លោកង្វៀន ឌឹក ជុង ប្រធានគណៈកម្មាធិការក្រុងហាណូយ ប្រទេសវៀតណាម បានស្នើឱ្យប្រជាជនកុំភ័យស្លន់ស្លោប៉ុន្តែត្រូវមានការប្រុងប្រយ័ត្ននៅពេលដែលទីក្រុងនេះ មានករណីឆ្លងវីរុសCovid-19 ជាលើកដំបូងរបស់ខ្លួន។នេះបើយោងតាមវេបសាយVnExpress។

ក្រុមអាជ្ញាធរក្រុងហាណូយបិទផ្លូវចេញចូលសង្កាត់ដែលអ្នកជំងឺCovid-19 ថ្មីនេះត្រូវបានរកឃើញកាលពីយប់ថ្ងៃសុក្រ
ក្រុមអាជ្ញាធរវៀតណាមបានបញ្ជាក់កាលពីយប់ថ្ងៃសុក្រទី០៦មីនាថា ស្ត្រីវៀតណាមអាយុ ២៦ ឆ្នាំម្នាក់ ដែលត្រឡប់មកពីអឺរ៉ុបវិញបានក្លាយជាករណីអ្នកឆ្លងវីរុសនេះ ទី១៧ នៅប្រទេសវៀតណាមបន្ទាប់ពីប្រទេសនេះមិនមានករណីឆ្លងថ្មីអស់រយៈពេល២២ថ្ងៃកន្លងទៅនោះ ។
ស្ត្រីនេះត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេ ហើយកំពុងទទួលការព្យាបាលនៅមន្ទីពេទ្យមួយនៅទីក្រុងហាណូយ។
លោកង្វៀន ឌឹក ជុង បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកាលពីយប់ថ្ងៃសុក្រថា”ខ្ញុំជំរុញឱ្យប្រជាជនហាណូយរក្សាភាពស្ងប់ស្ងាត់និងនៅតែមានការប្រុងប្រយ័ត្នខ្ពស់” ។
ភ្លាមៗបន្ទាប់ពីមានព័ត៌មានអំពីករណីឆ្លងថ្មីនេះត្រូវបានចេញផ្សាយមកនោះ ពួកអ្នករស់នៅទីក្រុងហាណូយបានប្រញាប់ប្រញាល់ទិញស្បៀងអាហារនិងគ្រឿងផ្គត់ផ្គង់សំខាន់ៗ នៅតាមផ្សារទំនើបសម្រាប់ស្តុកទុកនៅផ្ទះ ដើម្បីមិនចេញទៅខាងក្រៅនៅប៉ុន្មានថ្ងៃខាងមុខនេះ៕ប្រែសម្រួល៖សុខា/sn
គ្រាន់តែកើតកូរ៉ូណាមួយករណីសោះ ប្រជាជនក្រុងហាណូយនាំគ្នាផ្អើលទិញទំនិញទុកទាំងយប់