​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​០៦​មីនា​ថា​ ​ប្រទេស​ចំនួន​៩​ដែល​បាន​បរិច្ចាគទាហាន​និង​ប៉ូលិស​ដល់​ប្រតិបត្តិ​ការថែរក្សា​សន្តិភាព​ក្រោម​ទង់​​អង្គការសហប្រជាជាតិ កំពុង​ពន្យារ​ការបញ្ជូន​កងកម្លាំង​ជំនួស​(​ដូរ​វេន​)​រយៈពេល​៣​ខែ ដោយសារតែ​ការផ្ទុះ​កូរ៉ូណា​វីរុស​ថ្មី​។​

​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​ លោក​នី​ក បៀ​ន​ប៊ែក បាន​និយាយថា ការពន្យារពេល​ដូរ​កងកម្លាំង​៣​ខែ​នេះ នឹង​អាច​ឲ្យ​បេសកកម្ម​អង្គការ​សហ​ប្រជា​ជា​​តិ​នៃ​ប្រទេស​ទាំងនេះ​រក្សា​កម្លាំង​ប្រតិបត្តិការ​និង​អនុវត្ត​ភារកិច្ច​តាម​អាណត្តិ​របស់​គេ​។​

​នាយកដ្ឋាន​ប្រតិបត្តិការ​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ បាន​និយាយថា គិត​មក​ត្រឹម​ថ្ងៃ​សុក្រ ប្រទេស​ដែល​កែសម្រួល​ផែនការ​ដូរ​វេន​ទាហាន​និង​ប៉ូលិស​រប​​ស់​គេ រួមមាន កម្ពុជា ចិន បារាំង អាឡឺម៉ង់ ឥណ្ឌា អ៊ីតាលី នេ​ប៉ាល់ កូរ៉េខាងត្បូង និង​ថៃ​។​

​នាយកដ្ឋាន​បានឲ្យដឹងថា ខ្លួន​នឹង​ត្រូវ​ផ្អាក​ឬ​ពន្យារ​ពេល​ការបញ្ជូន​ឬ​ដូរ​កងកម្លាំង​ខ្លះ​មក​កាន់​ប្រតិបត្តិ​ការថែរក្សា​សន្តិភាព​នៅ​កុង​ហ្គោ លី​បង់​និង​ស៊ូដង់​​ខាងត្បូង​។​

​ទោះជា​ការពន្យារពេល​ដូរ​កងកម្លាំង​នេះ​មកពី​ការផ្ទុះ​កូរ៉ូណា​វីរុស ក៏​ពុំ​មាន​សេចក្តីរាយការណ៍​អំពី​ការរកឃើញ​វីរុស​ឆ្លង​នៅក្នុង​បេសកកម្ម​នៅ​សមរភូមិ​របស់​អង្គការ​សហប្រជាជាតិ​ទេ​៕​ប្រែ​សម្រួល​៖​វាសនា​/Ha