ដោយៈ មេសា/ភ្នំពេញៈ គ្រឿងសម្អាងមួយចំនួនដែលកំពុងផ្សព្វផ្សាយលក់នៅលើហ្វេសប៊ុកឈ្មោះ CnC Beauty Shop ដូចជា ១. ELUJAI GERMANUM SET ២. CLLAGEN & Hyaluroric Acid, ៣. SUN Block Brightening UV Sun Block ៤. ANJO និង ផលិតផលគ្រឿងសម្អាងជាច្រើនទៀត គឺជាផលិតផលគ្មានចុះប្រវេទន៍ គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ និងគ្មានច្បាប់អនុញ្ញាតផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ។
ក្រសួងសុខាភិបាល បានបន្ថែមថា ដើម្បីចៀសវាងខាតបង់ប្រាក់ និងប៉ះពាល់ដល់សុខភាព ឬ អាចឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមជូនដំណឹងដល់សាធារណជន បញ្ឈប់ការប្រើប្រាស់ ផលិតផលខាងលើនេះជាបន្ទាន់ ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានប្រកាសបញ្ជាឱ្យម្ចាស់គណនីហ្វេសប៊ុកឈ្មោះ CnC Beauty Shop បញ្ឈប់ជាបន្ទាន់នូវការប្រកាសផ្សព្វផ្សាយលក់ ចែកចាយ ផលិតផលខាងលើនេះបន្តទៀត ហើយប្រមូលផលិតផលទាំងនេះមកវិញ ដើម្បីកម្ទេចចោល ហើយថាក្រសួងនឹងមានវិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់គណនី CnC Beauty Shop នេះតាមច្បាប់ជាធរមាន ។
សេចក្តីប្រកាសដដែលនេះ បានបន្ថែមថា ករណីបានឃើញអ្នកប្រើប្រាស់ លក់ ឬ ចែកចាយផលិតផលខាងលើនេះ សូមផ្តល់ព័ត៌មាន ឬ ត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បិរក្ខារពេទ្យ និង គ្រឿងសម្អាង តាមរយៈទូរស័ព្ទលេខ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤ ៕ Kh/Ha