អ្នកដើរផ្សារបានប្រញាយគ្នាទិញទឹករ៉ែ និងក្រដាសអនាម័យអស់ៗពីផ្សារ ខណៈការទិញទាំងស្លន់ស្លោបង្កឡើងដោយវីរុសកូរ៉ូណាបានកើនឡើងនៅទីក្រុងឡូសអ៊ែនជេឡេសក្នុងសប្តាហ៍នេះ។
ពីរថ្ងៃក្រោយរដ្ឋកាលីហ្វ័រញ៉ាប្រកាសអាសន្នទូទាំងរដ្ឋ បណ្តាផ្សារទំនើបលក់ដុំទាំងអស់មិនអាចទប់ជាប់នឹងតម្រូវការកើនឡើងខ្ពស់សម្រាប់ផលិតផលប្រើប្រាស់ចាំបាច់ជាច្រើនមុខបានទេកាលពីថ្ងៃសុក្រទី៦មីនា ខណៈពលរដ្ឋត្រៀមខ្លួនសម្រាប់វិបត្តិដ៏អាក្រក់។
នាងរីន បុគ្គលិកនៅផ្សារទំនើប Costco នៅសង្កាត់ប៊ួប៊ែង និយាយថា “វាជាចលាចល។ ចំនួនអតិថិជនរបស់យើងកើនឡើងទ្វេដងខុសពីធម្មតា។ ថ្ងៃនេះគឺលែងម្ចាស់ការបានទៀតហើយ។ ហេតុដូច្នេះហើយទើបយើងដាច់ស្តុកក្រដាសបង្គន់ ដាច់ស្តុកទឹកគ្រប់ប្រភេទ ដាច់ស្តុកទឹកអនាម័យ”។
មនុស្សម្នាក់បានស្លាប់នៅរដ្ឋកាលីហ្វ័រញ៉ា ហើយមកទល់ពេលនេះគិតត្រឹមថ្ងៃសុក្រទី៦មីនា មានករណីវីរុសកូរ៉ូណាចំនួន ៦៩ ហើយនៅសហរដ្ឋអាម៉េរិក ដែលក្នុងនោះរដ្ឋវ៉ាស៊ីនតោនក្បែរនោះក៏មានស្លាប់១ករណីដែរ៕ ដោយ៖ កញ្ញាដាលីស/Ha