ដោយ ៖ ភ្នំ​ស្វាយ​/ ពោធិសាត់ : អតីត​ចៅអធិការ​វត្ត​ដំណាក់​ត្រាច​ថា មិនបាន​លួច​សឹក​ឡើយ គ្រាន់តែ​អត់​មាន​ពុទ្ធបរិស័ទ គណៈកម្មការ អាចារ្យ​ចូលរួម និង​ពុំបាន​សុំច្បាប់​តាម​ទម្រង់រដ្ឋបាល​ប៉ុណ្ណោះ​។ ឥឡូវ​បើ​សឹក​ហើយ​មិនអាច​នៅ​អង្គុយ​សមាធិ​ទៀត​ទេ ដូច្នេះ​ទោះ​ដើរហើរ ឬ​ចូល​ច្រៀង​កា​រ៉ា​អូ​ខេ ឬក៏​ទោះ​មាន​ស្រី​ក៏​ជា​សិទ្ធិ​ផ្ទាល់ខ្លួន​របស់លោក​ដែរ​។​

​អតីត​ចៅអធិការ​ត្ត​វ​ឡូ​វ័​ន្ត​ដំណាក់​ត្រាច ភូមិ​ដំណាក់​ត្រាច ឃុំ​រំលេច​ស្រុក​បាកាន ខេត្តពោធិសាត់ បាន​និយាយ​ដូច្នេះ​ដោយ​ផ្សាយ​ផ្ទាល់ (Live) តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មាន​គណនេយ្យ Kea Tanna ផ្ទាល់ខ្លួន​ក្នុង​បំណង​ឆ្លើយបំភ្លឺ​រឿងអាស្រូវ​របស់ខ្លួន ក្រោយ​សារព័ត៌មាន​ចុះផ្សាយ និង​បណ្តាញ​សង្គម​នានា បង្ហោះ​ពី​ការ​លួច​សឹក រត់ចោល​វត្ត នាំយក​រថយន្ត​១​គ្រឿង ហើយ​តាម​ស្រី​..​កាលពី​ថ្មីៗ​នេះ ។​

​ឈ្មោះ តាន់ ចាន់ណា អាយុ​៣០​ឆ្នាំ​ប្លាយ​អតីត​ចៅអធិការ​វត្ត​វេឡុ​វ័​ន្ត​ដំណាក់​ត្រាច​បាន​បំភ្លឺថា​៖ ខ្លួន​ឈឺចាប់​ណាស់​នឹង​ការដែល​ចោទថា លួច​សឹក រត់ចោល​វត្ត​ហើយ​នាំ​រថយន្ត​នាំ​ទ្រព្យ​វត្ត​ទៅ​ជាមួយនិង​ទៅតាម​ស្រី​។ ចំពោះ​ការ​សឹក លោក​ថា លោក​ធ្លាប់បាន​ជម្រាប​ប្រាប់​ពុទ្ធបរិស័ទ ជម្រាប​លោក​មេឃុំ ខាង​ធម្មការ និង​គណៈសង្ឃ​ថា នឹង​សឹក​នៅ​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០២០​។​

​ប៉ុន្តែ​ដោយ​មូលហេតុ​២ ទើប​លោក​សឹក​មុន​កំណត់​៖ ទី​១-​គេ​(​មិនដឹង​ចង់​សំដៅ​នរណា​? ) ធ្វើបាប​លោក​ពេក​។ លោក​ទ្រាំ​មិនបាន ក៏​សឹក​កាលពី​ថ្ងៃទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០២០ តែម្តងទៅ​។ ទី​២ -​លោក​មាន​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ ហើយ​វេជ្ជបញ្ជា​ពេទ្យ​ពី​គ្លីនិក​មួយ​ឈ្មោះ​ចម្រើន​សុខ (​នៅ​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​)​ថា ឲ្យ​សឹក​ទើប​ងាយ​ព្យាបាល​ជំងឺ​។ ហើយ​ថា បើ​ពេល​សឹក​ឲ្យ​មាន​មនុស្ស​ច្រើន​ចូលរួម លោក​ក្រែងតែ​គេ​មិន​ឲ្យ​សឹក​ដោយ​រលូន​ទេ​។

​លោក​បន្តថា លោក​ស្អាតស្អំ មិនមែន​មនុស្ស​ខិលខូច ឬ​អាក្រក់​ដូច​គេ​ចោទ​ទេ​។ អ៊ីចឹង​បានជា​លោក​មិន​បិទ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក Kea Tanna, មិន​បិទ​ទូរស័ព្ទ​២​ខ្សែ ដែល​ធ្លាប់ប្រើ​ប្រាស​កាលពី​នៅ​បួស​។ អ៊ីចឹង​ហើយ ក្រោយ​សឹក​៣-៤​ថ្ងៃ​មកនេះ មិនមាន​នរណាម្នាក់​សោះ ហៅចូល​ទូរស័ព្ទ ឬ​មេ​សិន​ជើ​(Mesenger ) ទៅ​លោក​ឡើយ បើសិន​ឆ្ងល់​ឬ​ចោទប្រកាន់​តវ៉ា​អ្វី​។​

​ចំពោះ​ការនាំ​ទៅជា​មួយ​នូវ​រថយន្ត​តូយ៉ូតា​ហៃ​ឡែ​ន​ឌ័​រ​១​គ្រឿង និង​ទ្រព្យ​វត្ត លោក​ថា​៖ ឡាន​នេះ​លោក​ទិញ​ដោយ​លុយ​លោក​ផ្ទាល់ គឺ​លុយ​ដែល​រកបាន​កាលពី​នៅ​បួស​ជា​ចៅអធិការ​វត្ត​បូកផ្សំ​នឹង​លុយ​ម្តាយ​(​ញោម​) របស់លោក​ដែល​យក​ប្លង់ដី​ទៅ​បញ្ចាំ​យកលុយ​។ ហើយ​ទិញ​ឡាន​នេះ សម្រាប់​ជា​មធ្យោបាយ​ជិះ​ទៅ​ព្យាបាល​ជំងឺ ត្បិត​លោក​មាន​ជំងឺ​បេះដូង​ក​ម្រឹត​ធ្ងន់ធ្ងរ​។ ហើយ​លោក​មិនបាន​នាំ​ទ្រព្យ ឬ​លុយ​វត្ត​ទៅជា​មួយ​ទេ​។​

​អំពី​ករណី​ដែលថា ទាល់តែ​ខ្លួន​សឹក ហើយ​ចេញពី​វត្ត​ទើប​បោះ​វិក្ក​យ​ប័ត្រ​ចំណាយ​ចំណូល​ឲ្យ​គណៈកម្មការ អាចារ្យវត្ត​ដើម្បី​សង​គេ លោក​ថា លោក​ទទួលស្គាល់ថា ការកសាង​វិហារ​វត្ត​ដ៏​ធំ​សម្បើ​ប លោក​បាន​ខិតខំ ហើយ​កសាងបាន​ជិត​រួចរាល់​ដែរ​។ ចំពោះ​តួលេខ​ដែល​វត្ត និង​លោក​មេឃុំ​បានលើកឡើង ក្នុង​សម្ភាសន៍​ជាមួយ​សារព័ត៌មាន លោក​ថា ពិតជា​នៅ​ជំពាក់​ថ្លៃឈ្នួល ថ្លៃ​សំណង់​គេ​ច្រើន​មែន តែ​តួលេខ​ដែល​លើកឡើង​នោះ​ខុស​ទាំងអស់​។​

​ហេតុនេះ រាល់​បញ្ហា​ដែល​បានកើត​ឡើង ក៏ដូចជា​ការទាមទារ​របស់​សមាសភាព​នានា ពី​ជុំវិញ​វត្ត​វេឡុ​វ័​ន្ត​ដំណាក់​ត្រាច នៅ​ភូមិ​ដំណាក់​ត្រាច ឃុំ​រំលេច​ស្រុក​បាកាន ខេត្តពោធិសាត់ លោក​ថា លោក​និង​ម្តាយ​លោក​មិន​ខ្លា​ចនឹង​ទៅ​ជួបប្រជុំ​ដោះស្រាយ​នៅពេល​ណាមួយ​ជាមិនខាន​។​

​ដោយឡែក លោក នង ទី ប្រធាន​គណៈកម្មការ​វត្ត​វេ​ឡូ​វ័​ន្ត​ដំណាក់​ត្រាច ប្រាប់​កាសែត​រស្មី​កម្ពុជា ថ្ងៃទី​៧​ខែមីនា​ឆ្នាំ​២០២០​ថា​៖ តាំងពី​អតីត​ចៅអធិការ​វត្ត​( ឈ្មោះ​តាន់ ចាន់ណា​) បាន​លួច​សឹក​កាលពី​ថ្ង​ទី​១៩​ខែមករា​ឆ្នាំ​២០២០ កន្លងមក គាត់​មិន​ហ៊ាន​ចូលទៅ​វត្ត​វិញ ដើម្បី​ប្រឈមមុខ​នឹង​ការពិត​ឡើយ​។ ពោលគឺ​មកពី​លោក​មានរឿង​ខុសឆ្គង​ច្រើន​រាប់មិនអស់​តាំងពី​ជាមួយ​ព្រះសង្ឃ គណកម្មការ អាចារ្យ មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច​និង​ពុទ្ធបរិស័ទ​។ ប៉ុន្តែ​លោក​បាន​និយាយថា​៖ ខាង​គណៈសង្ឃ​មាន​ព្រះ​តេជគុណ ផាន់ សុផល អនុគណ​ស្រុក​បាកាន និង​មន្ត្រី​សង្ឃ​បានមក​កាន់​វត្ត ដើម្បី​ធ្វើ​កិច្ចការ តែងតាំង​ចៅអធិការ​ស្តីទី​ដែលជា​មេវត្ត​សម្រាប់​ដឹកនាំ​វត្ត​បណ្តោះអាសន្ន​។

​ចំណែក​លោក រ៉ុ​ន សុភា​រិ​ន ប្រធាន​មន្ទីរ​ធម្មការ និង​កិច្ចការ​សាសនា​ខេត្តពោធិសាត់​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​៧​ខែមីនា​ឆ្នាំ​២០២០​ថា​៖ ការមិន​វិល​ទៅ​វត្ត​វិញ​របស់​ចៅអធិការ​វត្ត​នេះ ក៏​មិនជា​បញ្ហា​អី​ដែរ តែ​ក៏​ដើម្បី​បញ្ជៀ​ស​បញ្ហា​ជាថ្មី​ដែរ​។ ចំពោះ​ការ​សឹក លោក​ថា​៖ បើ​គិត​ខាង​វិន័យ​សង្ឃ​គឺ​ត្រឹមត្រូវ ព្រោះ​មាន​ព្រះសង្ឃ​៤​អង្គ បាន​ចូលរួម​ធ្វើ​កិច្ច​ផ្សឹក​។ ប៉ុន្តែ​មិនបាន​ដាក់​ពាក្យសុំ​សឹក​តាម​បែបបទ​រដ្ឋបាល​ទើប​ខុស​។

​អំពី​សំដី​របស់​អតីត​ចៅអធិការ​ថា គេ​ធ្វើបាប គេ​គំរាម​លោក​ពេក ហើយ​លោក​ទ្រាំ​មិនបាន​ក៏​សឹក​នោះ លោក​ប្រធាន​មន្ទីរ​ឆ្លើយ​ជំនួស​ថា គឺ​ចង់​សំដៅ​លោក នង ទី ប្រធាន​គណៈកម្មការ​វត្ត​ដំណាក់​ត្រាច និង​លោក អ៊ុក មួន មេឃុំ​រំលេច​។ ព្រោះ​អ្វីៗ លោក​ទាំង​២​បាន​រុញ​ឲ្យ​លោក​អតីត​ចៅអធិការ​ធ្វើ ឲ្យ​កសាង ហើយ​ថា ចាំ​គិត​តាម​ក្រោយ​។ ហើយ​បញ្ជី ឬ​វិក្ក​យ​ប័ត្រ ក៏​លោក​ទាំង​២​បានដឹង​មក​ដែរ​។​

​លោក រ៉ុ​ន សុភា​រិ​ន និយាយ​បន្តថា​៖ ដើមឡើយ​អតីត​ចៅអធិការ​និង​លោក​ទាំង​២ ត្រូវ​គ្នា​ល្អូក​ល្អឺ​ន​ដែរ​។ ហើយ​លោក​មេឃុំ​ក៏​ទុក​អតីត​ចៅអធិការ​ជា​កូនធម៌​។ លើសពីនោះ រឿងរ៉ាវ​គ្រប់យ៉ាង​ក្នុង​វត្ត លោក​មេឃុំ​ក៏​ការពារ​ជាប់​ដោយ​ថា វត្ត​នេះ​លោក​ផ្តើម​និង​ដឹកនាំ​កសាង ហើយ​ខាង​លោក​(​ប្រធាន​មន្ទីរ​) មន្ត្រី​សង្ឃ មិនបាច់​ចេះ ហើយ​ថា​កុំ​ចូល​។ ដល់​ឥឡូវ​ទាស់ទែង​គ្នា ក៏​ខឹង​ខ្លាំង​នឹង​អតីត​ចៅអធិការ​វត្ត​ទៅ​។ ករណីនេះ លោក​ប្រធាន​មន្ទីរ​បាន​អះអាងថា បើ​មាន​បញ្ហា​អី​ទាក់ទិន​អតីត​ចៅអធិការ ទៅដល់​ណា​ក៏​លោក​ហ៊ាន​ធ្វើ​សាក្សី​ដែរ​។​

​សូម​រំលឹកថា យោង​ព្រះសង្ឃ គណៈកម្មការ អាចារ្យ និង​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឃុំ​រំលេច​ប្រាប់​កាសែត​រស្មី​កម្ពុជា​កន្លងមក​ថា អតីត​ចៅអធិការ​វត្ត​វេឡុ​វ័​ន្ត​ដំណាក់​ត្រាច​ឈ្មោះ តាន់ ចាន់ណា (​ក្នុង​ហ្វេ​ស​ប៊ុ​កមាន​គណនេយ្យ Kea Tanna) អាយុ​ជាង​៣០​ឆ្នាំ​ប្លាយ​បាន​លួច​សឹក​ជាមួយ​ព្រះសង្ឃ​១​អង្គ​ក្នុង​វត្ត​កាលពី​ថ្ងៃទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០២០ ហើយ​នាំទៅ​ជាមួយ​នូវ​រថយន្ត​តូយ៉ូតា​ហាយ​ឡែ​ន​ឌ័​រ​១​គ្រឿង និង​បច្ច័យ​ជាច្រើន​ផង ហើយ​ស្រាប់តែ​ឃើញ​នៅ​ជាមួយ​ស្រី និង​វិល​ទៅផ្ទះ​នៅ​ភូមិ​/​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​។​

​លោក អ៊ុក មួន មេឃុំ​រំលេច​សម្តែង​ការខកចិត្ត និង​ខឹងសម្បារ​យ៉ាងខ្លាំង​នឹង​ការ​សឹក​លួចលាក់ ហើយ​រត់ចោល​វត្ត​របស់​តាន់ ចាន់ណា អតីត​ចៅអធិការ​វត្ត​ដំណាក់​ត្រាច​នោះ​។ លោក​បន្តថា​៖ ពេល​អតីត​មេវត្ត​បរាជិក​នោះរ​ត់់ទៅ ទើប​បោះ​វិក័យប័ត្រ​ចំណាយ​អោយមក​គណកម្មការ​វត្ត ក្នុងនោះ នៅ​ជំពាក់​គេ ៖ ១-​ជំពាក់​ថ្លៃ​ជាង​១៩.៥០៤​ដុល្លា​សរ​អា ជាងគំនូរ​ជាង​១.៧០០​ដុល្លា​សរ​អា ជំពាក់​ថ្លៃ​គ្រឿងសំណង់​៣៨​លាន​រៀល ជាដើម​៕ ល​