ក្រោយផ្ទុះជម្លោះជាមួយនឹងប្រជាពលរដ្ឋ ក្រុមគ្រួសារ លោក ព្រាប សុវត្ថិ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ បានធ្វើសន្នីសីទកាសែត ហើយបានបដិសេធនិងថ្លែងថា ក្រុមគ្រួសាររបស់លោកពិតជាមិនដឹងរឿងហេតុដែលបានបណ្តាលឲ្យផ្ទុះការតវ៉ានេះឡើង ។

លោក ព្រាប សុវត្ថិ បានបកស្រាយឱ្យដឹងថា ចំពោះរឿងនេះលោកពិតជាហួសចិត្តណាស់ ដែលមានប្រជាពលរដ្ឋក្នុងភូមិរបស់លោក នាំគ្នាតវ៉ា និងហៅអ្នកកាសែតផ្សាយចោទលើលោក។ លោកមានអារម្មណ៍ខូចចិត្តចំពោះរឿងនេះ ដែលអ្នកភូមិខ្លះសុទ្ធតែស្គាល់រាប់អានលោក ប៉ុន្តែមិនមកជួបនិយាយត្រង់ៗនិងដោះស្រាយតទល់ជាមួយគ្នា បែរជាទៅសម្ភាសន៍ ជាមួយសារព័ត៌មានចោទលើលោក។
លោកយល់ព្រមទទួលសំណើការតវ៉ារបស់អ្នកភូមិ ដោយទី១ លោកដកការដ្ឋានរោងឈើចេញពីផ្លូវក្នុងភូមិជាប់ដីឡូត៍របស់លោក ដែលកំពុងកសាងភោជនីយដ្ឋាន ទី២ គិតគូរការចតរថយន្តឱ្យមានរបៀបជាងមុន, ទី៣ បន្ថយការបើកនិងចតរថយន្តដែលរោទ៍សំឡេងម៉ាស៊ីនខ្លាំងៗ ហើយចំណុចចុងក្រោយរឿងព្រំដីឡូតិ៍របងរបស់លោក លោកទុកឱ្យផ្នែកច្បាប់ និងអាជ្ញាធរ ជាអ្នកដោះស្រាយ ព្រោះក្បាលដីរបស់លោកមានឯកសារបញ្ជាក់ត្រឹម បដិសេធចំពោះការរំលោភដីផ្លូវសាធារណៈ។

ជាមួយគ្នានោះ លោក ឆាយ វសនា នាយរដ្ឋបាលខណ្ឌសែនសុខ បានប្រាប់ថាលោកបានចុះជូបជាមួយលោក ព្រាប សុវត្ថិ និងប្រជាពលរដ្ឋក្នុងភូមិនេះ បានបញ្ចប់ការតវ៉ានេះ ដោយ លោក ព្រាប សុវត្ថិ ព្រមទទួលយកចំណុចនេះ កែសម្រួលទៅតាមសំណូមពររបស់ប្រជាពលរដ្ឋក្នុងភូមិ ដើម្បីបំបាត់ការភាន់ច្រឡំ។ លោកក៏សូមឱ្យមហាជន ដឹងនិងទទួលយកថា ចំពោះករណីនេះ ជារឿងយល់ច្រឡំលើគ្នា ហើយប្រជាពលរដ្ឋក្នុងភូមិក៏ធ្វើការសុំទោសវិញ ក្រោយមានមតិពីអ្នកលេងហ្វេសប៊ុកនិងមហាជនចោទលើលោក ព្រាប សុវត្ថិ ដែលជាតារា ចម្រៀងល្បីជាអ្នកបំពានច្បាប់។ ជារឿងយល់ច្រឡំ ដោយសារតែលោក ព្រាប សុវត្ថិ កំពុងសាងសង់ភោជនីយដ្ឋាននៅដីឡូត៍ក្បែរផ្ទះរបស់លោក ដោយដីផ្លូវខាងក្រោយផ្ទះដាក់រោងឈើបន្តិច ហើយលោកក៏ដកចេញរៀបចំឡើងវិញហើយ។ ទាំងការចតនិងបើករថយន្តចេញចូល ក៏លោកព្រមសម្របសម្រួលកែប្រែដែរ។

លោក ឆាយ វសនា បានបញ្ជាក់ថា លោកក៏សំណូមពរផងដែរថា មុននឹងបង្ហោះឬឡាយវិឌីអូអ្វីមួយទាក់ទិននឹងបញ្ហាក្នុងភូមិរបស់ខ្លួននោះ សូមមេត្តាជូនដំណឹង និង ហៅអាជ្ញាធរចូលរួមឬប្រាប់ ដើម្បីជៀសវាសការចោទប្រកាន់ខុសដាក់គ្នា និងបង្ករឿងគេរិះគន់ជេរប្រមាថតាមក្រោយដែលគ្មានមូលដ្ឋានហេតុផលច្បាស់លាស់។
សូមរំលឹកផងដែរថា ចំពោះករណីផ្ទុះការតវ៉ានេះគឺកើតឡើង កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្លូវលំក្រុម៣ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ៕ ដោយ: បូរិន/Ha



