ដោយ៖សុផល/ភ្នំពេញ៖លោក ស៊ូសុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជាបានមានប្រសាសន៍ថា”ធនាគារអេស៊ីលីដាជាធនាគារពាណិជ្ជដំបូងដែលធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ។ប្រសិនបើមិនមានឆន្ទៈដ៏មោះមុតនិងការដឹកនាំដ៏ខ្លាំងរបស់ថ្នាក់ដឹកនាំធនាគារទេយើងមិនអាចឈានដល់ដំណាក់កាលថ្ងៃនេះទេ។វាជាឱកាសសម្រាប់សាធារណជនដែលមានចំណាប់អារម្មណ៍ព្រោះចំនួនភាគហ៊ុនច្រើនគួរសមសម្រាប់ធ្វើការបោះផ្សាយលក់ចង់ទិញប៉ុន្មានក៏បានឱ្យតែមានលុយ ” ។
លោកបានមានប្រសាសន៍ដូច្នេះនៅក្នុងកម្មវិធីបង្ហាញព័ត៌មានលម្អិត(Roadshow)ស្តីពីការបោះផ្សាយលក់មូលបត្រកាលពីពេលថ្មីៗនេះនៅទីស្នាក់ការកណ្តាលរបស់ធនាគារអេស៊ីលីដាភីអិលស៊ីដោយមានវិនិយោគិនសាធារណៈជាង៥០០នាក់ចូលរួម។
លោក ស្រីម៉ារអមរា អនុប្រធាននាយកប្រតិបត្តិនិងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុបានមានប្រសាសន៍ផងដែរថា៖សាធារណជនអាចចូលរួមធ្វើប៊ុកបៀលឌីងដោយដាក់សំណើចាប់ពី១០០មូលបត្រកម្មសិទ្ធិ(ភាគហ៊ុន)ឡើងទៅដោយកើនម្តង(១០ឯកតាមូលបត្រកម្មសិទ្ធិ)។មិនមានកំណត់ចំនួនភាគហ៊ុនអតិបរមាដែលចង់ដាក់ពាក្យស្នើសុំទេវិនិយោគិនចង់ដាក់ពាក្យស្នើសុំទិញភាគហ៊ុនប៉ុន្មានក៏បាន។
សូមជម្រាបថាធនាគារអេស៊ីលីដាភីអិលស៊ីបានចាប់ផ្តើមដំណើរការប៊ុកបៀលឌីងជាផ្លូវការចាប់ពីថ្ងៃទី៣ មីនាដល់ ថ្ងៃទី១៤ មីនា ២០២០ (ម៉ោង៨:០០ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍) និងបានកំណត់ថ្លៃមូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) នៅក្នុងចន្លោះថ្លៃ ចាប់ពី១៥.០០០រៀលដល់១៧.៤០០ រៀលក្នុងមួយភាគហ៊ុន។
គួរឱ្យកាត់សម្គាល់ថា៖មានសាធារណជនមួយចំនួនមានការយល់ច្រលំពីការទិញភាគហ៊ុនរបស់ធនាគារអេស៊ីលីដាដែលថាមានកំណត់ចំនួន។តែធនាគារអេស៊ីលីដាបានបញ្ជាក់ថា៖មិនមានការកំណត់ចំនួនពីការទិញភាគហ៊ុននោះឡើយ។ មានន័យថាសាធារណជនអាចទិញបានទៅតាមលទ្ធភាពរបស់ខ្លួន គឺទិញប៉ុន្មានក៏បានឱ្យតែមានលុយ ៕S/