អាចារ្យសាសនាអ៊ិស្លាម ឬហៅថា អ៊ីម៉ាម និង “ប្រពន្ធ” ដែលគាត់រៀបការទាំងមិនដឹងថា “នាង” ជាប្រុសផងនោះ ត្រូវបានចោទប្រកាន់ពីបទ “ប្រឆាំងធម្មជាតិ” ក្រោមច្បាប់ប្រឆាំងភេទទី៣ នៃប្រទេសអ៊ូហ្គង់ដា។
ក្រោយបង់ប្រាក់ធានាខ្លួនម្នាក់ជាង ២០០ ដុល្លារ អាចារ្យដែលមានឈ្មោះ ម៉ូហាម៉េដ មូទុំបា (Mohammed Mutumba) វ័យ ២៧ ឆ្នាំ និងប្រពន្ធភេទដូចគ្នា ឈ្មោះ រីឆាដ ទូមូសាបេ (Richard Tumushabe) វ័យ ១៩ ឆ្នាំត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីថ្ងៃ ព្រហស្បតិ៍សប្ដាហ៍មុន នៅមុនការជំនុំជម្រះទោសពួកគេពីបទ”រួមភេទជាមួយមនុស្សប្រឆាំង នឹងច្បាប់ធម្មជាតិ”។
អាចារ្យ មូទុំបា ដែលត្រូវគេផ្អាកតួនាទីនៅព្រះវិហាររបស់គាត់ស្ថិតក្នុងស្រុកកាយុនហ្គា (Kayunga) ប្រទេសអ៊ូហ្គង់ដា អះអាងថា គាត់ទើបតែដឹងថា ប្រពន្ធរបស់ខ្លួនជាមនុស្សប្រុស នៅពេលប៉ូលិសចាប់ខ្លួនប្រពន្ធពីបទចោរកម្មប៉ុណ្ណោះ។
អាចារ្យរូបនេះបានអះអាងទៀតថា ខ្លួនមិនទាន់បានរួមភេទជាមួយប្រពន្ធរបស់ខ្លួននោះទេ ចាប់តាំងពីរៀបការរយៈពេលជាងពីរសប្ដាហ៍ ព្រោះប្រពន្ធចេះតែកុហកថា នាងមករដូវ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចុះផ្សាយថា ទូមូសាបេ ដែលក៏ត្រូវបានចោទប្រកាន់ ២ ករណីពីបទចោរកម្មផងដែរនោះ សារភាពថា រូបគេបន្លំខ្លួនជាមនុស្សស្រីដើម្បីរៀបការជាមួយអាចារ្យរងគ្រោះក្នុងបំណងលួចប្រាក់របស់គាត់៕ ប្រែសម្រួលៈ ខុម