ដោយ: ចាន់តូ / ភ្នំពេញ: សំណុំរឿងបង្កហិង្សា របស់មន្ត្រីនគរបាលក្រសួងមហាផ្ទៃ ចិត្តភ្លើង រួមជាមួយកូនស្រី វាយទៅលើសិស្សសាលាវិទ្យាល័យជម្ពូវ័ន បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៥នាក់ ប្រុស១នាក់ ស្រី៤នាក់ កាលពីព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២០កន្លងមក នៅក្នុងសាលាជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ កន្លងមក ត្រូវបាននគរបាលខណ្ឌពោធិសែនជ័យ ចាប់ឃាត់ខ្លួន កសាងសំណុំរឿង តាមនីតិវិធីរួចមក ហើយត្រូវបានបញ្ជូនខ្លួន នគរបាលចិត្តភ្លើងខាងលើ ២នាក់ឪពុកកូនស្រីទៅតុលាកា រហូតមកដល់រសៀលថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២០នេះ សំណុំរឿងចោទប្រកាន់ ហិង្សាដោយចេតនា បង្កឲ្យរបួសស្នាម បានចូលដល់ចៅក្រមស៊ើបសួរហើយ ក៏ប៉ុន្តែនៅមិនទាន់សម្រេច ថាដោះលែងឲ្យនៅក្រៅឃុំ ឬ ឃុំខ្លួនជាបណ្តោះអាសន្ន នោះទេ ខណៈដែល មានជនរងគ្រោះម្នាក់ ត្រូវបានបញ្ជូន បន្តទៅមន្ទីរពេទ្យ ប្រទេសវៀតណាម។

សំណុំរឿងចោទប្រកាន់ខាងលើ ស្ថិតនៅលើកណ្តាប់ដៃ លោក កើត សាំង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
មន្ត្រីនគរបាលទំនើងខាងលើ ឈ្មោះ ឈុំ សាវ៉េត មានឈ្មោះមួយទៀត ឆាយ វ៉ាន់ធឿន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ឋានន្តរសក្តិ អនុសេនីយ៍ឯក មានទីលំនៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។ ចំណែកកូនស្រី សម្តីមាស រួមចំណែកក្នុងបទលើសបង្កហឹង្សា មានឈ្មោះ ផុង ភិជ្ជរ៉ាប៊ុតសត្យា អាយុ១៧ឆ្នាំ។
តាមនគរបាលបានឲ្យដឹងថា សមត្ថកិច្ចអនុវត្តន៍ទៅតាមនីតិវិធី បាននាំខ្លួនជនសង្ស័យ២នាក់ឪពុកកូន ក្នុងសំណុំរឿងបង្កហឹង្សាខាងលើ ទៅតុលាកា សម្រេចវាសនា យ៉ាងណានោះ លោកកើត សាំង ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ សម្រេចនៅថ្ងៃតទី០៨ ខែមិនា ឆ្នាំ២០២០ស្អែកនេះ៕ ល