សម្តេចប្រធានព្រឹទ្ធសភា អំពាវនាវអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ដោះស្រាយកង្វល់ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋ

ដោយៈសុផល/ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុ បានអំពាវនាវ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ ដើម្បីដោះស្រាយកង្វល់ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងបន្តអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ជាពិសេសធ្វើការទប់ស្កាត់ និងបង្រា្កបការប្រើប្រាស់គ្រឿងញឿន និងជួញដូរគ្រឿងញៀនឆ្លងដែន ដែលជនល្មើសអាចរៀបចំបណ្តាញរបស់ពួកគេ ក្នុងការដឹកជញ្ជូនគ្រឿងញៀនពីតំបន់ផលិតឆ្លងដែន។ ទន្ទឹមនេះ សូមបងប្អូនប្រជាពលរដ្ឋត្រូវខិតខំអប់រំកូន ក្មួយទាំងអស់កុំឱ្យប្រើប្រាស់គ្រឿងញៀន ត្រូវចៀសឆ្ងាយពីគ្រឿងញៀនដែលនាំឲ្យមានការបំផ្លាញខ្លួនឯង និងនាំមកនូវភាពមហន្តរាយដល់សង្គម។

សម្តេចភក្តីក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារខ្លួនពីជំងឺកូរ៉ូណា (COVID-19) ជំងឺគ្រុនចាញ់ គ្រុនឈាម ជំងឺរាគរូស និងជំងឺឆ្លងដទៃទៀត ព្រមទាំងថែរក្សាសុខភាព និងអនាម័យប្រចាំថ្ងៃ ដោយចងចាំពាក្យស្លោក “ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត”។ បន្ថែមពីលើនេះ សហគមន៍ និងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមសហការគ្នាថែរក្សា ការពារប្រពៃណី ទំនៀមទំលាប់ ជំនឿ សាសនា ភាសា វប្បធម៌ ដើម្បីរក្សាបាននូវអត្តសញ្ញាណជនជាតិដើមភាគតិចប្រកបដោយនិរន្តរភាព នៅក្នុងតំបន់ដែលបងប្អូនជនជាតិដើមរស់នៅ។

សូមជម្រាបថា ការអំពាវនាវដូច្នេះ របស់សម្តេចភក្តី បានធ្វើឡើងខណៈដែល សម្តេចបានអញ្ជើញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារនិងសម្ពោធសមិទ្ធផលនានានៅវត្តពោធិជ័យ ស្ថិតក្នុងភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី០៧ ខែមីនាឆ្នាំ២០២០។

ក្នុងឱកាសនោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីសប្បាយរីករាយជាអនេក ដោយបានវិលត្រឡប់មកវត្តពោធិជ័យសាជាថ្មី ដើម្បីប្រារព្ធពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តពោធិជ័យ នាឱកាសនេះ។ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវអំណរសាទរជាមួយនឹងព្រះតេជគុណ ព្រះសង្ឃ គ្រប់ព្រះអង្គ លោកតា លោកយាយ បងប្អូន ក្មួយៗ ទាំងអស់ ដែលបានចូលរួមក្នុងអង្គពិធីដ៏ឱឡារិកនេះ ក្នុងបរិយាកាសសប្បាយរីករាយ ពោរពេញទៅដោយកិត្តិយស និងមោទនភាពយ៉ាងក្រៃលែង។
នេះជាការបញ្ជាក់ឱ្យឃើញអំពីការរីកចម្រើនខាងវិស័យព្រះពុទ្ធសាសនា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ព្រះគ្រូចៅអធិការវត្ត គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ព្រមទាំងការជួយឧបត្ថម្ភរបស់ពុទ្ធសាសនិកជិតឆ្ងាយនៃវត្តពោធិជ័យ។

មនុញ្ញផលជាកុសលដ៏ធំធេងនេះ កើតចេញពីស្មារតីចែករំលែកជួយគ្នា សាមគ្គីភាព ព្រមទាំងបំណងប្រាថ្នាដ៏ពិសិដ្ឋ ដើម្បីរួមចំណែកក្នុងការលើកតម្កើងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរព្រះគុណ អរគុណចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការវត្ត ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត រួមគ្នាជាកំលាំងសាមគ្គី ប្រកបដោយទឹកចិត្តជាកុសលជ្រះថ្លា រួមគ្នាដោះស្រាយការលំបាកនានា ក្នុងដំណើរការសាងសង់ព្រះវិហារថ្មី និងសមិទ្ធផលនានា រហូតបានរួចរាល់ជាស្ថាពរ តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ មានរចនាបថតាមលក្ខណៈប្រពៃណី ទំនៀមទម្លាប់សាសនា។

សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា ប្រវត្តិនៃវត្តភ្នំពោធិជ័យនេះ គឺដូចគ្នាទៅនឹងវត្តអារាមផ្សេងៗទៀត នៅទូទាំងប្រទេសកម្ពុជាផងដែរ ដែលសុទ្ធតែជួបប្រទះជាមួយនឹងការបំផ្លាញខ្ទេចខ្ទាំ ព្រមទាំងសោកនាដកម្មបង្កើតឡើងនៅក្នុងសម័យសង្រ្គាម និងសម័យនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ពួកសាហាវយង់ឃ្នងមិនស្គាល់សាសនាក្នុងសម័យប៉ុលពត មិនត្រឹមតែធ្វើការបំផ្លិចបំផ្លាញនោះទេ ប៉ុន្តែថែមទាំងលុបបំបាត់ចោលទាំងស្រុងនូវសិទ្ធិសេរីភាពខាងជំនឿសាសនា ប្រពៃណី ទំនៀមទំលាប់របស់ ប្រជាជនកម្ពុជា។ ក្រៅពីនេះ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន មន្ទីរពេទ្យ សាលារៀន សំណង់អាគារតូច ធំ ក្នុងខេត្តក្រុងនានា រួមទាំងខេត្តស្ទឹងត្រែងផងដែរ ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល​បច្ចុប្បន្ន បានពុះពារដឹកនាំប្រទេសដោយជំនះរាល់ឧបសគ្គ និងការលំបាករាប់ម៉ឺនជំពូក ជាពិសេសការទប់ស្កាត់នូវការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយក៏ប្រឹងប្រែងស្តារឡើងវិញនូវជីវភាពរស់នៅរបស់ប្រជាជន ជាមួយនឹងការដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ ដើម្បីបង្រួបបង្រួមជាតិ ស្វែងរកសុខសន្តិភាពជូនកម្ពុជា និងឈានទៅរកការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅឆ្នាំ១៩៩៨ ដែលអនុញ្ញាតឱ្យប្រទេសកម្ពុជាក្លាយទៅជាប្រទេសតែមួយ តំបន់ត្រួតត្រាតែមួយ រាជរដ្ឋាភិបាលតែមួយ កម្លាំងប្រដាប់អាវុធតែមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងព្រះមហាក្សត្រ។ ជ័យជម្នះដ៏ត្រចះត្រចង់នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ គឺជាសច្ចធម៌ប្រវត្តិសាស្រ្ត មិនអាចបំភ្លេច និងបំភ្លៃបាន ដែលបានសង្គ្រោះអាយុជីវិត បានផ្តល់កំណើតទី២ ដល់ប្រជាជនកម្ពុជា និងបាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ធ្វើឱ្យសង្គមជាតិរស់ឡើងវិញ បានរួមវិភាគទានដ៏សំខាន់ដល់ការកសាងសន្តិភាព ស្ថេរភាព ដែលពុំធ្លាប់កើតមានក្នុង ប្រវិត្តសាស្រ្តកម្ពុជាអស់រយៈពេល៥០០ឆ្នាំមកហើយ ហើយនេះគឺជាលក្ខខណ្ឌដ៏ចាំបាច់ ដែលអាចឲ្យវិស័យពុទ្ធចក្រ និងអាណាចក្រត្រូវបានស្តារ និងអភិវឌ្ឍឡើងវិញជាបន្តបន្ទាប់។ ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ រួមមានផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងសមិទ្ធផលជាច្រើនរាប់មិនអស់ត្រូវបានកសាង និងអភិវឌ្ឍនៅទូទាំងប្រទេស ដែលមិនអាចកើតឡើងដោយឯកឯងបានទេ ប្រសិនបើគ្មានសន្តិភាពដែលយើងគ្រប់គ្នាតស៊ូបានមកដោយលំបាក។ ដូច្នេះយើងត្រូវអរគុណ និងរួមថែរក្សាសន្តិភាព ដើម្បីកុំឱ្យអ្នកណាមួយ ក្រុមណាមួយ ឬបក្សនយោបាយណាមួយបំផ្លិចបំផ្លាញបាន។

សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់បន្ថែមថា សន្តិភាពបានផ្តល់នូវកាលានុវត្តភាពឱ្យកម្ពុជាសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ដោយសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យមជាង៧%​ក្នុង១ឆ្នាំ ក្នុងរយៈពេលជិត២ទសវត្សរ៍ចុងក្រោយនេះ។ ការវិនិយោគ ក្នុងប្រទេស និងការវិនិយោគផ្ទាល់ពីក្រៅប្រទេស បាននឹងកំពុងជំរុញឱ្យការអភិវឌ្ឍនៅកម្ពុជាកើនឡើងលើគ្រប់វិស័យ។ ជីវភាពរបស់ប្រជាជន គឺកាន់តែប្រសើរឡើង ដែលឆ្លុះបញ្ចាំងតាមរយៈផលិតផលក្នុងស្រុកជាមធ្យម សម្រាប់មនុស្សម្នាក់ៗបានកើនពី១៥៤៨ដុល្លារអាមេរិកក្នុងឆ្នាំ២០១៨ ដល់១៦៧៩ដុល្លារអាមេរិកក្នុងឆ្នាំ២០១៩។

សម្តេចប្រធានព្រឹទ្ធសភា បានកត់សម្គាល់ឃើញថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនគ្រប់គ្នាក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ទើបធ្វើឱ្យខេត្តស្ទឹងត្រែងបានកែប្រែមុខមាត់ថ្មីគួរជាទីមោទនៈ ដោយកំពុងត្រូវបានរីកចម្រើនលើគ្រប់វិស័យ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ចាប់ខ្លួន​ថៅកែ​ហាង​លក់​គ្...

​ដោយ​:​អង្គរតូច​/​សៀមរាប​...

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថ...

ដោយ​: សុផល / ភ្នំពេញ​: លោ...

តុលាការ​ផ្តន្ទាទោស​ស្ត្រី...

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​...

ពិនិត្យ​ដំណើរការ​ស្ថាបនា​...

ដោយ​: ភ្នំ​ស្វាយ / បន្ទាយ...