ដោយ:គង់ហេង/កំពង់ចាម ៖ ពន្ធនាគារថ្មីរបស់ខេត្តកំពង់ចាមដែលមានអគារសរុបចំនួន ប្រាំពីរ គឺបច្ចុប្បន្នបានស្ថាបនារួចរាល់ ១០០ភាគរយ និងនៅសល់អគារចំនួន ប្រាំ ផ្សេងទៀតកំពុងដំណើរការសាងសង់ ដែលនឹងអាចហើយស្ថាពរក្នុងរង្វង់បំណាច់ឆ្នាំ២០២០ ខាងមុខនេះ។
លោកឧត្តមសេនីយ៍ទោ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តដែលបានអមដំណើរលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានចុះពិនិត្យជាក់ស្តែងលើដំណើរការសាងសង់ពន្ធនាគារថ្មី នៅរសៀលថ្ងៃទី ៦ មីនាបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ទំហំផ្ទៃដីរបស់ពន្ធនាគារសរុបប្រមាណ បួន ហិកតា ហើយទីតាំងដែលយើងបានស្ថាបនាជារបងថ្ម ១០០ ម៉ែត្រជុំវិញ ជាមួយខ្លោងទ្វារបានរួច ១០០ ភាគរយនេះ គឺទីតាំងអគារសម្រាប់អ្នកជាប់ឃុំឃាំង។
លោកប្រធានពន្ធនាគារខេត្តកំពង់ចាមបានឳ្យដឹងថា ពន្ធនាគារខេត្តកំពង់ចាមតាមការអនុវត្តគម្រោងដោយផ្ទាល់របស់ក្រសួងមហាផ្ទៃ គឺមានអគារសរុបចំនួន ប្រាំពីរ ។ ដោយបានចាប់សាងសង់កាលពីដើមឆ្នាំ២០១៩ មកដល់បច្ចុប្បន្នសង់ហើយចំនួនពីរអគារ និងនៅអគារចំនួន ប្រាំ ផ្សេងទៀតកំពុងសាងសង់ ដែលនឹងអាចហើយរួចរាល់ទាំងស្រុងក្នុងរង្វង់បំណាច់ឆ្នាំ២០២០ខាងមុខនេះ។
សូមបញ្ជាក់ថា ពន្ធនាគារថ្មី របស់ខេត្តកំពង់ចាមដែលកំពុងស្ថាបនានេះ គឺមានចម្ងាយពីក្រុងកំពង់ចាមប្រហែលជាង ២០ គីឡូម៉ែត្រ និងមានក្បែរផ្លូវជាតិលេខ៧ ជាប់សាលាភូមិភាគទី២ របស់នគរបាលជាតិ ស្ថិតក្នុងភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរ៕/B