ពេលនេះមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះសុវត្ថិភាពរបស់ជនជាតិអង់គ្លេស ១៤២ នាក់ជិះលើនាវាកម្សាន្តខ្នាតយក្ស Grand Princess បន្ទាប់ពីមនុស្ស ២១ នាក់លើនាវានោះ ត្រូវក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញឆ្លងវីរុសកូរ៉ូណា។
អនុប្រធានាធិបតី ម៉ៃ ផិនស៍ (Mike Pence) ទទួលបន្ទុកការឆ្លើយតបរបស់សហរដ្ឋអាម៉េរិក ទៅនឹងវិបត្តិវីរុសនេះបានលាតត្រដាងកាលពីថ្ងៃសុក្រ ទី៦ ខែ មីនាថា នាវិក ១៩ នាក់ និងអ្នកដំណើរ ២ នាក់ជិះលើនាវាកម្សាន្តនេះបានឆ្លងវីរុសកូរ៉ូណា។
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានលើកឡើងតាមក្រោយថា ពេលនេះ អ្នកដំណើរ និងនាវិកសរុបទាំង ៣.៥០០ នាក់អាចនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក ពីគេលើនាវាតែម្ដង ព្រោះធ្លាប់ខកខានមិនបានដាក់អ្នកដំណើរនិងនាវិកឱ្យនៅដាច់ដោយឡែក ពីគេលើនាវាកម្សាន្ត Diamond Princess កាលពីខែមុនដែលបានធ្វើឱ្យមនុស្ស ៧០០ នាក់ធ្លាក់ខ្លួនឈឺ និង ៦ នាក់បាត់បង់ជីវិតក្ដី។
អ្នកដំណើរដែលរងការភ័យតក់ស្លុតទើបតែដឹងថា នាវិក ១៩ នាក់ និងទេសចរ ២នាក់ដែលជិះលើនាវានេះឆ្លងវីរុសកូរ៉ូណា នៅពេលអនុប្រអធានា ធិបតី ម៉ៃ ផិនស៍ លាត ត្រដាងក្នុង សន្និសីទកាសែតនៅសេតវិមានកាលពីថ្ងៃសុក្រ ទី៦ ខែមីនា ប៉ុណ្ណោះ។
សូមបញ្ជាក់ថា នាវាកម្សាន្តនេះត្រូវបានឃាត់ទុកនៅមហាសមុទ្រ ប៉ាស៊ីហ្វិក ស្ថិតក្នុងរដ្ឋ កាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក រយៈពេល ២ ថ្ងៃ ហើយពេលនេះនឹងបន្តដំណើរឆ្ពោះទៅ ចូលចតនៅកំពង់ផែមួយដែលអ្នកដំណើរ និងនាវិកទាំងអស់នឹងត្រូវបញ្ជាឱ្យចុះពីនាវា ដើម្បីធ្វើតេស្តរកវីរុសកូរ៉ូណា៕ ប្រែសម្រួលៈ ខុម





