ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ តាំងពីតដូវវវស្សាឆ្នាំ២០១៩ មកទល់រដូវប្រាំងខែមីនាឆ្នាំ២០២០នេះ សត្វស្លាបចម្រុះពិសេសចង្កៀលខ្យងបានបន្តកើនចំនួន ហើយបង្ហាញវត្តមានដោយគ្មានបារម្ភភាពភ័យខ្លាចនៅតាមវាលស្រែ បឹងបួរត្រពាំង អូរ ប្រឡាយនិងវាលនៅជាយភូមិអ្នកស្រុក ឬជិតៗផ្លូវនៅភូមិសាស្ត្រស្រុកអូរជ្រៅ ម៉ាឡៃនិងក្រុងប៉ោយប៉ែត ព្រមទាំងបណ្តោយព្រំថែនកម្ពុជា ថៃជាដើម។
គេបានឃើញសត្វស្លាបទាំងនោះ ហិចហើរលើវេហារនិងចុះរកចំណីរលើទីតាំងដូចខាងលើ ដែលទិដ្ឋភាព និងជីវភាពរស់នៅរបស់មនុស្សនិងសត្វហាក់ដូចក្នុងបរិស្ថានធម្មជាតិមួយ ។
ប្រជាពលរដ្ឋនិងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចនៅស្រុក ក្រុងទាំង៣ដូចខាងលើអោយកាសែតរស្មីកម្ពុជាដឹងកាលពីថ្ងៃទី៧ខែមីនាឆ្នាំ២០២០ថា ដីវាលស្រែនិងទីសាធារណៈមួយចំនួនតាំងពីរដូវវស្សា រដូវរំហើយមកទល់រដូវប្រាំងនេះ វត្តមានសត្វស្លាបគោក សត្វស្លាបទឹកបានចុះច្រើន។ សត្វស្លាបខ្លះរកសុីកូនសត្រី ក្តាមខ្យង កូនកង្កែប កូនស្ងើន សត្វល្អិតមានកណ្តូប ចង្រឹត ត្មុលនិងគ្រាប់ស្មៅ។
លោកនៅ និល នាយសង្កាត់រដ្ឋបាលព្រៃឈើអូរជ្រៅប្រាប់កាសែតរស្មីកម្ពុជាកាលពីថ្ងៃទី៧ខែមីនាឆ្នាំ២០២០ ថា៖ សត្វស្លាបបង្ហាញវត្តមានដោយចុះរកសុិចំណីនិងហិចហើរប្រឡែងគ្នាទាំងហ្វុូងៗ ទាំងនោះមានដូចជា ចង្កៀលខ្យង ក្រសារ ប្ររឹក ប្រវែក ក្អែកទឹក ក្អែកគោក ទុង ខ្វែក កុក ។ល។
លោកបន្តថា វត្តមានសត្វស្លាបច្រើន គួរអោយគយគន់នេះ បានបង្ហាញថា មនុស្សនិងសត្វលែងចងគ្នាជាសត្រូវ ។ពិសេសគឺ៧០ទៅ៨០ភាគរយ មនុស្សជាព្រានប្រម៉ង់លែងបរបាញ់ ដាក់អន្ទាក់ ដាក់ថ្នាំបំពុលនិងចាប់សត្វ។ ហើយការតាមដាន អង្កេតតាមកន្លែងធ្លាប់លបលួចលក់សត្វព្រៃនៅម្ត់ុផ្លូវជាតិលេខ៥៩ កូនដំរីក្នុងសង្កាត់និមិតកត ក៏ដូចតាមកន្លែងលក់ដូរឬទីផ្សារឯទៀត ក៏សឹងតែគ្មាដែរ។
លើកលែងតែពស់ អណ្តើកនិងល្មូនខ្លះដែលជាប្រភេទសត្វសម្រាប់ធ្វើម្ហូបដែលគេជនជាតិថៃមិនបរិភោគ ហើយគេលួចនាំចូលមកកម្ពុជាតាមច្រករបៀងព្រំដែន។
ចំណែកមន្ត្រីនគរបាលនិងមន្ត្រីអាជ្ញាធរភូមិ ឃុំអោយដឹងថ្ងៃទី៧ខែមីនាថា ការយាយី ដាក់ថ្នាំនិងប្រមាញ់សត្វស្លាបត្រូវបានទប់ស្កាត់បង្ក្រាបបានស្ទើរទាំងស្រុង។ ជាពិសេស គឺពលរដ្ឋបានចូលរួមសហការឬអាចថា ពួកគាត់លែងបៀតបៀនសម្លាប់សត្វ។
ក្នុងនោះ នៅតំបន់ខាងលើ មានអំណោយផលមួយទៀត គឺសត្វស្លាបតែងហើរឆ្លងដែនទៅមករវាងទឹកដីថៃនិងកម្ពុជា ហើយបើពួកវាមានការភ័យខ្លាច ពួកវានឹងហើរឆ្លងព្រំដែនចូលទៅប្រទេស វានឹងមានសុវត្ថិភាពទាំងស្រុងព្រោះពលរដ្ឋថៃមិនត្រឹមមិនបរបាញ់សត្វព្រៃទេ តែពួកគេមានតំណម មិនបរិភោគសាច់សត្វព្រៃឡើយ៕/B