“​រថភ្លើង​កូរ៉េខាងជើង​” នៅក្នុង​ទីក្រុង​ប៉េកាំង នាំឱ្យ​ផ្អើល​ពាក្យ​ចចាមអារ៉ាម​ថា គីម ជុង​អ៊ុន មក​ធ្វើ​ទស្សនកិច្ច​នៅ​ចិន​

1179
ចែករម្លែក

​រថភ្លើង​មួយ ដែល​គេ​ជឿថា​ដឹក​ក្រុមមន្ត្រី​ជាន់ខ្ពស់​កូរ៉េខាងជើង បានមក​ដល់ទី​ក្រុង​ប៉េកាំង​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ជប៉ុន​។

​កាសែត Bloomberg និយាយថា ភ្ញៀវ​រូបនោះ គឺជា​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ខ្លួន​គាត់​ផ្ទាល់ ដោយ​សម្អាង​លើ​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ចំនួន ៣​។​

​ចិន​គឺជា​សម្ព័ន្ធមិត្ត​សំខាន់​តែមួយគត់​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ប៉ុន្តែ​ទំនាក់ទំនង​មាន​ភាព​រកាំរកូស​ខ្លះ ដោយ​សារភាព​តានតឹង​ជុំវិញ​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។

​គីម ជុង​អ៊ុន មិនដែល​ចាកចេញ​ពី​កូរ៉េខាងជើង​នោះឡើយ ចាប់តាំងពី​ឡើងកាន់​អំណាច​កាលពី ៧ ឆ្នាំមុន​។

​ពុំមាន​អត្ថាធិប្បាយ​ផ្លូវការ​ណាមួយ​ទេ​អំពី​របាយការណ៍​ខាងលើ ដែល​មិនមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​ឬ​រដ្ឋ​កូរ៉េខាងជើង​ផ្សាយ​នោះទេ​។ ប៉ុន្តែ ប្រសិនបើ​ទស្សនកិច្ច​ពិតជា​កំពុង​កើតឡើង​មែន​នោះ វា​អាចជា​សញ្ញា​នៃ​ការវិវឌ្ឍ​ផ្នែក​ការទូត​ដ៏​សំខាន់​។

​អ្នកនាំពាក្យ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​និយាយ​កាលពី​ថ្ងៃ​ចន្ទ ទី​២៦ មីនា​ថា “​រដ្ឋាភិបាល​កំពុង​ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​បណ្តា​ប្រទេសជិតខាង និង កំពុង​ត្រួត​ពិនិត្យមើល​ស្ថានការណ៍​”​។

​វីដេអូ​នៃ​រថភ្លើង​នេះ ដែល​បានមកពី​ទូរទស្សន៍ Nippon News Network ក្នុង​ក្រុង​តូ​ក្យូ បានបង្ហាញ​បា​រ៉ុង​រថភ្លើង​ពណ៌​បៃតង ជាមួយ​ស្នាម​ឆ្នូត​ពណ៌​លឿង​។ ទូរទស្សន៍​នេះ​និយាយថា រថភ្លើង​នេះ​គឺ​ដូចគ្នា​ទៅនឹង​រថភ្លើង ដែល​ប្រើប្រាស់​ដោយ​ឪពុក​គីម ជុង​អ៊ុន គឺ លោក គីម ជុងអ៊ីល នៅពេល​គាត់​ធ្វើ​ទស្សនកិច្ច​នៅ​ប៉េកាំង​ក្នុង​ឆ្នាំ ២០១១​។

​អ្នកគ្រប់គ្រង​ហាង​មួយ​នៅ​ស្ថានីយ៍​រថភ្លើង​មួយ​ក្រៅ​ទីក្រុង​ប៉េកាំង និយាយថា គាត់​បានឃើញ​ទិដ្ឋភាព “​ខុសពី​ធម្មតា​” កាលពី​រសៀល​ថ្ងៃ​ចន្ទ​។

​គាត់​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ថា “​មាន​ប៉ូលិស​ច្រើន​នៅ​ខាងក្រៅ​និង​តាម​ដងផ្លូវ​នៅមុខ​ស្ថានីយ៍​រថភ្លើង​។ ស្ថានីយ៍​ត្រូវបាន​បិទ​នៅ​ខាងក្នុង​”​។​

​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​បានឱ្យដឹងថា ប៉ូលិស​ក៏បាន​ប្រាប់​ឱ្យ​ពួក​អ្នកទេសចរ​ចាកចេញ​ពី​ទីលាន​ធៀន​អាន​មេន​ផងដែរ ដែលជា​ធម្មតា​ជាស​ញ្ញាណ​មួយ​ប្រាប់ថា មាន​កិច្ចប្រជុំ​ថ្នាក់​កំពូល​នៅ​ខាងក្នុង​សាល​ប្រជាជន​ចិន នៅ​ទីនោះ​។

​រ៉​យ​ទ័​រ និយាយថា ក្បួន​ម៉ូតូ​ជាមួយ​ប៉ូលិស​អមដំណើរ​ត្រូវគេ​ប្រទះឃើញ​បើក​ចេញពី​សាល​ប្រជាជន​ចិន​៕ ដោយ៖ កញ្ញាដាលីស

រថភ្លើង​កូរ៉េខាងជើង​កំពុង​ស្ថិតនៅ​ទីក្រុង​ប៉េកាំង

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ