អនុប្រធានាធិបតីអាម៉េរិក ម៉ៃ ផេន បានប្រកាសកាលពីថ្ងៃសុក្រទី៦មីនាថា មនុស្ស ២១ នាក់នៅលើនាវាកម្សាន្តមួយគ្រឿងនៅឆ្នេរសមុទ្រកាលីហ្វ័រញ៉ា បានធ្វើតេស្តវិជ្ជមានវីរុសរ៉ូណា ហើយ១៩នាក់ក្នុងចំណោមពួកគេជាសមាជិកនាវិក ចំពេលមានភស្តុតាងបង្ហាញថា នាវានេះជាកន្លែងផ្តល់កំណើតសម្រាប់មេរោគ​ជាង១០ករណីអំឡុងការធ្វើដំណើរមុនៗរបស់វា។

លោកបាននិយាយថា មន្រ្តីសហព័ន្ធកំពុងធ្វើការជាមួយអាជ្ញាធររដ្ឋកាលីហ្វ័រញ៉ា​លើផែនការនាំកប៉ាល់នេះទៅកាន់កំពង់ផែមិនមែនពាណិជ្ជកម្ម។ មិនទាន់មាន​ព័ត៌មានណាមួយបញ្ជាក់ច្បាស់ថាតើវានឹងចតទីណានិងពេលណានោះទេ ហើយក្នុងពេលដំណាលគ្នានេះដែរ មនុស្សគ្រប់គ្នាដែលជិះលើកប៉ាល់​បានបង្ខាំងខ្លួនឯងនៅក្នុងបន្ទប់។

លោកផេននិយាយថា “អ្នកដំណើរនិងនាវិកទាំងអស់នឹងត្រូវបានធ្វើតេស្តរក​មេរោគ។ អ្នកដែលត្រូវដាក់ដាច់ដោយឡែក នឹងត្រូវដាក់ដាច់ដោយឡែក។ អ្នកដែលត្រូវការជំនួយផ្នែកវេជ្ជសាស្រ្ត នឹងទទួលបានជំនួយវេជ្ជសាស្ត្រ”។

លោកផេននិយាយថា មនុស្ស ៤៦ នាក់ក្នុងចំណោមមនុស្សជាង ៣.៥០០ នាក់នៅលើនាវា ត្រូវបានធ្វើតេស្តនៅជុំទីមួយ។ មនុស្សពីឧទ្ធម្ភាគចក្រយោធា​មួយគ្រឿងបានទម្លាក់ចុះនូវឧបករណ៍ធ្វើតេស្តទៅលើកប៉ាល់ Grand Princess ប្រវែង ២៩០ ម៉ែត្រ តាមរយៈខ្សែពួរកាលពីថ្ងៃព្រហស្បតិ៍ ហើយក្រោយមក​បានប្រមូល​សំណាកសម្រាប់ធ្វើវិភាគ ខណៈនាវាកំពុងរង់ចាំនៅក្បែរឆ្នេរទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ ក្រោមការបញ្ជាឱ្យនៅចម្ងាយពីច្រាំង។

មន្ត្រីសុខាភិបាល ដែលព្យាយាមកំណត់ថាតើវីរុសកូរ៉ូណាកំពុង​សាយភាយ​នៅលើនាវា Grand Princess ឬអត់នោះ បានរៀបចំការធ្វើតេស្ត បន្ទាប់ពីមាន​សេចក្តីរាយការណ៍ថាអ្នកដំណើរម្នាក់នៅលើកប៉ាល់នេះកាលពីដំណើរលើកមុន​កាលពីខែកុម្ភៈ បានស្លាប់ដោយសារវីរុសកូរ៉ូណា។

កាលពីប៉ុន្មានថ្ងៃមុន អាជ្ញាធរសុខាភិបាលបានបង្ហើបឱ្យដឹងថា យ៉ាងហោចណាស់​មានមនុស្ស ១០ នាក់ផ្សេងទៀត ដែលបានធ្វើដំណើរជើងមុនដូចគ្នា ក៏ត្រូវបាន​រកឃើញថាឆ្លងមេរោគនេះដែរ។ ហើយអ្នកដំណើរខ្លះនៅលើដំណើរគ្រាមុននោះ បានបន្តធ្វើដំណើរលើជើងបច្ចុប្បន្ន ដោយរឹតបង្កើនលទ្ធភាពឆ្លងវីរុសទៅបុគ្គលិក​ធ្វើការនៅលើនាវា៕ ដោយ ៖ កញ្ញាដាលីស/Ha