កូរ៉ូណា​វីរុស​ថ្មី​ចម្លងជាង​១​សែន​នាក់​នៅ​៩០​ប្រទេស នៅពេល​WHO​ប្រាប់​អោយ​គ្រប់​ប្រទេស​ចាត់ទុក​ការទប់ស្កាត់​វា​ជា​អាទិភាព​កំពូល​

297
ចែករម្លែក

​ធ្វើដំណើរ​កាត់​ព្រំដែន កូរ៉ូណា​វីរុស​ថ្មី​បាន​វិវត្តន៍ដ​ល់​ព្រឹត្តិការណ៍​ថ្មី​មួយ​កាលពី​ថ្ងៃ​សៅរ៍​ទី​០៧​មីនា ដោយ​វា​បាន​ចម្លង​មនុស្ស​ជាង​១០០.០០០​នាក់​នៅ​ទូទាំង​ពិភព​​លោក​និង​ប៉ះពាល់​ការរស់នៅ​របស់​មនុស្ស​រាប់លាន​នាក់ មិន​ថា​អ្នក​មាន​អ្នកក្រ អ្នកមាន​អំណាច​ឬ​អត់​អំណាច​ទេ​។​

​វីរុស​ដែល​មានឈ្មោះ​ផ្លូវការ​ថា​Covid-19 បាន​សម្លាប់​មនុស្ស​ជាង​៣.៤០០​នាក់ និង​បង្ហាញខ្លួន​នៅ​ជាង​៩២​ប្រទេស​និង​តំបន់ ដោយ​បង្ខំ​អោយ​លុបចោល​ព្រឹត្តិ​​ការណ៍​តាំងពី​តូច​ដល់​ធំ តាំង​ពី​ជំនួប​នយោបាយ ការប្រកួត​កីឡា ការប្រគំ​តន្ត្រី​និង​ការជួបជុំ​សូត្រធម៌​ថ្ងៃ​សុក្រ​តាម​ព្រះវិហារ​។​

​ក្រៅពី​ធ្វើអោយ​សេដ្ឋកិច្ច​ចិន​ចង់​គាំង Covid-19​បាននិងកំពុង​បំផ្លាញ​តំលៃ​ភាគហ៊ុន​រាប់រយ​ពាន់​លាន​ដុល្លារ​ក្នុង​ទីផ្សារ​ហ៊ុន​ពិភពលោក​។​

​នៅ​ចិន កន្លែង​ផ្ទុះ​វីរុស​នេះ​មុន​គេ​កាលពី​ចុង​ខែ​ធ្នូ Covid-19​បាន​វាយប្រហារ​សេដ្ឋកិច្ច​ធំ​បំផុត​ទី​២​ក្នុង​លោក​នេះ​យ៉ាងដំណំ ដោយ​វា​បង្ខំ​អោយ​បិទ​ក្រុមហ៊ុន រោង​​ចក្រ​និង​ធ្វើអោយមាន​បញ្ហា​ផ្គត់ផ្គង់​លើ​ពិភពលោក​។​ផលប៉ះពាល់​អវិជ្ជមាន​របស់​វា​ត្រូវ​បាន​បង្ហាញ​កាលពី​ថ្ងៃ​សៅរ៍ នៅពេល​តួលេខ​បង្ហាញថា ការនាំចេញ​របស់​​ចិន​១៧,២​ភាគរយ​នៅ​២​ខែ​ដើមឆ្នាំ​នេះ​។​

​ចិន​កាលពី​ថ្ងៃ​សៅរ៍​ក៏​បាន​រាយការណ៍​ការឆ្លង​និង​ស្លាប់​ទាប​បំផុត​ធៀប​នឹង​ការឆ្លង​និង​ស្លាប់​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ តែ​ការផ្ទុះ​Covid-19​បែរ​ជា​កាន់តែ​ធ្ងន់​​ធ្ង​រ​នៅ​អាម៉េរិក អ៊ីតាលី អ៊ីរ៉ង់ ជប៉ុន​និង​កូរ៉េខាងត្បូង​។​

​មហា​ចិនដីគោក​កាលពី​ថ្ងៃ​សៅរ៍​ទី​០៧​មីនា បាន​អះអាង​អំពី​ការឆ្លង​កូរ៉ូណា​វីរុស​ថ្មី​ចំនួន​៩៩​ករណី​សំរាប់​ថ្ងៃ​សុក្រ​ទី​០៦​មីនា​ដោយ​ចុះ​ចំនួន​ឆ្លង​១៤៣​ករណី​កាល​ពី​មួយ​ថ្ងៃមុន​។​ចំនួន​នេះ​ធ្វើអោយ​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​នៅ​ចិនដីគោកស​រុប​កើន​ដល់​៨០.៦៥១​នាក់​។​

​គិត​មក​ត្រឹម​ថ្ងៃ​សុក្រ​នេះដែរ ចិនដីគោក​មាន​អ្នកស្លាប់​ដោយ​វីរុស​នេះ​ចំនួន​៣.០៧០​នាក់ ដោយ​កើន​២៨​នាក់​។​

​ឥឡូវ​អាម៉េរិក​កំពុង​តស៊ូ​ដោះស្រាយ​ជាមួយនឹង​មនុស្ស​ជាង​៣​ពាន់​នាក់​នៅលើ​នាវា​ទេសចរណ៍​មួយ​នៅ​ក្រុង​សាន់ ហ្វ្រា​ន​ស៊ី​ស្កូ បន្ទាប់ពី​មនុស្ស​២១​នាក់​នៅក្នុង​នា​​វា​នេះ​ត្រូវ​បាន​ពិនិត្យឃើញ​មាន​កូរ៉ូណា​វីរុស​ថ្មី​។​

​នាវា​The Grand Princess​កំពុង​ដាក់​នៅ​ដាច់​ពី​គេ​នៅ​ឯនាយ​ក្រុង​សាន់ ហ្វ្រា​ន​ស៊ី​ស្កូ ចាប់តាំងពី​ថ្ងៃ​ពុធ​មក​ក្រោយ​ពី​មនុស្ស​២​នាក់​លើ​នាវា​ត្រូវបាន​រកឃើញ​​មាន​វីរុស និង​ម្នាក់​ក្រោយមក​បាន​ស្លាប់​។​

​នៅ​ក្រុង​ហ្សឺ​ណែ​វ ទីភ្នាក់ងារ​សុខភាព​ពិភពលោក​បាន​និយាយថា គេ​កំពុង​ស្រាវជ្រាវ​ផលិត​វ៉ាក់សាំង​ប្រឆាំង​COVID-19​ចំនួន​២០ រីឯ​ការពិសោធ​ន៏​វេជ្ជសាស្ត្រ​​សំរាប់​ឱសថ​ព្យាបាល​ជម្ងឺ​នេះ​ក៏​ត្រូវ​បាន​កំពុង​ធ្វើ​នៅ​ជាច្រើន​កន្លែង​ផងដែរ​។​

​អង្គការ​សុខភាព​ពិភពលោក (WHO)​ក៏​បាន​និយាយថា គ្រប់​ប្រទេស​គួរ​ចាត់ទុក​ការទប់ស្កាត់​ការឆ្លង​រាលដាល COVID-19​ជា​អាទិភាព​កំពូល​របស់​គេ​៕​ប្រែ​សម្រួល​៖​វាសនា​

នៅ​ចុង​សប្តាហ៍​នេះ អាម៉េរិក​ត្រូវ​នាំ​នាវា​The Grand Princess​ជាមួយ​មនុស្ស​៣.៥៣៣​នាក់​នៅក្នុង​នាវា​ចូល​ផែ​ដើម្បី​ពិនិត្យ​សុខភាព​

​អ្នកដំណើរ​ឥណ្ឌូនេស៊ី​ពាក់​ម៉ាស់​ត្រៀម​ចេញដំណើរ​តាម​ទូក​នៅ​កោះ​បាលី​

គិត​មក​ត្រឹម​ថ្ងៃ​សុក្រ​ទី​៦​មីនា មនុស្ស​ជាង​១០០.៣០០​នាក់​បាន​ឆ្លង​កូរ៉ូណា​វីរុស​នៅលើ​ពិភពលោក​