ដោយ:គ្រញូង/បាត់ដំបង ៖ ចាប់ពីម៉ោង២២និង៣០នាទី ថ្ងៃទី៥ រហូតដល់​ម៉ោង១ និង៣០នាទីឈានចូលថ្ងៃទី៦ខែមីនាឆ្នាំ២០២០​សមត្ថកិច្ចជំនាញ​នៃអធិដ្ឋាននគរបាលស្រុកសង្កែបានបើកយុទ្ធនាការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនៅភូមិសាស្ត្រស្រុកសង្កែនៃខេត្តបាត់ដំបងដោយបានឃាត់ខ្លួនជនសង្ស័យនិងក្រុមក្មេងទំនើងសរុបចំនួន ១២នាក់ដែលជាប់ពាក់ព័ន្ធទៅនិងករណីរក្សាទុកដោយ​ខុសច្បាប់នូវសារធាតុញៀននិងជិះម៉ូតូបំពង់ស៊ីម៉ាំងប្រែនកែថ្នៃខុសលក្ខណៈបច្ចេកទេស។

លោកវរសេនីយ៍ឯកស៊ុន សុវណ្ណអធិការនគរបាលស្រុកសង្កែបានឲ្យដឹងថា ក្នុងចំណោម ជនសង្ស័យទាំង១២នាក់ ក្នុងនោះពីរនាក់ជាប់ពាក់ព័ន្ធករណីរក្សាទុក​ថ្នាំញៀនមាន ១-ឈ្មោះ ឡយ វិរះ ភេទប្រុស អាយុ២៤ឆ្នាំរស់នៅភូមិអូរខ្ចាយ​ឃុំវត្តតាមិមស្រុកសង្កែខេត្តបាត់ដំបង(ជាមុខសញ្ញាចែកចាយ)និងឈ្មោះយ៉ាន.លីហ៊ួរ ភេទស្រី​អាយុ២១ឆ្នាំ មានទីលំនៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល​ខេត្តបាត់ដំបង ជាសង្សារនិងគ្នា។ចំណែកក្មេងទំនើងអ្នកលេងបំពង់ស៊ីម៉ាំងម៉ូតូប្រែនកែច្នៃ១០នាក់ពិនិត្យមានសារធាតុញៀនទាំងអស់ ដោយឡែក២នាក់ផ្សេងទៀតត្រូវឃាត់ខ្លួនពីបទរក្សាទុក​ថ្នាំញៀន។

លោកអធិការស្រុកសង្កែបានបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យ​ប្រុសស្រីទាំងពីរ​នាក់សមត្ថកិច្ចបានរកឃើញវត្ថុតាងថ្នាំញៀនប្រភេតមេតំហ្វេតាមីនចំនួន១ថង់​នទម្ងន់ ១,១៨ក្រាម -ទូរស័ព្ទដៃ៣គ្រឿង លុយខ្មែរ១០ម៉ឹនរៀល,កាបូបស្ពាយ១​សម្រាប់លាក់ថ្នាំ,និងម៉ូតូ១គ្រឿង។

ដោយឡែកក្រុមក្មេងម៉ូតូបំពង់ស៊ីមុំាងប្រែនកែឆ្នៃខុសលក្ខណៈបច្ចេកទេសចំនួន១០នាក់ត្រូវបញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដើម្បីធ្វើតេស្តពិនិត្យទឹកនោមស្វែងរកសារធាតុញៀន។ជាលទ្ធផលសមត្ថកិច្ចជំនាញបានពិនិត្យឃើញ​មាន​សារធាតុ​ញៀនទាំង១០នាក់តែម្តង ហើយក្រោយមកក៏បាន​ធ្វើការអប់រំបញ្ឈប់ការប្រើប្រាស់និងហៅអាណាព្យាបាលមកធានាយកទៅលំនៅដ្ឋានវិញដើម្បីធ្វើការអប់រំបន្ត។

ចំណែកជនសង្ស័យប្រុសស្រីទាំងពីរនាក់ដែលជាប់ពាក់ព័ន្ធករណីរក្សាទុកនូវសារធាតុញៀនត្រូវលោកស្នងការខេត្តបញ្ជាឲ្យកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕/B/Ha