាការពារសន្តិសុខ សុវត្ថិភាពកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឲ្យខានតែបាន។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹម ខឿន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា កិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយផែនការការពារកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ។ កិច្ចប្រជុំនេះ ផ្សព្វផ្សាយផែនការនឹងការប្រគល់ភារកិច្ចជូនដល់អង្គភាពពាក់ព័ន្ធទាំងអស់ ដែលជារួមមាន ១៣ស្ថាប័ន អង្គភាព ចូលរួមនៅក្នុងការអនុវត្តផែនការនេះ ហើយផែការនេះកសាងឡើងដោយអនុគណៈកម្មការទី៥ (អនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសងង្គ្រោះបឋម) នៃគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០។
លោកបញ្ជាក់ថា កិច្ចប្រជុំផ្តោតសំខាន់បញ្ជាក់អំពីគោលបំណង និងសំណូមពរ នៃការរៀបចំផែនការ ធ្វើយ៉ាងណារៀបចំការពារកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឲ្យសម្រេចបានជោគជ័យដើម្បីលើកកិត្តិយសជាតិ និងកិត្យានុភាពជាតិ ដោយរៀបចំឲ្យមានយន្តការដឹកនាំ និងបែងចែកការទទួលខុសត្រូវច្បាស់លាស់ក្នុងការអនុវត្តផែនការ ក្នុងការចាត់តាំងកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់កិច្ចប្រជុំ។ ផែនការផ្តោតសំខាន់ទៅលើកិច្ចការពីរ ។គឺទី១.ការពារគោលដៅ និងទី២.ការពារមុខសញ្ញា។ គោលដៅដែលគិតជារួម គឺគោលដៅនៅអាកាសយានដ្ឋាន តាមក្បួនប្រតិភូ តម្រាយផ្លូវឆ្លងការតាមដងផ្លូវ អមសងខាងផ្លូវរបស់គណប្រតិភូ និងសណ្ឋាគារស្នាក់នៅ កន្លែងប្រជុំ ជប់លាង ទស្សនកិច្ចផ្សេងៗ។ ដោយឡែកមុខសញ្ញាដែលត្រូវការពារសំខាន់បំផុត គឺឥស្សរជនជាន់ខ្ពស់របស់កម្ពុជា និងឥស្សរជនជាន់ខ្ពស់របស់អន្តរជាតិដែលចូលរួម។ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ គឺមានការចូលរួម ៥០ប្រទេស និងពីរស្ថាប័ន គឺប្រទេសនៅអឺរ៉ុប និងនៅអាស៊ីចំនួន៥០ និងអគ្គលេខាធិការដ្ឋានអាស៊ាន រួមជាមួយអគ្គលេខាធិការដ្ឋានសហភាពអឺរ៉ុប។
នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានណែនាំឲ្យគ្រប់អង្គភាព និងគោលដៅទាំងអស់យកផែនការយកទៅរៀបចំជាផែនការលម្អិតជាក់ស្តែងក្នុងការដាក់ពង្រាយកម្លាំងតាមគោលដៅទទួលខុសត្រូវរបស់ខ្លួន ខំលើកកម្ពស់ហ្វឹកហាត់ហ្វឹកហ្វឺនកងកម្លាំងឲ្យបានស្ទាត់ជំនាញ និងរៀបចំផែនការបញ្ជាដឹកនាំឲ្យបានច្បាស់លាស់។
នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិតក៏បានសង្កត់ធ្ងន់ទៅលើការងារពង្រឹងស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ក្នុងប្រទេស និងប្រយុទ្ធប្រឆាំងជាមួយបទល្មើសគ្រប់ប្រភេទ និងមានផែនការរៀបចំសុវត្ថិភាពសណ្តាប់សង្គម រួមទាំងត្រៀមសង្គ្រោះអគ្គិភ័យ និងការដោះស្រាយការកកស្ទះចរាចរណ៍ជាដើម។ល។
អគ្គស្នងការនគរបាលជាតិបានផ្តល់នូវមតិបីចំណុចសំខាន់បន្ថែមទៀតដើម្បីជំរុញផែនការកាន់តែមានលក្ខណៈត្រៀមប្រុងប្រយ័ត្នសន្តិសុខខ្ពស់បន្ថែមទៀត ដោយសារកម្ពុជាទើបបានរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នេះ ជាលើកដំបូង និងជាប្រវត្តិសាស្ត្រថែមទៀត។ អនុសាសន៍ទាំងបីចំណុចរួមមានៈ ១. ការព្យាករណ៍ផ្តោតលើឥទ្ធិពលជាសកលជាពិសេសពាក់ព័ន្ធបញ្ហាភេរវកម្មនិងឧបាយកលសកម្មភាពពួក ឧទ្ទាមកម្មនិងការបង្កចលាចលតាមប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺណិត។ ២. គោលបំណង ដែលបញ្ជាក់នូវកិច្ចការពារនិងការធានាឲ្យបានគត់មត់នូវកត្តាសន្តិសុខ, មុខសញ្ញានិងគោល ដៅដែលត្រូវការពារនិងការធ្វើផែនការតាមកន្លែងគោលដៅនីមួយៗដើម្បីរក្សាសន្តិសុខនិងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងទី៣. ទិសដៅ ដែលកំណត់គ្រប់មុខព្រួញជាមួយនឹងធ្វើផែនការតាមសកម្មភាពជាក់ស្តែងតាមគ្រប់គោលដៅ និងធ្វើផែនការធានាសុវត្ថិភាពសន្តិសុខនៅទូទាំងប្រទេស។
ចំណែកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងបង្ហាញការឯកភាពទាំងស្រុងចំពោះខ្លឹមសារនៃផែនការការពារសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាព និងបានលើកឡើងនូវមតិ ណែនាំខ្លះបន្ថែមទៀតដើម្បីជម្រុញការអនុវត្តផែនការប្រព្រឹត្តទៅដោយរលូនសម្រាប់កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី ១៣ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា។
យោងតាមរបាយការណ៍របស់គណៈកម្មការការពារសន្តិសុខសណ្ដាប់ធ្នាប់បានឲ្យដឹងថា កម្ពុជាបានត្រៀមសណ្ឋាគារចំនួន ២០សណ្ឋាគារ សម្រាប់ទទួលការស្នាក់នៅរបស់គណៈប្រតិភូជាន់ខ្ពស់និងគណៈប្រតិភូអមដំណើរក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនេះ ក្នុងនោះមាន ៩សណ្ឋាគារធំៗត្រូវបានរៀបចំសម្រាប់គណៈប្រតិភូជាន់ខ្ពស់ និង ១១សណ្ឋាគារ ទៀត ត្រៀមបម្រុងសម្រាប់តម្រូវការរបស់សមាជិកប្រតិភូនិងគណៈប្រតិភូផ្សេងទៀត៕សរន