ដោយ:ម៉ារ៉ា/ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង កើតហេតុយ៉ាងអាណោចអាធ័ម និងប្រុសស្រីពីរនាក់ទៀតបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងឌុបគ្នាជ្រុលទៅបុករថយន្តដឹកទំនិញធុនធំបើកឆ្លងផ្លូវពេញទំហឹង កាលពីវេលាម៉ោង ១១ និង ២៥ នាទីយប់ថ្ងៃទី ៦ ខែមីនាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ កែងនិងផ្លូវមហាវិថីឈ្នះ ឈ្នះ ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តដឹកទំនិញធុនធំមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយក្បាលពណ៌សពាក់ផ្លាកលេខព្រះសីហនុ3A-4863 ធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើឆ្លងផ្លូវជាតិលេខ ៤ ឆ្ពោះទៅទិសខាងកើត។ ខណៈនោះក៏មានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ពណ៌ខ្មៅស៊េរីឆ្នាំ ២០២០ ពាក់ផ្លាកលេខភ្នំពេញ1IA-6055ជិះដោយបុរសម្នាក់រួមដំណើរនឹងបុរសស្រ្តីពីរនាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៤ ទិសដៅពីកើតទៅលិចចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំកង់រថយន្តចំហៀងខាងស្ដាំពេញទំហឹង បណ្ដាលឲ្យបោកក្បាលស្លាប់បុរសម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងពីរនាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ រីឯអ្នកបើករថយន្តធុនធំឃើញសភាពមិនស្រួល ចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុ រួចដឹកតាមរថយន្តទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕/B/Ha


