ថ្នាំញៀនហេរ៉ូអ៊ីន និងមេតំហ្វេតាមីនទាំងបាវៗត្រូវបានដាក់តម្រៀបជាជួរនៅតំបន់ព្រំដែនមីយ៉ាន់ម៉ា បន្ទាប់ពីការឆ្មក់ចូកបង្ក្រាបដ៏កម្រមួយនៅបេះដូងនៃតំបន់ត្រីកោណមាសដ៏ល្បីល្បាញនៅអាស៊ីអាគ្នេយ៍នេះ។
វាជាការរឹបអូសបានថ្នាំញៀនក្នុងបរិមាណច្រើនបំផុតមួយក្នុងចំណោមការចាប់បានថ្នាំញៀនធំៗនៅក្នុងលោក ។វាបានធ្វើអោយរោងចក្រផលិតថ្នាំញៀនធំ៣នៅតំបន់គ្មានច្បាប់ទម្លាប់នេះលែងដំណើរការតទៅទៀតនិងថ្នាំញៀនមេតំហ្វេតាមីនប្រមាណ៤៣លានគ្រាប់ត្រូវបានរឹបអូសពីរោងចក្រទាំងនោះនៅសប្តាហ៍នេះ ។
ប្រតិបត្តិការយោធាមីយ៉ាន់ម៉ាក្នុងរដ្ឋសានបានរកឃើញរោងចក្រដែលផលិតថ្នាំញៀនមេតំហ្វេតាមីននិងហេរ៉ូអ៊ីននៅក្នុងព្រៃជាប់ព្រំដែនដែលសំបូរពួកឧទ្ទាមនិងក្រុមឧក្រិដ្ឋ នៅពេលប៉ូលិសចូលមិនចុះ។
មីយ៉ាន់ម៉ាស្ថិតក្រោមសម្ពាធពីអន្តរជាតិអោយទប់ស្កាត់ចរាចរណ៍ថ្នាំញៀនចេញពីតំបន់ព្រំដែនរបស់ខ្លួន។រដ្ឋសានជាផ្នែកមួយនៃតំបន់ត្រីកោណមាស ដែលផ្សំដោយមួយផ្នែកនៃប្រទេសឡាវ មីយ៉ាន់ម៉ា ចិននិងថៃ។
អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ាបានអះអាងថា«នេះជាការចាប់បានថ្នាំញៀនច្រើនបំផុតប្រចាំឆ្នាំ…ពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងនឹងថ្នាំញៀន»។
ថ្នាំញៀនដែលចាប់បាននេះមានតំលៃជិត១០០លានដុល្លារនៅម៉យ៉ាន់ម៉ា តែវាកើនជាបីបើសិនជាត្រូវនាំទៅដល់ថៃឬម៉ាឡេស៊ី និងមួយគីឡូថ្លៃ១៥ម៉ឺនដុល្លារបើសិនជាលក់នៅផ្សារងងឹតអូស្ត្រាលី៕ប្រែសម្រួល៖វាសនា
ទាហានមីយ៉ាន់ម៉ា ឈរយាមថ្នាំញៀន ដែលរឹបអូសមកពីរោងចក្រផលិតនៅព្រំដែនក្នុងតំបន់ត្រីកោណមាស