ក្រសួងការពារជាតិចិននិយាយថារបាយការណ៍មួយដែលថានាវាមួយក្នុងចំណោមនាវាកងទ័ពជើងទឹកច្រើនគ្រឿងរបស់ខ្លួនបានបាញ់កាំរស្មីឡាស៊ែរកាលពីខែមុនទៅលើយន្ដហោះស៊ើបការណ៍របស់កងទ័ពជើងទឹកអាម៉េរិកដែលហោះក្រឡឹងនៅពីលើ គឺ”មិនសមនឹងភាពពិត”នោះទេ។
របាយការណ៍កាលពីខែមុននោះគឺជាការចោទប្រកាន់ចុងក្រោយបំផុតដែលថាកងទ័ពចិនបានប្រើប្រាស់កាំរស្មីឡាស៊ែរដើម្បីយាយីនិងធ្វើឱ្យខូចខាតដល់យន្តហោះយោធាសហរដ្ឋអាម៉េរិកនិងកងទ័ពរបស់ប្រទេសផ្សេងៗទៀត។នេះបើយោងតាមវេបសាយdailymail។
ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងការពារជាតិចិន លោករេន ហ្គោគាំង ត្រូវបានគេដកស្រង់សម្តីដោយនិយាយកាលពីថ្ងៃសុក្រថាក្រសួងបានបដិសេធរបាយការណ៍នេះហើយបាននិយាយថាកងនាវាចិនបានកំពុងធ្វើសមយុទ្ធដូចធម្មតានៅក្នុងដែនទឹកអន្តរជាតិកាលពីថ្ងៃទី១៧ ខែកុម្ភៈ នៅពេលដែលហេតុការណ៍នេះបានកើតឡើង។
នៅក្នុងការលើកឡើងដំបូងរបស់ចិនអំពីហេតុការណ៍ដែលត្រូវបានចោទប្រកាន់នេះ លោករេន ហ្គោគាំង បានចោទប្រកាន់យន្តហោះអាមេរិកP-8A Poseidon បានហោះក្រឡឹងឈ្លបយកការណ៍រយៈពេលយូរនៅពីលើសមុទ្រនៅតំបន់នោះទោះបីមានការព្រមានជាច្រើនលើកពីភាគីចិនក៏ដោយ”។
លោកបាននិយាយថា”សកម្មភាពនៃយន្តហោះអាម៉េរិកនោះគឺ មានចេតនាអមិត្តនិងមិនមានវិជ្ជាជីវៈចំពោះការធ្វើប្រតិបត្តិការបែបនោះដែលបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពនៃនាវាយន្តហោះ និងនាវិកនៃភាគីទាំង២ភាគីសងខាង។
កងទ័ពជើងទឹកអាម៉េរិកបានរង់ចាំអស់រយៈពេលជាងមួយសប្តាហ៍នៅមុនពេលចេញការចោទប្រកាន់នាវាចិននេះថាបានបាញ់កាំរស្មីឡាស៊ែរទៅលើយន្ដហោះស៊ើបការណ៍របស់ខ្លួនដែលហោះនៅលើសមុទ្រហ្វីលីពីន ភាគខាងលិចនៃកោះហ្កាំដែលជាទង្វើមួយដែលសហរដ្ឋអាម៉េរិកបានចាត់ទុកថាមិនមានសុវត្ថិភាពនិងជាការរំលោភច្បាប់និងកិច្ចព្រមព្រៀងអន្តរជាតិ។
សេចក្តីថ្លែងការណ៍របស់កងនាវាកងទ័ពជើងទឹកអាម៉េរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិក បាននិយាយថាការបាញ់ឡាស៊ែរនោះត្រូវបានឃើញដោយឧបករណ៍ចាប់សញ្ញានៅលើយន្តហោះនោះ ប៉ុន្តែគេមិនអាចមើលឃើញវាដោយភ្នែកទទេនោះ៕ប្រែសម្រួល៖សុខា/sn

យន្តហោះស៊ើបការណ៍អាម៉េរិកធុន P-8A Poseidon ដូចគ្នានឹងយន្តហោះដែលអាម៉េរិកចោទប្រកាន់ថាចិនបាញ់កម្មរស្មីដាក់