ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោកស៊ិកប៊ុនហុកប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានបញ្ជាក់ថាដើម្បីឱ្យប្រព័ន្ធនៃការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាកាន់តែទទួលបានភាពជឿជាក់និងមានការគាំទ្រមកលើស្ថាប័នគ.ជ.បកាន់តែខ្លាំងថែមទៀត។
គ.ជ.បបានរៀបចំផែនការកំណែទម្រង់ការបោះឆ្នោតតាមប្រព័ន្ធបច្ចេកវិទ្យាទំនើបដើម្បីធានាបាននូវប្រសិទ្ធភាពនិងគុណភាពបញ្ជីបោះឆ្នោតការចុះបញ្ជីគណបក្សនយោបាយការប្រកាសលទ្ធផលនៃការបោះឆ្នោត។ការថ្លែងបញ្ជាក់នេះក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពមន្ត្រីរាជការគ.ជ.បនៅវិទ្យាស្ថានជាតិអប់រំកាលពីរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០។
លោកបានបន្តថាការកែទម្រង់ទាំងនោះមានគោលដៅនិងចក្ខុវិស័យដូចខាងក្រោម៖១.អំពីការចុះឈ្មោះបោះឆ្នោតនិងការរៀបចំបញ្ជីបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រៈចាប់ពីឆ្នាំ២០១៦មកគ.ជ.បបានដាក់ឱ្យអនុវត្តការចុះឈ្មោះបោះឆ្នោត។រៀបចំបញ្ជីបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រដែលជាប្រព័ន្ធទំនើប ហើយកម្មវិធីនេះទទួលបានតម្លាភាពប្រសិទ្ធភាពនិងមានផលវិជ្ជមានដូចខាងក្រោម៖
ការធានានូវការដៅសម្គាល់អត្តសញ្ញាណរបស់អ្នកបោះឆ្នោតដែលមានតែមួយគត់ក្នុងបញ្ជីបោះឆ្នោតតាមរយៈការរក្សាទុកស្នាមខ្ចៅដៃរូបថតលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងអត្តលេខរបស់សាមីខ្លួនក្នុងប្រព័ន្ធកុំព្យូទ័រនិងបញ្ជីបោះឆ្នោត។ធានាថាអ្នកបោះឆ្នោតម្នាក់ៗមានឈ្មោះតែមួយគត់នៅក្នុងបញ្ជីបោះឆ្នោត។ ធានាថា គុណភាពនៃបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងបច្ចុប្បន្នភាព។
ងាយក្នុងការស្វែងរកឈ្មោះ ទិន្នន័យ និងទីតាំងការិយាល័យរបស់អ្នកបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ គេហទំព័រ គ.ជ.ប ឬទូរស័ព្ទដៃ (Mobile App)។ ធ្វើឱ្យកាន់តែមានជំនឿទុកចិត្តលើប្រព័ន្ធបោះឆ្នោត និងលើគ.ជ.ប។២.ការចុះបញ្ជីគណបក្សនយោបាយនិងបេក្ខជនឈរឈ្មោះបោះឆ្នោតៈតាមការអនុវត្តកងន្លងមកការចុះបញ្ជីគណបក្សនយោបាយនិងបេក្ខជនឈរឈ្មោះបោះឆ្នោតបានចុះដោយដៃគ្មានប្រព័ន្ធត្រួតពិនិត្យត្រឹមត្រូវធ្វើឱ្យគ.ជ.បជួបប្រទះបញ្ហាប្រឈមជាច្រើនហេតុ។ដូច្នេះហើយសម្រាប់ការបោះឆ្នោតនៅពេលខាងមុខគ.ជ.បនឹងរៀបចំឱ្យមានការចុះបញ្ជីគណបក្សនយោបាយតាមប្រព័ន្ធអនឡាញ។ កម្មវិធីនឹងទទួលបានផលវិជ្ជមានដូចខាងក្រោម៖
ចំណេញពេលវេលាទាំងគណបក្សនបាយ និងមន្ត្រីរៀបចំការបោះឆ្នោត។ ងាយស្រួលក្នុងការពិនិត្យ ផ្ទៀងផ្ទាត់និងការគ្រប់គ្រងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ធានាថាឈ្មោះនិងទិន្នន័យរបស់បេក្ខជនពិតជាត្រឹមត្រូវ ដោយសារឈ្មោះនិងទិន្នន័យទាំងនោះត្រូវបានផ្ទេរចេញពីបញ្ជីបោះឆ្នោតផ្លូវការរបស់ គ.ជ.ប។ធានាថាបេក្ខជនម្នាក់ៗមិនអាចឈរឈ្មោះលើសពីមួយមណ្ឌលបោះឆ្នោត។
ធានាថាបេក្ខជនម្នាក់ៗមិនអាចឈរឈ្មោះជាបេក្ខជនឱ្យគណបក្សនយោបាយលើសពីមួយ។ធានាថាបេក្ខជនឈរឈ្មោះបោះឆ្នោតបំពេញគ្រប់លក្ខខណ្ឌដែលច្បាប់បានកំណត់សម្រាប់ឈរឈ្មោះបោះឆ្នោតជាដើម។៣.ការបោះឆ្នោតការរាប់ការសន្លឹកឆ្នោតនិងការប្រកាសលទ្ធផលនៃការបោះឆ្នោតៈក្នុងការធ្វើទំនើបកម្មនៃដំណើរការរៀបចំការបោះឆ្នោត គ.ជ.ប។
ពង្រឹងវិសាលភាពមុខងារនៃកម្មវិធីបញ្ចូលបញ្ជូនត្រួតពិនិត្យនិងផ្សព្វផ្សាយលទ្ធផលបោះឆ្នោតបឋមតាមប្រព័ន្ធកុំព្យូទ័រទៅជាកម្មវិធីត្រួតពិនិត្យផ្ទៀងផ្ទាត់និងបូកសរុបលទ្ធផលនៃការបោះឆ្នោតតាមប្រព័ន្ធតែមួយដោយក្តោបយកទាំងលទ្ធផលបឋមដែលត្រូវប្រកាសផ្សាយនៅថ្ងៃបោះឆ្នោតទាំងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត។
គោលការខាងលើនេះនឹងទទួលបានផលវិជ្ជមានជាអាទិ៍៖ការចេញឯកសារសម្រាប់បម្រើឱ្យការបោះឆ្នោតជូនដល់អ្នកបោះឆ្នោតដែលបានបាត់ឬខូចហើយមិនទាន់បានទទួលធ្វើថ្មីជំនួសដោយប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីដែលបានប្រើនាពេលចុះឈ្មោះបោះឆ្នោតហើយបានរក្សាទុកក្នុងទិន្នន័យគ.ជ.បស្រាប់។រាល់ការកែតម្រូវទិន្នន័យមានរក្សាទុកជាឯកសារកាលប្បវត្តិដោយស្វ័យប្រវត្តិ។ ការផ្សព្វផ្សាយលទ្ធផលបោះឆ្នោតមានភាពទូលំទូលាយ ទាន់ពេលវេលា នៅលើគេហទំព័រផ្លូវការ គ.ជ.ប ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងបណ្តាញសង្គមនានាដែលត្រូវបានអនុញ្ញាតដោយ គ.ជ.ប ។
កាត់បន្ថយបណ្តឹងច្រើនដែលអាចកើតមានឡើងជាដើម។វគ្គបណ្តុះបណ្តាលនេះដែរក៏បានពង្រឹងសមត្ថភាព ការងាររដ្ឋបាល ការគ្រប់គ្រងអង្គភាព និងប្រព័ន្ធរដ្ឋបាល ដោយផ្តោតទៅលើការគ្រប់គ្រងដឹកនាំ ត្រួតពិនិត្យ និងចាត់ចែងប្រើប្រាស់ធនធានមនុស្ស សម្ភារ ទ្រព្យសម្បត្តិ ឯកសារ ។របៀបរបបការងារ ចរន្តការងារវិជ្ជាជីវៈតាមបទពិសោធន៍និងតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីធ្វើឱ្យមានភាពសុខដុមរមនានៃមនុស្ស ។
ប្រព័ន្ធឱ្យប្រព្រឹត្តទៅបានល្អប្រសើរស៊ីសង្វាក់គ្នាឆ្ពោះទៅរកការអភិវឌ្ឍប្រសើរជាងមុនស្របតាមបរិបទនៃការរីកចម្រើននវានុវត្តន៍របស់ស្ថាប័នឆ្លើយតបនឹងបរិបទនៃការកែទម្រង់រដ្ឋបាលសាធារណៈនិងកំណែទម្រង់ការបោះឆ្នោត។មិនតែប៉ុណ្ណោះវគ្គបណ្តុះបណ្តាលនេះក៏បានពង្រឹងសមត្ថភាពការងារប្រតិបត្តិការការងារគ្រប់គ្រងទិន្នន័យនិងបញ្ជីបោះឆ្នោតការងារហិរញ្ញវត្ថុការងារសវនកម្មការងារអង្គភាពលទ្ធកម្ម និងការងារលេខាធិការដ្ឋាននៃអគ្គលេខាធិការ គ.ជ.ប ផងដែរ។
ឆ្លៀតក្នុងឱកាសនេះដែរប្រធានគ.ជ.បក៏បានចូលរួមអបអរសារទរក្នុងខួបលើទី១០៩នៃទិវាអន្តរជាតិនារី៨មីនាឆ្នាំ២០២០ដោយភ្ជាប់ទិវានេះថាគឺជាព្រឹត្តិការណ៍សកលដែលមហាសន្និបាតអង្គការសហប្រជាជាតិបានប្រកាសជាថ្ងៃអង្គការសហប្រជាជាតិស្តីពីសិទ្ធិស្ត្រី និងសន្តិភាពពិភពលោក នាឆ្នាំ១៩៧៧។ កម្ពុជាតែងតែប្រារព្ធទិវានេះជារៀងរាល់ឆ្នាំហើយគ.ជ.បក្នុងក្របខណ្ឌទិវានារី៨មីនាគឺត្រូវធានាឱ្យខាងតែបាននូវសិទ្ធិមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងសិទ្ធិបោះឆ្នោតរបស់ស្ត្រី៕S/
រូបថតលោកស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត