ដោយៈសុផល/ភ្នំពេញ៖គម្រោងកែលម្អផ្លូវជាតិលេខ៥ដែលចាប់ផ្តើមពីព្រែកក្តាមដល់ធ្លាម្អម(ខេត្តពោធិ៍សាត់)មានប្រវែងសរុប១៣៥,២៤គីឡូម៉ែត្រនោះបានស្ថាបនាបានជាង១០ភាគរយហើយ។គម្រោងតម្លៃនេះនឹងប្រើថវិកាប្រមាណ២៤៦លានដុល្លារអាមេរិកdEl។បច្ចុប្បន្នក្រុមហ៊ុនជប៉ុននិងក្រុមហ៊ុនកូរ៉េជាអ្នកម៉ៅការសាងសង់គម្រោងនេះ។
គម្រោងកែលម្អផ្លូវជាតិលេខ៥ ចែកជា៣កំណាត់ ដែលកំណាត់ទី១៖ ផ្លូវវាងឧត្តុងជាង២៣គីឡូម៉ែត្រ នឹងចំណាយប្រមាណ៨០លានដុល្លារ ។កំណាត់ទី២៖ផ្លូវវាងក្រុងកំពង់ឆ្នាំង ចំងាយជាង១២គីឡូម៉ែត្រ មានថវិកាចំនួន៨១លានដុល្លារ និងកំណាត់ទី៣ ៖ ផ្លូវជាតិលេខ៥ មានប្រវែង ជាង១១៧គីឡូម៉ែត្រ មានថវិកាចំនួន៨៥លានដុល្លារ។គម្រោងនេះចាប់ផ្តើមសាងសង់នៅខែមេសាឆ្នាំ២០១៨និងគ្រោងបញ្ចប់នៅខែមេសាឆ្នាំ២០២២។
ផ្លូវជាតិលេខ៥នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការបង្កើនសមត្ថភាពដឹកជញ្ជូននិងភស្តុភារកម្មព្រមទាំងជួយសម្រួលដល់ការធ្វើចរាចរណ៍និងធានាសុវត្ថិភាពនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ក្នុងកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានស្ដីពីហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ(ODAPressTour)រៀបចំដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនពីថ្ងៃ៤ដល់៦មីនា ឆ្នាំ២០២០។
លោកMizuishiMitsunoriប្រធានគ្រប់គ្រងក្រុមប្រឹក្សាបច្ចេកទេសបានមានប្រសាសន៍ឱ្យដឹងថា៖កំណាត់ផ្លូវជាតិលេខ៥នេះត្រូវបានអនុវត្តការសាងសង់ជា៣កញ្ចប់។កញ្ចប់សាងសង់ទី១និងទី២បានអនុវត្តដោយក្រុមហ៊ុន Sumitomo Mitsui Construction and World Kaihatsu Kogyo Joint Venture។
កញ្ចប់ទី១មានប្រវែងសរុប៤១,៥៤គីឡូម៉ែត្រត្រូវប្រើប្រាស់ទុនវិនិយោគសាងសង់ចំនួន៨០លានដុល្លារអាមេរិក។កញ្ចប់ទី២មានប្រវែង៤២,៥០គីឡូម៉ែត្រត្រូវប្រើប្រាស់ទុនវិនិយោគសាងសង់ចំនួន៨១លានដុល្លារអាមេរិក។ ចំណែកកញ្ចប់ទី៣ អនុវត្តសាងសង់ដោយក្រុមហ៊ុន Hanshin Engineering and Constructionមានប្រវែងសរុប៥១,២០គីឡូម៉ែត្រត្រូវប្រើប្រាស់ទុនវិនិយោគសាងសង់ចំនួន៨៥លានដុល្លារអាមេរិក។
លោកបានបន្តថាគិតត្រឹមខែមករាឆ្នាំ២០២០នេះការសាងសង់ក្នុងកញ្ចប់ទី១បានសម្រេច១១,៤ភាគរយកញ្ចប់ទី២បានសម្រេច១៣,៩ភាគរយនិងកញ្ចប់ទី៣បានសម្រេច១១,៦ភាគរយ។ជាមួយគ្នានេះលោកក៏បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធនិងប្រជាពលរដ្ឋនៅតាមដងផ្លូវជាតិលេខ៥នេះមេត្តាជួយយោគយល់និងជួយសហការដើម្បីឱ្យការស្ថាបនាផ្លូវនេះប្រព្រឹត្តទៅដោយរលូននិងបញ្ចប់ទៅតាមការគ្រោងទុក។
លោក ឌុន វណ្ឌីរីហ្គែន មន្ត្រីគម្រោងនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីថ្ងៃទី៤ ខែមីនាឆ្នាំ២០២០ថា៖គម្រោងអភិវឌ្ឍផ្លូវជាតិលេខ៥នេះនឹងក្លាយទៅជាផ្លូវហាយវ៉េមួយក្នុងតំបន់អាស៊ានគឺជាផ្នែកមួយនៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងនិងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់សកម្មភាពក្នុងតំបន់ ។
លោកបានបន្តថាគម្រោងកែលម្អផ្លូវជាតិលេខ៥ព្រែកក្តាមធ្លាម្អមផ្នែកខាងត្បូងដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ព្រំដែនប្រទេសថៃតាមរយៈការកែលម្អស្ថានភាពផ្លូវនេះនឹងសាងសង់ផ្លូវវាងក្រុងថ្មីក្នុងឧត្តុង្គនិងក្រុងកំពង់ឆ្នាំង។ដើម្បីកាត់បន្ថយផលប៉ះពាល់និងសម្រួលការធ្វើចរាចរឱ្យកាន់តែងាយស្រួលមិនប្រឈមការកកស្ទះ។ពិសេសដើម្បីចូលរួមចំណែកការរីកចម្រើនដល់វិស័យសេដ្ឋកិច្ចនៅប្រទេសកម្ពុជា និងការអភិវឌ្ឍព្រមទាំងទាក់ទាញអ្នកអន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិផងដែរ ។
យោងតាមជំនួយស្មារតីរបស់ចៃកាបានបង្ហាញថាគម្រោងសាងសង់កែលំអផ្លូវជាតិលេខ៥ពីគីឡូម៉ែត្រលេខ ១៧១+៣៧០ ទៅគីឡូម៉ែត្រលេខ ១៧១+២០០ មានប្រវែង១១៧,៩៧គីឡូម៉ែត្រ ពង្រីកទទឹងផ្លូវពី ពីរគន្លងទៅ៤គន្លងមានសួនពុះចែកទ្រូងផ្លូវ៣ម៉ែត្រជាមួយរនាំងដែកពុះចែកទ្រូងផ្លូវនិងបរិក្ខារសុវត្ថិភាពជាច្រើនផ្សេងៗទៀត។ផ្លូវនេះផ្នែកខាងតំបន់ជនបទមានទទឹង២៣ម៉ែត្រផ្នែកខាងតំបន់ទីប្រជុំជនមានទទឹងប្រវែង២៨គីឡូម៉ែត្រ។
ការកែលំអផ្លូវជាតិនេះក៏មានការសាងសង់ផ្លូវវាងចំនួនពីរកន្លែងមាន៤គន្លងមានសួនពុះចែកទ្រូងផ្លូវ៣ម៉ែត្រជាមួយរនាំងដែកពុះចែកទ្រូងផ្លូវនិងបរិក្ខារសុវត្ថិភាពជាច្រើនផ្សេងទៀតដែលមានទទឹងផ្លូវប្រវែង២៣ម៉ែត្រ។ក្នុងនោះផ្លូវវាងចំណុចក្រុងឧត្តុង្គពីគីឡូម៉ែត្រ៣៥+០៨០ទៅគីឡូម៉ែត្រ៤០+២៨៥មានប្រវែង២៣,៩២គីឡូម៉ែត្រ។
ផ្លូវវាងចំណុចក្រុងកំពង់ឆ្នាំពីគីឡូម៉ែត្រ៨១+៨៣០ទៅគីឡូម៉ែត្រ៩៣+៩០៤មានប្រវែង១២,០៧គីឡូម៉ែត្រព្រមទាំងមានការសាងសង់ស្ពានថ្មីចំនួនពីរកន្លែងជួសជុលនិងពង្រីកស្ពានចាស់ចំនួន១៣កន្លែងសាងសង់ជំនួសស្ពានចាស់ចំនួន១៨កន្លែងសាងសង់លូប្រអប់ចំនួន១១៥និងលូមូលចំនួន១២១កន្លែង។ដំឡើងបង្គោលភ្លើងLEDនៅផ្លូវប្រសព្វសំខាន់ៗនិងទីប្រជុំជនផងដែរ។កំណាត់ផ្លូវជាតិនេះបានចាប់ផ្តើមសាងសង់ពីនៅក្នុងខែមេសាឆ្នាំ២០១៨ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២២។
តាមរបាយការណ៍របស់អង្គការJICAដែលបានជួយគាំទ្រដល់ការរៀបចំតាក់តែងផែនការមេអភិវឌ្ឍបណ្ដាញផ្លូវថ្នល់ ដែលត្រូវបានអនុវត្តដោយរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ២០១៦បានឱ្យដឹងថាបណ្ដាញផ្លូវថ្នល់ ។ហេដ្ឋារចនាសម្ព័ន្ធត្រូវបានកំណត់យ៉ាងច្បាស់ក្នុងផែនការមេសម្រាប់ជំរុញប្រទេសកម្ពុជាចូលទៅក្នុងសមាហរណកម្មសេដ្ឋកិច្ចនិងមានបណ្ដាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។ក្នុងបរិបទនេះផ្លូវជាតិលេខ៥នឹងដើរតួយ៉ាងសំខាន់សម្រាប់យុទ្ធសាស្ត្រជាតិនិងក្លាយទៅជាផ្លូវហាយវេមួយក្នុងតំបន់អាស៊ាននិងជាច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងរបស់ប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរថា៖ការធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ ត្រូវបានស្ថាបនាជាកំណាត់ៗ។ កាលពីខែមីនានិងខែឧសភាឆ្នាំ២០១៨កំណាត់ផ្លូវបាត់ដំបង-សិរីសោភ័ណនិងកំណាត់ផ្លូវព្រែកក្ដាម-ធ្លាម្អមត្រូវបានបើកការដ្ឋានសាងសង់។នៅសល់មួយកំណាត់ទៀតគឺកំណាត់សិរីសោភ័ណ-ប៉ោយប៉ែតដែលក្រសួងកំពុងពិនិត្យពាក្យស្នើដេញថ្លៃរបស់ក្រុមហ៊ុន។ការស្ដារផ្លូវនេះមានប្រវែង៣៦៦គីឡូម៉ែត្រ ។ក្នុងនោះ ៣០៤គីឡូម៉ែត្រជាស្ថាបនាលើផ្លូវចាស់ ហើយ ៦២គីឡូម៉ែត្រត្រូវសាងសង់ផ្លូវវាងក្រុង។ ផ្លូវជាតិលេខ៥នេះ ត្រូវពង្រីកទៅជា ៤គន្លង ទទឹង២៣ម៉ែត្រ។ ការសាងសង់ឡើងវិញនូវផ្លូវជាតិនេះ គ្រោងចំណាយ ប្រហែល ៥០០លានដុល្លារអាមេរិក។
ទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនធ្លាប់បានគូសបញ្ជាក់ថា«ផ្លូវជាតិលេខ៥នេះពិតជាមានសារសំខាន់ខ្លាំងដល់ការដឹកជញ្ជូនពិសេសការតភ្ជាប់ទៅបណ្ដាប្រទេសនានា។ ផ្លូវនេះសំខាន់ណាស់ គឺជាផ្លូវអាស៊ាន Highway លេខ១ ដែលតភ្ជាប់ពីប្រទេសចិន មីយ៉ានម៉ា ថៃ និងកម្ពុជាដែលឆ្លងកាត់ភ្នំពេញទៅផ្លូវជាតិលេខ១រហូតដល់ប្រទេសវៀតណាម។
ដូចជាការដឹកទំនិញឆ្លងកាត់កម្ពុជារបស់យើងនេះគឺត្រូវឆ្លងកាត់ផ្លូវជាតិលេខ៥នេះដូចនេះវាចាំបាច់ណាស់ដែលយើងពង្រីកពីផ្លូវ២គន្លងទៅ៤គន្លងដែលនឹងមានការដឹកទំនិញឆ្លងកាត់ច្រើនអាចដឹកជញ្ជូនបានលឿន ហើយក៏ជួយកាត់បន្ថយថ្លៃដឹកជញ្ជូន»៕S/
ចំណងជើងរូបថត៖គម្រោងកែលម្អផ្លូវជាតិលេខ៥ពីព្រែកក្តាមដល់ធ្លាម្អម(ខេត្តពោធិ៍សាត់)មានប្រវែងសរុប១៣៥,២៤គីឡូម៉ែត្រស្ថាបនាបានជាង១០ភាគរយហើយ។គម្រោងតម្លៃនេះនឹងប្រើថវិកាប្រមាណ២៤៦លានដុល្លារអាម៉េរិក (រូបៈសុផល)