ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២០ អង្គការ WCS បានរៀបចំទស្សនកិច្ចសិក្សាសម្រាប់សិស្សានុសិស្សចំនួន ៣០០នាក់ មកពីសាលាបឋមសិក្សាចំនួនបីគឺ ឈូក ព្រៃខ្លា និងកំពង់វាំង ទៅកាន់ តំបន់អភិរក្សសត្វខ្សឹបស្ទោង ស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាផ្នែក មួយនៃតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ដើម្បីទស្សនា និងឈ្វេងយល់អំពីសត្វខ្សឹបដែលជាប្រភេទសត្វជិតផុតពូជបំផុតនៅលើសាកលលោក។

មានសត្វខ្សឹបតិចជាង ៥០០ក្បាលកំពុងមានវត្តមាននៅក្នុងទីជម្រកធម្មជាតិ ដែលភាគច្រើនមាននៅក្នុងប្រទេសឥណ្ឌា។ ចំនួនសត្វខ្សឹបនៅក្នុង​ប្រទេស​កម្ពុជាមានតិចជាង ១៥០ក្បាល ដែលវត្តមានរបស់វាស្ទើរតែទាំងអស់មាននៅ​ក្នុងតំបន់វាលស្មៅនៃតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ស្ថិតក្នុង​ខេត្តកំពង់ធំ។

សហគមន៍មូលដ្ឋានដើរតួនាទីដ៏សំខាន់ចូលរួមក្នុងសកម្មភាពអភិរក្ស ដោយធ្វើការ​ការពារទីជម្រកនិងសម្បុកពងកូនរបស់សត្វខ្សឹប និងជាអ្នកជូនភ្ញៀវទេសចរ​ធម្មជាតិ។

តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប បានបង្កើតឡើងនៅឆ្នាំ ២០១៦ គ្របដណ្តប់លើផ្ទៃដីទំហំ ៣១.១៥៩ហិកតា។ អង្គការ WCS កំពុងធ្វើការយ៉ាង​ជិតស្និទ្ធជាមួយក្រសួងបរិស្ថានដើម្បីធ្វើការអភិរក្សតំបន់ទេសភាពនិងប្រភេទសត្វស្លាបសំខាន់ៗ ដូចជា សត្វខ្សឹបនេះ តាមរយៈការអប់រំផ្សព្វផ្សាយបង្កើន​ការយល់ដឹង ការអនុវត្តន៍ច្បាប់ ការការពារសម្បុក ទេសចរណ៍ធម្មជាតិ និងការធ្វើកសិកម្មសង្គ្រោះសត្វខ្សឹបតាមរយៈ​គម្រោងនិរន្តរភាពស្រូវ (SRP)។ដោយឲ្យសហគមន៍ការពារសត្វខ្សឹប ធ្វើស្រែទទួលផលស្រូវរួចយកស្រូវនេះ​មកលក់ឲ្យអង្គការWCS ក្នុងតម្លៃមួយបានផលចំណេញទៅ​សហគមន៍​ទៅវិញ៕/B/Ha