កូរ៉េខាងជើងបានបាញ់វត្ថុផ្លោងយ៉ាងតិចចំនួន៣ចូលក្នុងសមុទ្រជប៉ុន នេះបើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍កាលពីថ្ងៃចន្ទទី០៩មីនាដោយយោងតាមប្រភពព័ត៌មានពីនាយសេនាធិការចម្រុះកូរ៉េ។
យោងតាមនាយសេនាធិការចម្រុះ វត្ថុផ្លោងនេះត្រូវបានបាញ់ចេញពីទីប្រជុំជនសុនដុកនៃខេត្តហាំយ៉ុងខាងជើង។
នាយសេនាធិការចម្រុះកូរ៉េ បាននិយាយថា យោធាកូរ៉េខាងត្បូងបានតាមដាននិងរក្សាការប្រុងប្រយ័ត្ន តែមិនបានបញ្ជាក់លម្អិតអំពីប្រភេទនៃវត្ថុផ្លោងនោះ ចម្ងាយហោះនិងរយៈកម្ពស់របស់វាទេ។
ក្នុងពេលជាមួយគ្នា ទីភ្នាក់ងារសារព័ត៌មានក្យូដូបានរាយការណ៍ថា ជប៉ុនសង្ស័យថាវត្ថុផ្លោងដែលត្រូវកូរ៉េខាងជើងបាញ់នោះជាកាំជ្រួចផ្លោង តែ«កាំជ្រួចនេះមិនបានហោះដល់តំបន់សេដ្ឋកិច្ចពិសេសជប៉ុនទេ»។
កាលពីមួយសប្តាហ៍មុន កូរ៉េខាងជើងបានបាញ់វត្ថុផ្លោង២ចូលក្នុងសមុទ្រជប៉ុន។វាហោះបានចម្ងាយ២៤០គីឡូម៉ែត្រ នៅកម្ពស់៣៥គីឡូម៉ែត្រនិងជាការសាកល្បងកាំជ្រួចលើកដំបូងប្រចាំឆ្នាំ២០២០របស់កូរ៉េខាងជើង តែទោះជាយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយប្រទេសនេះអះអាងថាវាជាការសាកល្បងកាំភ្លើងធំចម្ងាយឆ្ងាយទេ៕ប្រែសម្រួល៖វាសនា/Ha
វាជាលើកទី២ក្នុងរយៈពេលមួយសប្តាហ៍នេះដែលកូរ៉េខាងជើងបាញ់វត្ថុផ្លោងចូលក្នុងសមុទ្រជប៉ុន