ដោយ៖វណ្ណៈ/ព្រះសីហនុ៖ជនសង្ស័យម្នាក់ដែលសម្លាប់កូនដៃទូកនិងតៃកុងនៅលើដែនសមុទ្រក្រុងព្រះសីហនុសមត្ថកិច្ចចាប់បានហើយជនសង្ស័យរត់គេចខ្លួនទៅសំងំនៅខេត្តព្រៃវែង។ការចាប់ខ្លួននេះសមត្ថកិច្ចធ្វើឡើងកាលពីថ្ងៃទី៧ខែមីនាឆ្នាំ២០២០ដោយសហការរវាងកម្លាំងនគរបាលខេត្ដព្រះសីហនុនិងកម្លាំងនគរបាលខេត្ដព្រៃវែង។ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធីពីលោកសៀងសុខព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ ផងដែរ។
ជនសង្ស័យឈ្មោះធីវណ្ណៈហៅណាក់ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរមានស្រុកកំណើតភូមិត្រពាំងចាមឃុំពោធិ៍ស្រុកស៊ីធរកណ្ដាលខេត្ដព្រៃវែង។អំពីរឿងហេតុ៖កាលថ្ងៃទី១ខែមីនាឆ្នាំ២០២០ ជនសង្ស័យ និងជនរងគ្រោះ២នាក់(សាកសព)សរុប៣នាក់បានចេញទៅនេសាទត្រីនៅចំណុចកោះថាសស្ថិតក្នុងទឹកដីក្រុងកោះរ៉ុង ។
នៅថ្ងៃទី៣ខែមីនាឆ្នាំ២០២០វេលាម៉ោង៩:៣០នាទីព្រឹកបានប្រទះឃើញសាកសពអណ្តែតលើផ្ទៃសមុទ្រ ឈ្មោះ ប៊ុន បូរ៉ា ភេទប្រុស ឆ្នាំកំណើត១៩៨២ ជនជាតិខ្មែរ ជាកូនដៃទូក មានស្រុកកំណើ់ត ភូមិ-ឃុំ ជាមួយនឹងជនសង្ស័យ។នៅថ្ងៃទី៤ខែមីនាឆ្នាំ២០២០វេលាម៉ោង១០:០០នាទីព្រឹកបានប្រទះឃើញសាកសពអណ្តែតលើផ្ទៃសមុទ្រ ឈ្មោះ ហែម ពឿន ភេទប្រុស ឆ្នាំកំណើត១៩៩៤ ជនជាតិខ្មែរ ជាតៃកុងទូក មានស្រុកកំណើត ភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្ដកំពត ។
ឆ្លងតាមការពិនិត្យនិងធ្វើកោសល្យវិច័យជុំវិញករណីសាកសពទាំងពីរនាក់នេះសមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្ដ្រនៃស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុអាចធ្វើការសន្និដ្ឋានថាគឺជាករណីឃាតកម្ម ដែលប្រព្រឹត្ដនៅលើផ្ទៃសមុទ្រ ស្ថិតក្នុងតំបន់កោះថាស ដែនទឹកនៃខេត្ដព្រះសីហនុ កាលពីថ្ងៃទី ១ខែមីនាឆ្នាំ២០២០ ពិតប្រាកដមែន ។
តាមចម្លើយសារភាពរបស់ឈ្មោះ ធី វណ្ណៈបានឱ្យដឹងថា៖មូលហេតុបណ្តាលមកពី គឺនៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល១១:៣០នាទីជនសង្ស័យបានប្រើប្រាស់នូវសារធាតុញៀនហួសកម្រិត។ក្រោយពេលអូសមងបានពីរដៃជនសង្ស័យបានយកញញួរវាយទៅលើតៃកុងទូកចំនួន២ញញួរនិងរុញទម្លាក់ទឹកដោយសារខ្លួនភ័យខ្លាចកូនដៃទូកម្នាក់ដែលនៅសល់។ក៏ជាអ្នកភូមិនឹងគ្នារាយការណ៍ជូនសមត្ថកិច្ច ខ្លួនក៏យកកាំបិតកាប់ទៅលើកូនដៃទូក ឈ្មោះ ប៊ុន បូរ៉ា ត្រូវសៀតថ្កា១កាំបិត រួចរុញទម្លាក់ទឹកទៀត ។
ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានបើកទូកមកចតនៅផែរ៉ូយ៉ាល់ស្ថិតក្នុងភូមិ៣សង្កាត់លេខ១ ក្រុង/ខេត្ដព្រះសីហនុរួចរត់គេចខ្លួនតែម្ដង។បច្ចុប្បន្នជនសង្ស័យត្រូវបានប្រគល់មកសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចាត់ការបន្តតាមនីតិវិធីនិងធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ដព្រះសីហនុ ចាត់ការតាមផ្លូវច្បាប់ ៕S/